Thmey Thmey 25
ជន​ជនជាតិ​ព្នង ច្រឹប សយ ប្រើ​«​ចាប៉ី​ឃ្លោក​» ច្រៀង​បទ​«​អនុស្សាវរីយ៍​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» យ៉ាង​ពីរោះ​
5 ម៉ោង . មណ្ឌលគីរី

មណ្ឌល​គី​រី​៖ បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​អនុស្សាវរីយ៍​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» ត្រូវបាន​លោក ច្រឹប សយ យកមក​ច្រៀង​ជា​ភាសា​ព្នង ដោយ​អម​ជាមួយនឹង​ឧបករណ៍​ភ្លេង​«​គង​រ៉េ​ង​» ឬ​ហៅថា «​ចាប៉ី​ឃ្លោក​» ដើម្បី​កំដរ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅរ​ម្មណី​យ​ដ្ឋា​ន​ឧ​ស្យា​ន​ធម្មជាតិ​ប៊ូ​ស្រា នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។ បុរស​វ័យ​ចំណាស់ ច្រឹប ឈ​យ ជា​ជនជាតិ​ភាគ​ព្នង​ម្នាក់ រស់នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ចេះ​លេង​ឧបករណ៍​គង​រ៉េ​ង​និង​ច្រៀង​ចម្រៀង​ព្នង​យ៉ាង​ពីរោះ​នោះ ក៏​កំពុងតែ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្លួន ដែល​ប្រឈម​នឹង​បាត់បង់​នៅក្នុង​ទឹកដី​កំណើត​ផងដែរ​។​

សូម​អញ្ជើញ​ទស្សនា​លោក ច្រឹប សយ ជន​ជនជាតិដើម​ភាគតិច​ព្នង ប្រើ​គង​រ៉េ​ង ឬ ចាប៉ី​ឃ្លោក ច្រៀង​បទ «​អនុស្សាវរីយ៍​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» ដូចតទៅ​៖ 

«​គង​រ៉េ​ង​» ឬ​ហៅថា «​ចាប៉ី​ឃ្លោក​» គឺជា​ឧបករណ៍​ភ្លេង​មួយបែប​ដែល​ផលិត​ពី​ឬ​ស្សី​និង​ឃ្លោក ហើយ​មាន ខ្សែ​៦​។ ការផលិត​មាន​២​ប្រភេទ គឺ​ទី​១ វា​ត្រូវបាន​ផលិត​ពី​ឬ​ស្សី​ស្រុក ហើយ​ទី​២ វា​ត្រូវបាន​ផលិត​ពី ឬ​ស្សី​ពក​ប្រវែង ៥០​ស​.​ម និង​ខ្សែលួស​ប្រវែង ៤០​ស​.​ម និង​ត្រឡោក​ឃ្លោក​ទុំ​។ គង​រ៉េ​ង ក៏​អាច​ប្រគុំ​លាយ​គ្នា​ជាមួយ​ឧបករណ៍​រ៉ា​ណ​យ (​ខ្លុយ​) និង​ចម្រៀង តេត​តា​វេ​វ របស់​ជនជាតិដើម​ដែរ ប្រសិនបើ មាន​អ្នកលេង​និង​ច្រៀង​ជាមួយ​បាន​។ តាម​ទំនៀមទម្លាប់​ជនជាតិ​ព្នង គង​រ៉េ​ង ត្រូវបាន លេង​សម្រាប់​បំពេរ​កូនចៅ​មុន​ចូល​ដំណេក ឬ​នៅពេល​ទំនេរ​ពី​ការងារ ដើម្បី​ការកម្សាន្ត​អារម្មណ៍​លេង​,  ពេល​ចាំចម្ការ​, ទៅ​កម្សាន្ត​លេង​ក្នុងព្រៃ និង​សម្រាប់​និយាយ​ក្នុងន័យ​ជា​ពាក្យ​ប្រស្នា​អ្វីមួយ​ពេល ដែល​នៅក្នុង​កម្មវិធី​ពិសារ​ស្រា​៕


ដោយ៖ សែម វណ្ណា © រក្សាសិទ្ធិដោយ thmeythmey.com