Thmey Thmey 25
ក្រោយ​ល្បី​តៗ​គ្នា «ខ្នង​ផ្សា» ​មាន​អ្នក​ទៅលេង​ជិត​ ៣​ពាន់​នាក់ ​ក្នុង​រយៈពេល​៦​ខែ​កន្លងមក​
04/07/2020 9:00 am កំពង់ស្ពឺ ​ចាប់ពី​ខែ មករា ដល់ ខែ មិថុនា ឆ្នាំ​២០២០ ចំនួន​អ្នកទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង  «​ខ្នង​ផ្សា​» មាន​ចំនួន​ពី ២ ០០០ នាក់ ទៅ ៣ ០០០ នាក់ ដោយឡែក​សម្រាប់​មួយខែ​មិថុនា​ពេញ​នេះ មាន​ភ្ញៀវទេសចរ​ប្រមាណ ១ ០០០​នាក់​។ នេះ​បើតាម​លោក ជា យុ​ទ្ធា អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​។​

​លោក ជា យុ​ទ្ធា អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា ដោយសារ​ចំនួន​អ្នកទេសចរ​មានការ​កើនឡើង បញ្ហា​បរិស្ថាន​ជាការ​ងារ​ចម្បង​ដែល​ឧ​ទ្យា​នុ​រក្ស​ត្រូវ​ទទួលខុសត្រូវ​។ 

​លោក​បាន​បញ្ជាក់ថា ដើម្បី​ជា​ដំណោះស្រាយ ឧទ្យាន​ជាតិ​កំពុង​រៀបចំ​បង្កើន​ឲ្យ​មានការ​ទុកដាក់​សំរាម​ឲ្យ​បាន​ខ្ពស់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​តម្រូវ​ឲ្យ​អ្នកទេសចរ​ម្នាក់​ត្រូវ​បង់ប្រាក់​ចំនួន ៤ ០០០​រៀល​ក្នុង​ការឡើង​ភ្នំ​ម្ដង ក្នុងនោះ​ចំពោះ​កុមារ និង​ព្រះសង្ឃ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះទេ​។ អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​រូបនេះ បន្ថែមថា ថវិកា​ដែល​ប្រមូលបាន​ពី​អ្នកទេសចរ សម្រាប់​ចំណាយ​ក្នុង​សហគមន៍ ដើម្បី​ប្រមូល​សំរាម​ពីលើ​ភ្នំ​ខ្នង​ផ្សា​។​


រូបភាពពី​លោក ឈន សុផុន

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ស្ពាយ​ឥ​វ៉ាន់​អ្នកទេសចរ​ឡើង​ភ្នំ លោក​អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា មាន​ប្រជាជន​ចំនួន ២​ភូមិ ស្នើ​នឹង​ប្រមាណ ៣០០ គ្រួសារ (​ដែលជា​បុរស​) អាច​ឆ្លៀត​ពេលទំនេរ​ពី​របរ​កសិកម្ម​របស់​គាត់ ដើម្បី​រក​ចំណូល​បន្ថែម​ពី​ការ​ជញ្ជូន​ឥ​វ៉ាន់​ឡើង​ភ្នំ​ខ្នង​ផ្សា ក្នុងនោះ​គាត់​ទទួលបាន​ថវិកា ៥ ០០០​រៀល​ក្នុង​មួយ​គីឡូ ហើយ​ជា​មធ្យម​ម្នាក់​ទទួលបាន​ឥ​វ៉ាន់​ពី ៤០​គីឡូក្រាម ទៅ ៥០​គីឡូក្រាម​។​

​សូមបញ្ជាក់ថា ភ្នំ​ខ្នង​ផ្សា​មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង ដើម្បី​ទៅដល់​ខ្នង​ផ្សា ភ្ញៀវទេសចរ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ទៅកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ រួច​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង ១​គីឡូម៉ែត្រ​បត់​ស្តាំ ប្រមាណ​១​គីឡូ នឹង​ឃើញ​ផ្លូវបត់​ឆ្វេង មាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឱ​រ៉ា​ល់​។ 


រូបភាពពី​លោក ឈន សុផុន

​លោក​-​អ្នក ត្រូវធ្វើ​ដំណើរ​បត់​ចូល​តាម​ច្រក​ឱ​រ៉ា​ល់ ប្រហែល ៥០​គីឡូម៉ែត្រ នឹង​ដល់​រង្វង់​មូល​ឱ​រ៉ា​ល់ រួច​បន្តដំណើរ​ទៅមុខ តាម​ផ្លូវលំ​ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់ ទេ​ទឹក​ពុះ នឹង​ទៅដល់​ភូមិ​រលាក់​កងជើង ដែលជា​ភូមិ​នៃ​ភ្នំ​ខ្នង​ផ្សា​៕


រូបភាពពី​លោក ឈន សុផុន
ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com