Thmey Thmey 25
អ្នក​ខេត្តព្រៃវែង​ម្នាក់ ​យក​កាកសំណល់​ពី​មាន់​ទៅ​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង​បន្ថែមទៀត
06/07/2020 12:00 pm ព្រៃវែង ​ខេត្តព្រៃវែង​៖ លោក ស៊ា​ង ឈឿន ជា​កសិករ​មួយរូប​ដែល​ស្ថិតនៅក្នុង ភូមិ​ព្រែក​ភ្នៅ ឃុំ​ព្រែក​ភ្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​កែប្រែ​កាកសំណល់​ពី​ការចិញ្ចឹម​មាន់ យកមក​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង ដើម្បី​ទទួលបាន​ផល​វិលជុំ​។​

​លោក ស៊ា​ង ឈឿន កាលពីមុន​គ្រាន់តែ​ចិញ្ចឹម​មាន់ និង​បង្កាត់​ពូជ​មាន់​តាមរបៀប​គ្រួសារ បន្ទាប់ពី​លោក​បានឃើញ​កាកសំណល់​របស់​សត្វ​មាន់ ដែលជា​ពងមាន់​ខូចៗ​មាន​ច្រើន​ហើយ​លោក​មិន​ចង់​បោះ​វា​ចោល លោក​ក៏មាន​គំនិត​បង្កើត​ជាកា​រ​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង​ឡើង «​ដំបូង​ខ្ញុំ​គ្រាន់តែ​ចិញ្ចឹម​មាន់ និង​បង្កាត់​ពូជ​មាន់​ធម្មតា​ទេ ប៉ុន្តែ​ខ្ញុំ​បានឃើញ​ពងមាន់​ដែល​ខូច​មាន​ច្រើន ហើយ​បើ​បោះចោល​វា​ខាត ទើប​ខ្ញុំ​កែប្រែ​វា​ដោយ​ចិញ្ចឹម កង្កែប និង​ត្រី​អណ្តែង ដោយ​យក​ពងមាន់​ដែល​ស្អុយៗ​ទៅ​ស្ងោរ ហើយ​បោះ​ធ្វើជា​ចំណី​របស់​ត្រី និង​កង្កែប ទើប​ធ្វើ​ឲ្យ​យើង​អាច​ទទួលបាន​ផល​វិលជុំ​»​។​



​កសិករ​រូបនេះ​បាន​បន្តទៀតថា ក្នុង​មួយ​រណ្តៅ​ដែលមាន​ត្រី​៥០០​ក្បាល ប្រើ​ចំណី​អស់​តែ​១​បាវ​ប៉ុណ្ណោះ ដូច្នេះ​វា​មាន​ផលចំណេញ​ច្រើន​តាមរយៈ ការយក​កាកសំណល់​មាន់​ធ្វើជា​ចំណី​ត្រី​អណ្ដែង​។ ចំណែក​កង្កែប​វិញ​លោក​ក៏ បាន​យក​កាកសំណល់​ពី​ការចិញ្ចឹម​មាន់​ធ្វើជា​ចំណី​របស់​វា​ផងដែរ​។ 

​បន្ទាប់ពី​បង្កើត​កសិដ្ឋាន​គ្រួសារ​នេះ​ឡើង​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់លោក​មាន​ភា​ព​ប្រសើរ​ជាង​មុន ដោយ​លោក​អាច​ទទួលបាន​ចំណូល​ពី​ការចិញ្ចឹម​មាន់​ចន្លោះ​ពី​៧០០​ដុល្លារ​ទៅ​៨០០​ដុល្លារ ក្នុង​មួយខែ ចំណែក​ថវិកា​ដែល​បាន​ពី​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​លោក​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​កសិដ្ឋាន​វិញ​។ នេះ​បើតាម​ការរៀបរាប់​បន្ថែ​ម​របស់​កសិករ​ដដែល​រូបនេះ​។​



​បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន ដែលមាន​ទំហំ​ដី​ទទឹង​ប្រហែល​៤០​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​៧០​ម៉ែត្រ របស់លោក ស៊ា​ង ឈឿន មាន​ដាំ​ដើម​ចេក​ប្រមាណ​ជា ៥០​ទៅ​៦០​ដើម មាន​កង្កែប​សម្រាប់​បង្កា​ត់​ពូជ ញី​៥០០​ក្បាល និង​ឈ្មោល​៤០០​ក្បាល និង​មាន​មាន់​ស្រែ​ចំនួន​១០០​ក្បាល​៕







ដោយ៖ ជឿន ស្រី​ណ​យ​ © រក្សាសិទ្ធិដោយ thmeythmey25.com