Thmey Thmey 25
ផលិតផល​កសិកម្ម​១០​មុខ​ប្រមាណ ៤​លាន​តោន ត្រូវបាន​នាំចេញ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០
03/07/2020 10:00 am ភ្នំពេញ ​ក្រសួង​កសិក​ម្ម្  រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​របាយការណ៍​ស្ដីពី​បរិមាណ​នៃ​ការនាំចេញ​កសិផល​កសិក​ម្មរយៈ ៦​ខែ ឆ្នាំ​២០២០ មាន​សរុប​ប្រមាណ​៤​លាន​តោន​រួមមាន​ផលិតផល​ចំនួន ១០​មុខ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 

​តាម​របាយការណ៍​ដែល​ផ្សាយ​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ផលិតផល​កសិកម្ម​ទាំងនោះ​រួមមាន អង្ករ​សម្រេចបាន ៣៩៧ ៦៦០ តោន មាន​កំណើន ៤១,២៥​ភាគរយ ដែល​ធៀប​ទៅនឹង​រយៈ ៦​ខែ​ដើមឆ្នាំ​២០១៩​។ ដំណាំ​ស្រូវ​សម្រេចបាន ៩៨៣ ៥០៨ តោន ថយចុះ ៥១,៩០​ភាគរយ​។ គ្រប់​ស្វាយចន្ទី ១៩៣ ២១៣ តោន មាន​កំណើន ១៨,០៣​ភាគរយ​។ 

​ចេក​ស្រស់ ១៤០ ៥៦៦ តោន មាន​កំណើន ១៥០,៤២​ភាគរយ​។ ដំណាប់​ស្វាយ ៤ ២៧៦ តោន មាន​កំណើន ២២១,៩៦​ភាគរយ​។ ម្សៅដំឡូង​មី ១២ ០០២ តោន បាន​ថយចុះ ៥៣,៩៦​ភាគរយ​។ ស្វាយ​ស្រស់ ៤៦ ២០០ តោន មាន​កំណើន ៥៨,១៤​ភាគរយ​។ 

​ដោយឡែក​ម្រេច មាន​ចំនួន ២ ៧៩៦ តោន មាន​កំណើន ១៨,៧៥​ភាគរយ​។ និង ម្ទេស​ស្រស់ ៣៥ ៣៧៧ តោន មាន​កំណើន ១៧៣,០៨​ភាគរយ និង​ម្ទេស​ក្រៀម ១ ២០០ តោន​ស្មើនឹង​ឆ្នាំ ២០១៩​។​

​ផលិតផល​កសិកម្ម​ទាំង ១០​ខាងលើ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​ប្រមាណ ២០​ប្រទេស​ដូចជា វៀតណាម​, ជប៉ុន​, រុស្សី​, ចិន​, ហុងកុង​, បារាំង​, ថៃ​,​ឥណ្ឌា​, ចិន​, បែលហ្ស៊ិក​,​អ៊ីតាលី​,​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក​,​បេឡា​រុស​,​សាធារណរដ្ឋ​ឆេ​ក​, នូ​វែ​ល​សេ​ឡង់ ,​អូស្ត្រាលី​,​ហូ​ឡង់​,​ស្វី​ស​,​អង់គ្លេស​,​និង​អាល្លឺម៉ង់​។ 

​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅកាន់​បរទេស​ប្រមាណ ៣០​ប្រទេស បាន​នាំចេញ​កសិផល​សំខាន់ៗ ប្រមាណ​ជាង ៦​លាន​តោន​៕
ដោយ៖ ខន ណា​រី © រក្សាសិទ្ធិដោយ thmeythmey25.com