Thmey Thmey 25
ព្រៃ​នៅ​សហគមន៍​ចង្ក្រាន​រយ មាន​សក្កា​នុព​ល​ខ្ពស់​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​
20/06/2020 5:00 pm សៀមរាប ​សៀមរាប​៖ តំបន់​ព្រៃឈើ​ចង្ក្រាន​រយ​ដែលមាន​ទំហំ​ជិត​១​ម៉ឺន​ហិកតា ស្ថិតនៅ​ក្នុងស្រុក​វ៉ារិន ខេត្តសៀមរាប ដែល​កំពុង​រង​នូវ​ការទន្ទ្រាន​ព្រៃឈើ​ពី​ជនខិលខូច​មួយចំនួន​នោះ ត្រូវបាន​ពលរដ្ឋ អាជ្ញាធរ និង​អង្គការ​ស៊ីវិល​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​អភិរក្ស​តំបន់​នេះ​ឡើង ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។  ព្រៃឈើ​នៅក្នុង​តំបន់​នេះ មាន​ពាក់កណ្តាល​ជា​ប្រភេទ​ព្រៃស្រោង  ដែល​អាចរួមចំណែក​បាន​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​គ្រោះរាំងស្ងួត​, ទឹកជំនន់ ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ទាំង​ពេល​ពេលបច្ចុប្បន្ន និង​អនាគត ។​



«​យើង​កាប់​ព្រៃ​ដើម្បី​យក​ផលប្រយោជន៍ គឺ​បាន​ប្រយោជន៍​តែម្តង​ទេ​»​។​នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឈឿន សុ​ឌី ប្រធាន​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ  ដែល​បាន​បន្ថែមថា ព្រៃឈើ​គឺអាច​ផ្តល់ប្រាក់​ចំណូល​ដល់​ពល​រដ្ឋ​ក្នុង​តំបន់​បាន​ច្រើន និង​មាន​ភាព​យូរអង្វែង តាមរយៈ​ការទទួល​អនុផល​ព្រៃឈើ​សម្រាប់​លក់ និង​តាមរយៈ​ការ​ប្រែក្លាយ​ព្រៃឈើ​នេះ ទៅជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​។

​អ្នកស្រី ឈឿ សុ​ឌី បាន​ពន្យល់​ដូច្នេះ​៖« បើ​យើង​កាប់​ព្រៃ យើង​កាប់​ហើយ​យក​ដី​ទៅ​ដាំ​ដំ​ឡូ​វ គឺ​យើង​ដាំ​ដំ​ឡូ​វ​បានតែ​៣​ឆ្នាំ​ទេ ដី​នោះ​នឹង​ត្រូវអស់​ជីវជាតិ ហើយ​[​តំបន់​]​យើង​ក៏​អត់​ទាក់ទាញ​ភ្ញៀវទេសចរ​បានដែរ​។ ដូច្នេះ​យើង​ទទួលបាន​ប្រយោជន៍​តែ​មួយដង​ទេពី​ការ​ព្រៃឈើ​»​។​

​ការថែរក្សា​ព្រៃឈើ​ក្រៅពី​ផ្តល់​ប្រាក់ចំណូល​មួយចំនួន​ដែល​អាចជួយ​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​តំបន់​ហើយ​នោះ ព្រៃឈើ​គឺមាន​ប្រយោជន៍​ជាច្រើន ក្នុងការ​ការពារ​លំនឹង​ធម្មជាតិ កុំ​ឱ្យមាន​ភ្លៀង​ខុសរដូវ​, ខ្យល់​កន្ត្រាក់​, ខ្យល់ព្យុះ ជួយ​រក្សា​ជីវជាតិ​ដី​ឱ្យ​បានល្អ​ជាដើម ដែលជា​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​បាន​យ៉ាងច្រើន​។

​លោក ឆឹង ស៊ុ​វិ​រិ​យ៉ា អ្នកសម្របសម្រួល​គោលនយោបាយ និង​បណ្តាញ​នៃ​អង្គការ NTFP-EP បាន​និយាយថា ព្រៃឈើ គឺជា​ផ្នែក​មួយ​សំខាន់ ក្នុងការ​កាត់បន្ថយ​ក៏ដូចជា​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការទទួលបាន​ការថែរក្សា​ពី​សហគមន៍​ព្រៃឈើ​។ លោក ឆឹង ស៊ុ​វិ​រិ​យ៉ា បាន​សង្កត់ធ្ងន់ថា សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​នេះ គឺមាន​សក្កា​នុព​ល​ខ្លាំង ក្នុងការ​កាត់បន្ថយ​ការប្រែប្រួល និង​ការ​បន្ស៊ាំ​ការប្រែប្រួល​អាកាសធាតុ ដោយ​ព្រៃឈើ​នៅក្នុង​តំបន់​នេះ មានលទ្ធភាព​ខ្ពស់​ក្នុងការ​ស្រូបយក​ឧស្ម័ន​កាបូ​និក​(CO2) និង​ឧស្ម័ន​ពុល​ផ្សេងៗ ដែល​បាន​ដើរតួនាទី និង​រួម​ជា​ចំណែក​ច្រើន​ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។​ព្រៃ​នៅក្នុង​តំបន់​សហគមន៍​ច​ង្រា្ក​ន​រយ​នេះ មាន​ភាគច្រើន​ឬ​ពាក់កណ្តាល​ជា​ប្រភេទ​ព្រៃស្រោង​(​ដើមឈើ​ធំៗ ខ្ពស់ៗ​)​។  

​លោក ស៊ុ​វិ​រិ​យ៉ា បន្ត​និ​យ​យា​ថា​៖«​ក្រុមការងារ​យើង ចាប់ផ្តើម​ធ្វើការ​ងារ​ជាមួយ​សហគមន៍​មូលដ្ឋាន ពង្រឹងសមត្ថភាព ការយល់ដឹង និង​ការយល់​របស់​ពួកគាត់​ដោយ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ពួកគាត់​អាច​ថែរក្សា​ព្រៃឈើ​ទំហំ​ជាង​១​ម៉ឺន​ហិកតា​នេះ សម្រាប់​ជា​ប្រយោជន៍​ប្រើប្រាស់​ក្នុង​តំបន់​របស់​ពួកគាត់​ផង និង​មួយផ្នែក​ទៀត គឺ​រួមចំណែក​ដល់​បរិស្ថាន ក្នុងការ​កាត់បន្ថយ ក៏ដូចជា​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​»​។
​កន្លងមក​អាជ្ញាធរ​ស្រុក​តែង​សហការ​ជាមួយ​សហគមន៍​ក្នុងការ​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ ពី​ការ​លួច​កាប់បំផ្លាញ និង​រាន​ដី​ធ្វើ​ចម្ការ ដោយ​អាជ្ញា​ធរមាន​ទាំង​ការអប់រំ​ណែនាំ និង​ចាត់វិធានការ​ច្បាប់​ផងដែរ​។ នេះ​ជា​ការលើក​របស់លោក ធិ​ន​នី វិ​ធូរ អភិបាលស្រុក​វ៉ារិន ខេត្តសៀមរាប  ដោយបាន​បន្តថា ព្រៃឈើ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។

​អភិ​ស្រុក​រ៉ា​រិ​ន​រូបនេះ បាន​និយាយ​ដូច្នេះ​៖«​បើ​យើង​មាន​ព្រៃឈើ នឹងធ្វើ​ឱ្យ​ទឹក​ក្រោម​ដី​របស់​យើង​មាននៅ​ច្រើន ហើយ​ការបំពុល​អាកាស​ខាងក្រៅ ក៏​យើង​អាចជួយ​ទៅក្នុង​ការងារ​នេះ បាន​ផងដែរ​។ មួយវិញទៀត ព្រៃឈើ គឺអាច​ទាក់ទាញ​ទឹកភ្លៀង​ឱ្យ​ស្រោចស្រព ក្នុង​តំបន់​ឱ្យបាន​ច្រើន​ដែល​ជួយ​រក្សាទុក​នៅក្រោម​ដី​»​។ លើសពីនេះ​ព្រៃឈើ គឺ​ជួយ​ទប់​ទល់នឹង​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់​ផ្សេងៗ​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​នោះ ដើម្បី​ការ​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ក្នុង​និង​ក្បែរៗ​តំបន់​នោះ​៕
ដោយ៖ អ៊ូ សុខ​មាន © រក្សាសិទ្ធិដោយ thmeythmey25.com