Thmey Thmey 25
​លើសពីអង្គរវត្ត​…!
31/07/2020 8:00 am សៀមរាប ​សៀមរាប​៖ អង្គរវត្ត និង​លើសពីនេះ​…! នេះ គឺជា​កម្មវិធី​ថ្មី​មួយទៀត​ដែល​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ត្រៀម​នឹង​បង្កើតឡើង​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ អង្គរវត្ត និង​លើសពីនេះ​…! គឺជា​កម្មវិធី​ផ្តោត​ជាពិសេស​ទៅលើ​តម្លៃ​ប្រាង្គ​ប្រាសាទ​, វប្បធម៌​, ប្រពៃណី​, ធម្មជាតិ​(​សត្វ និង​ព្រៃ​), បុរាណ​ស្ថាន​, តំបន់​ប្រវត្តិសាស្ត្រ​, ម្ហូបអាហារ​, សម្លៀកបំពាក់​។​ល​។​ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប​និយាយ​ជារួម និង​និយាយ​ដោយឡែក​នៅក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ​។ សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ដោយ​មានការ​ការផ្តួចផ្តើម​គំនិត និង​យល់ព្រម​សហការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ព្យាយាម​ផលិត​ឯកសារ​វីដេអូ​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅនឹង​តំបន់​អង្គរ​បន្ថែមទៀត​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។ ឯកសារ​វីដេអូ​នេះ​អាច​នឹង​ឡើងជា​បី​ភាសា​៖ ខ្មែរ អង់គ្លេស និង​ភាសា​បារាំង​(​មិនទាន់​ប្រាកដ​)​។

​ខេត្តសៀមរាប ទីក្រុង​អង្គរ ឬ​ទីក្រុង​ប្រាសាទ គឺជា​រមនីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។ លក្ខណៈពិសេស​របស់រ​មនី​យ​ដ្ឋា​ន​អង្គរ និង​ឧទ្យាន​អង្គរ គឺមាន​វត្ត​មាននៃ​ជីវិត​រមនីយដ្ឋាន និង​ជីវិត​មនុស្ស​រស់នៅ​ជាមួយគ្នា​។ នៅលើ​ពិភពលោក រមនីយដ្ឋាន​ទេសចរណ៍​ភាគច្រើន​មិនមាន​វត្តមាន​មនុស្ស​រស់នៅ​ក្បែរ​ទេ​។

​ដោយ​យល់ឃើញ​ពី​តម្លៃ​ដ៏​មហិមា​នៃរ​មនី​យ​ដ្ឋា​ន​អង្គរ​-​ឧទ្យាន​អង្គរ និង​កង្វះខាត​ខ្លះៗ​នៃ​ដំណើរការ​ចងក្រង​ឯកសារ​មួយចំនួន​ផងដែរ​នោះ​(​ឯកសារ​មួយចំនួនធំ​បាន​ចងក្រង​ហើយ​), សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​«​អង្គរវត្ត និង​លើសពីនេះ​…!»​ដើម្បី​ចូលរួមចំណែក​ផលិត​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន​បន្ថែមទៀត​នៅតាម​ប្រាង្គ​ប្រាសាទ​នានា​នៅតាម​រមណីយដ្ឋាន និង​ឧទ្យាន​អង្គរ​ក្នុង​ខេត្តសៀមរាប​។

​ការផលិត​ឯកសារ​ប្រវត្តិ​នេះ មាន​គោលបំណង​ចម្បង​ពីរ​យ៉ាង​៖ ទីមួយ គឺ​ដើម្បី​ចូលរួម​ចងក្រង​ប្រវត្តិ​ប្រាសាទ ឬ​តំបន់​ប្រវត្តិសាស្ត្រ​ទាំងឡាយណា​ដែល​មិនទាន់​មានការ​ចងក្រង​គ្រប់គ្រាន់​-​ត្រឹមត្រូវ និង​ពីរ គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​បន្ថែម​ពី​បេតិកភណ្ឌ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ និង​ទៅកាន់​ពិភពលោក​(​ជំរុញ​វិស័យ​ទេសចរណ៍​ខ្មែរ​)​។ សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey មាន​បេស​សកម្ម​របស់ខ្លួន​ដោយ​ប្រើប្រាស់​ឧបករណ៍​បណ្តាញ​ព័ត៌មាន តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​អភិវឌ្ឍ​សង្គម​កម្ពុជា (Media and Technology for the Development)​។

​នេះ មិនមែនជា​កម្មវិធី​លើកដំបូង​របស់​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey នោះទេ​។ តាមពិត ក្រៅពី​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey បាន​បង្កើត​កម្មវិធី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ដូចជា​កម្មវិធី Mercedes-Benz និង​កំណប់​អាថ៌កំបាំង​(​ដោយមាន​ការសហការ​ពី​ក្រសួងទេសចរណ៍​), ដំណើរ​កម្សាន្ត​តាម​ព្រៃ​នៃ​កម្មវិធី Cambodia Amazing and Thmeythmey25 និង​កម្មវិធី​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​វ័យក្មេង​នៅតាម​បណ្តា​ខេត្ត​នានា​(​ដោយមាន​ការសហការ​ពី​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​)​។

​ងាក​មក​កម្មវិធី​«​អង្គរវត្ត និង​លើសពីនេះ​…!» នេះ គឺជា​កម្មវិធី​ថ្មី​មួយទៀត​ដែល​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ផ្តោតលើ​វិស័យ​វប្បធម៌​ដែលជា​ប្រភព​ចំណូល​នៃ​វិស័យ​ទេសចរណ៍​មិនចេះ​រីងស្ងួត​។ នៅក្នុង​ជំនួប​ជាមួយ​ក្រុមការងារ​នៃ​អាជ្ញាធរ​អប្សរា លោក លាង ដឺ​លុច អគ្គនាយក​នៃ​ក្រុមហ៊ុន​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey បាន​លើកឡើងថា​៖«​កម្មវិធី​នេះ នឹងចូលរួម​ចំណែក​ផលិត​ឯកសារ​វីដេអូ​ដែលមាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​បន្ថែមទៀត ហើយ​សកម្មភាព​នេះ គឺជា​កិច្ចការ​មួយ​ក្នុងចំណោម​កិច្ចការ​អភិរក្ស​ឯកសារ​ផ្សេងៗ​ផងដែរ​»​។ លោក ដឺ​លុច បន្ថែមទៀតថា ក្រោយ​ផលិត​ឯកសារ​វីដេអូ​រួចហើយ សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey នឹងធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​មហាជន​ទាំង​នៅក្នុង និង​ក្រៅប្រទេស​។

​ជាការ​ឆ្លើយតប លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែលជា​អ្នក​ផ្តួច​ផ្តើមគំនិត និង​គាំទ្រ​ការផលិត​ឯកសារ​ប្រវត្តិសាស្ត្រ បាន​បញ្ជាក់ថា​៖«​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នានា​នៅ​តំបន់​អង្គរ​មាន​ច្រើនណាស់​ដែល​ទាមទារ​ឲ្យ​មាន​ក្រុម​ជំនាញ​គ្រប់ផ្នែក​ចូលរួម​សហការ​ចងក្រង អភិរក្ស និង​ផ្សព្វផ្សាយ​បន្ថែមទៀត​ក្នុងន័យ​ចែករំលែក​ចំណេះដឹង​ទៅកាន់​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​ជំនាន់​ក្រោយ និង ជនបរទេស​បន្ថែមទៀត​។ ហើយ​សកម្មភាព​ផ្សព្វផ្សាយ​នេះ នឹងចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​»​។

​ជីវិត​ប្រាសាទ​នីមួយៗ​, ដំណើរ​ដើមទង​នៃ​ការកសាង​ប្រព័ន្ធធារាសាស្ត្រ​សម័យអង្គរ​, ជីវិត​អ្នក​សង្គ្រោះ​ប្រាសាទ​, ប្រវត្តិ​សត្វ​ដំរី​ក្នុង​ការកសាង​អង្គរ​, ជីវិត​សហគមន៍​រស់នៅក្នុង​ឧទ្យាន​អង្គរ​, ប្រវត្តិ​ប្រពៃណី​អ្នកភូមិ​តំបន់​អង្គរ​, ប្រវត្តិ​ម្ហូ​អាហារ​សម័យ​ដើម​, ហេតុអ្វី​បានជា​ឈ្មោះ​អង្គរ​…​នឹងត្រូវ​ផលិត​ចេញ​ជា​ឯកសារ​វីដេអូ និង​ចាក់ផ្សាយ​ក្នុង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​៕

ដោយ៖ គី សុខលីម © រក្សាសិទ្ធិដោយ thmeythmey25.com