Thmey Thmey 25
កសិករ ប្រាក់ សា​វី រកចំណូលបាន​ប្រមាណ ១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ពី​ការ​ដំណាំ​ក្រូច​វល្លិ ទុរេន និង​ផ្លែ​ប៊ឺ  
31/07/2020 9:00 am មណ្ឌលគីរី ​ភ្នំពេញ​៖ អ្នកស្រី ប្រាក់ សា​វី ជា​កសិករ​រស់នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ប្រក​បរបរ​ដាំ​ដំណាំ​ក្រូច​វល្លិ ទុរេន និង​ផ្លែ​ប៊ឺ​។ ដំណាំ​ហូប​ផ្លែ​របស់​អ្នកស្រី សា​វី ទទួលបាន​ទិន្នផល​ល្អ កំពុងមាន​ការគាំទ្រ​ច្រើន​លើ​ទីផ្សារ និង​អាច​ឲ្យ​អ្នកស្រី​រកចំណូលបាន​ច្រើន​។ អ្នកស្រី​បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​ថា ជា​មធ្យម កសិករ​រូបនេះ អាច​រកចំណូលបាន​ចន្លោះ​ពី ១​ម៉ឺន ទៅ ១.៥ ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

​កសិករ​ដែលមាន​ដើមកំណើត​មកពី​ខេត្តព្រៃវែង​រូបនេះ បាន​ទៅ​រស់នៅក្នុង​ខេត្តមណ្ឌលគិរី តាំងពី​ឆ្នាំ​១៩៩០​។ អ្នកស្រី ប្រាក់ សា​វី ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរស័ព្ទ​ថា ដំបូង​ឡើយ អ្នកស្រី ដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ហើយ​ពេលនោះ​ក៏​មិនទាន់មាន​ទីផ្សារ​ច្រើន​ដូច​បច្ចុប្បន្ន​ដែរ​។ 


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

​ក្រោយមក នៅ​ដើមឆ្នាំ​២០១៨ កសិករ​វ័យ​៥៨​ឆ្នាំ​រូបនេះ ក៏​ចាប់​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដល់​៧​ហិកតា ដោយមាន​ក្រូច​វល្លិ ២​ពាន់​គុម្ព ប៊ឺ​ប្រហែល ៣០០​ដើម និង​ទុរេន​បាន ៣០០​ដើម ក្រោយ​បាន​ចេះ​បច្ចេកទេស​ដាំ ពី​មន្ត្រី​ក្រសួងកសិកម្ម និង​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ​កាន់តែច្រើន​នោះ​។ បច្ចុប្បន្ន ដំណាំ​ទាំងបី​ប្រភេទ​របស់​អ្នកស្រី ជាពិសេស​គឺ​ផ្លែ​ប៊ឺ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​ពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី និង​ទីផ្សារ​ធំ នៅ​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី ប្រាក់ សា​វី បញ្ជាក់ថា​៖ «​ជួនកាល មាន​គេ​មក​ទិញ​ដល់​កន្លែង ជួនកាល​មាន​ការបញ្ជាទិញ​ពី​ភ្នំពេញ​ជាដើម​។ ចំណែកឯ​តម្លៃ គឺ​ឡើង​ចុះ​ទៅតាម​ទីផ្សារ​ជាក់ស្តែង​។ សព្វថ្ងៃ ខ្ញុំ​លក់​ផា​សិន​តម្លៃ ៨០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ប៊ឺ​តម្លៃ ៧០០០-៨០០០ រៀល ក្នុង​មួយ​គីឡូក្រាម ទៅតាម​ផ្លែ​តូចធំ និង​ទុរេន​តម្លៃ ១៨០០០​រៀល ក្នុង​មួយ​គីឡូក្រាម​»​។  
​អ្នកស្រី សា​វី ប្រាប់​Themythmey25 ទៀតថា ជា​មធ្យម​គាត់​អាច​ទទួលបាន​ចំណូល ពី​១​ម៉ឺន​ដុល្លារ ទៅ​១.៥​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំៗ ពី​ការលក់​ផ្លែឈើ​ទាំង​៣​ប្រភេទ​នេះ​។​


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

​នៅក្នុង​ឱកាស​ចុះ​ទស្សនកិច្ច​នៅ​ចម្ការ​របស់​អ្នកស្រី សា​វី កាលពី​ថ្ងៃទី​២៩ កក្កដា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ថែទាំ​ដំណាំ និង​ទទួលបាន​ផល​យ៉ាង​ល្អ​នេះ​។ សម្រាប់​លោក​រដ្ឋមន្ត្រី នេះ​ជា​អ្វីដែល​រាជរដ្ឋាភិបាល​ចង់ឃើញ​កសិករ​កម្ពុជា មានជោគ​ជ័យ និង​ជីវភាព​ធូរធារ នៅក្នុង​ការប្រកប​រប​រ​របស់ខ្លួន ខណៈ​វិបត្តិ​កូ​វីដ​-១៩ បាន​បង្អាក់​សកម្មភាព​នៅក្នុង​វិស័យ​មួយចំនួន​នោះ​។ ទន្ទឹង​នឹង​នោះ លោក​វេ​ង សាខុន ក៏​បន្ត​លើកទឹកចិត្ត ឲ្យ​អ្នកស្រី ប្រាក់ សា​វី ឲ្យ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ធ្វើ​ធានាបាន​ទាំង​បរិមាណ និង​គុណភាព​ផលិតផល​ផ្លែឈើ ដែល​កំពុងមាន​សក្តានុពល​នេះ​៕


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
ដោយ​៖ ហៀ​ត វណ្ណា 
ដោយ៖ ហៀ​ត វណ្ណា  © រក្សាសិទ្ធិដោយ thmeythmey25.com