Thmey Thmey 25
ទៅ​ភ្នំ​គូលែន កុំ​រំលង «​ពើង​តា​ខុ​» ឬ «​ថ្ម​ជ្រួញ​»
24/06/2020 9:00 am សៀមរាប ​សៀមរាប​៖ «​ពើង​តា​ខុ​» ឬ «​ថ្ម​ជ្រួញ​» ជាទី​តាំង​មួយ ដែលមាន​ទេសភាព​ស្រស់ត្រកាល ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​មាន​អារម្មណ៍​ស្រស់ថ្លា ក្រោយ​គយគន់​សម្រស់​ព្រៃ​ព្រឹក្សា​ខៀវស្រងាត់​នៅលើ​ខ្នងភ្នំ​គូលែន​។ នៅ​ទីនោះ មាន​ផ្ទាំង​ថ្ម​ដ៏​ធំ​លយ​ចេញពី​ភ្នំ និង​ថ្ម​ជ្រួញ​យ៉ាង​ស្រស់ស្អាត អាច​ឲ្យ​ភ្ញៀវទេសចរ​ថតរូប​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​។​

​ក្នុង​ដំណើរ​កម្សាន្ត​ជាមួយ Cambodia Amazing Trip Planner កាលពី​ថ្ងៃទី​១២-១៤ មិថុនា​កន្លងទៅ ក្រុមការងារ​សារព័ត៌មាន Thmey Thmey25 បានធ្វើ​ដំណើរ​ទៅដល់​ទីតាំង «​ពើង​តា​ខុ​» ឬ «​ថ្ម​ជ្រួញ​»​។ «​ពើង​តា​ខុ​» ឬ «​ថ្ម​ជ្រួញ​» មាន​ទីតាំង​ស្ថិតនៅលើ​ខ្នងភ្នំ​គូលែន មាន​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ទីតាំង​បង់ប្រាក់ ដោយ​ភ្ញៀវទេសចរ​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង​តាម​ស្លាក បង្ហាញផ្លូវ​ប្រមាណ ៥០​ម៉ែត្រ​ប៉ុណ្ណោះ​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner ដូចតទៅ​៖ 
 

សម្រស់ «​ពើង​តា​ខុ​» ឬ «​ថ្ម​ជ្រួញ​» បាន​ទាក់ចិត្ត​លោក សា ឌី​ណា ឲ្យ​នាំ​ភ្ញៀវទេសចរ​មក​កម្សាន្ត និង​មក​ទស្សនា​ទេស​ភាពល្អ​ប្រណិត​នា​ទឹកដី​រាជធានី​បុរាណ​លើ​ខ្នងភ្នំ​គូលែន​។ លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រោយពី​បានមក​ស្រាវជ្រាវ និង​មក​កម្សាន្ត​នៅ​ទីតាំង​ដ៏​អស្ចារ្យ​នេះ បានធ្វើ​ឲ្យ​ក្រុមការងារ Cambodia Amazing Trip Planner ផលិត​ជា​វីដេអូ និង​រូបភាព​ផ្សព្វផ្សាយ​ពី​ទីតាំង​នេះ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់​»​។ 



​បើតាម​លោក សា ឌី​ណា ដើមឡើយ ទីតាំង​ពើង​តា​ខុ ជាទី​តាំង​ដែល​ប្រជាពលរដ្ឋ​រស់​នៅលើ​ភ្នំ​គូលែន តែងតែ​មក​យក​ឃ្មុំ ប៉ុន្តែ​ក្រោយមក​ទីតាំង​នេះ ជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​។ ចំពោះ​ទីតាំង​នេះ ភ្ញៀវទេសចរ នឹង​បានឃើញ ខ្នងង​ភ្នំ និង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។ 

​លោក សា ឌី​ណា ក៏​អំពាវនាវ​ដល់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​ទីតាំង​នេះ ចូលរួម​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការថតរូប​នៅ​ចុង​ថ្ម​លយ ដែល​អាច​បង្ក​គ្រោះជា​យថាហេតុ​។ បច្ចុប្បន្ន «​ពើង​តា​ខុ​» ឬ «​ថ្ម​ជ្រួញ​» ជាទី​តាំង​ដ៏​ពេញនិយម សម្រាប់​អ្នក​ចូលចិត្ត​ថតរូប​មកលេង​កម្សាន្ត​៕ 



ដោយ៖ ញឹក ស្រីល័ក្ខ © រក្សាសិទ្ធិដោយ thmeythmey25.com