Thmey Thmey 25
ក្នុង​ខែឧសភា ភ្ញៀវទេសចរ​ជិត ៥០០​នាក់ ទៅ​កម្សាន្ត​នៅ «​ខ្នង​ផ្សា​»
03/06/2020 7:00 am កំពង់ស្ពឺ «​ខ្នង​ផ្សា​» ជា​តំបន់​ទេសចរណ៍​ថ្មី​ដែល​កំពុងមាន​ការចាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ ពិសេស​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ធម្មជាតិ និង​មានបំណង​ចង់​ដើរ​ផ្សងព្រេង​។ តំបន់​ទេសចរណ៍ «​ខ្នង​ផ្សា​» ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តកោះកុង និង​ខេត្តកំពង់ស្ពឺ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់រយ​នាក់​ឲ្យ​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​។​

​លោក ជា យុ​ទ្ធា អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ «​ខ្នង​ផ្សា​» ក្លាយជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ ដោយសារ​តំបន់​នេះ​សម្បូរ​ដោយ​ទេសភាព​ស្អាត បៃតង អ្វីដែល​ពិសេស គឺអាច​ទស្សនា​ទិដ្ឋភាព​ជុំវិញ​ខ្លួនឯង ៣៦០​ដឺ​ក្រេ​។​



​បើតាម​លោក ជា យុ​ទ្ធា ខ្នង​ផ្សា​ជា​តំបន់​ទេសចរណ៍​ថ្មី​ក៏ពិតមែន ប៉ុន្តែ​មាន​ភ្ញៀវទេសចរ​ជាច្រើន​បានធ្វើ​ដំណើរ​កម្សាន្ត​។ លោក ជា យុ​ទ្ធា បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ក្នុង​ខែឧសភា មាន​ភ្ញៀវទេសចរ​ចំនួន ៤៨៨​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ១៩៦​នាក់ ភាគច្រើន​ជា​ភ្ញៀវ​ជាតិ ដែល​បាន​មកលេង​តំបន់​ទេសចរណ៍​ខ្នង​ផ្សា​»​។​

​ទន្ទឹមនឹង​ការ​សម្រុក​មក​កម្សាន្តរ​បស់​ភ្ញៀវទេសចរ​នៅ​តំបន់​ខ្នង​ផ្សា អាជ្ញាធរ​នៅ​តំបន់​នោះបាន​រៀបចំ​ជា​ក្រុម ដើម្បី​សម្អាត​បរិស្ថាន និង​មាន​អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ផងដែរ​។ អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​រូបនេះ រៀបរាប់ថា សម្រាប់​អ្នកមាន​បំណង​ចង់ទៅ​កម្សាន្ត​នៅ​តំបន់​នេះ​មិនចាំបាច់​ចំណាយ​ច្រើន​នោះទេ ដោយ​គ្រាន់តែ​ចំណាយ​លើ​ម​ធ្យា​បាយ​ធ្វើដំណើរ អាហារ និង​ចំណាយ ២០​ដុល្លារ​សម្រាប់​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ម្នាក់ បើសិនជា​ភ្ញៀវទេសចរ​ត្រូវការ​មាន​អ្នក​នាំ​ផ្លូវ​។​



​សូមបញ្ជាក់ថា ដើម្បី​បាន​ទៅដល់​តំបន់​ទេសចរណ៍​ខ្នង​ផ្សា ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​៤ ទៅកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ រួច​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង ១​គីឡូម៉ែត្រ បត់​ស្ដាំ​ប្រមាណ ១​គីឡូម៉ែត្រ រួច​បត់​ឆ្វេង​តាម​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឳ​រ៉ា​ល់​។ ត្រូវធ្វើ​ដំណើរ​បន្ត​តាម​ច្រក​ឳ​រ៉ា​ល់​ប្រហែល ៥០​គីឡូម៉ែត្រ ដល់​រង្វង់​មូល​ឳ​រ៉ា​ល់ រួច​បន្តដំណើរ​ទៅមុខ​តាម​ផ្លូវលំ​ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់ ទេ​ទឹក​ពុះ នឹង​ទៅដល់​ភូម​រលាក់​កងជើង ដែលជា​ភូមិ​របស់​តំបន់​ទេសចរណ៍​ខ្នង​ផ្សា​៕






ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com