Thmey Thmey 25
បច្ចេកទេស​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​ប្លា​ស្ទិ​ក ៤​ចំណុច​ដំបូង ជា​ទុន​សំខាន់​សម្រាប់​កសិករ​
13/09/2020 1:00 pm ភ្នំពេញ ​ការចិញ្ចឹម​អន្ទង់​ក្នុង​ប្លា​ស្ទិ​កមាន​លក្ខណៈពិសេស​ខុសពី​ការចិញ្ចឹម​អន្ទង់​ក្នុង​ស្រះ ដោយ​យើង​មិនចាំបាច់​ប្រើប្រាស់​ភក់​។ ប៉ុន្តែ​យើង​ត្រូវការ សម្រាស់ កំប្លោក ដំបូល ឬ​សំណាញ់​គ្របពីលើ​អាង​ដើម្បី​កាត់បន្ថយ​ពន្លឺ ដ្បិតថា អន្ទង់​មិនសូវ​ត្រូវការ​ពន្លឺ​នោះទេ​។

​ពូជ​អន្ទង់​ដែល​គួរ​យកមក​ចិញ្ចឹម​គឺ​កូន​អន្ទង់​ដែល​ចាប់ពី​ធម្មជាតិ ដូចជា​តាម​បឹង ស្រែ ជាដើម​។​សម្រាប់​ចំណី​ដែល​អាចដាក់​ឲ្យ​អន្ទង់​មានដូចជា កូន​ត្រី ខ្យង ក្ដាម គ្រុំ ដែល​ត្រូវ​ចម្អិន​ឆ្អិន​មុននឹង​ដាក់​ជា​ចំណី​អន្ទង់​។ ដើម្បី​អាចធ្វើ​អាង​ប្លា​ស្ទិ​ក​សម្រាប់​ចិញ្ចឹម​អន្ទង់ កសិករ​ត្រូវមាន ឈើ ឫស្សី ប្លា​ស្ទិ​ក ខ្សែ ឬ​លួស​សម្រាប់​ចង ស្បៃ​មុង និង​បំពង់​ទុយោ​សម្រាប់​បង្ហូរទឹក​ចេញពី​អាង​។​



-​ការសាងសង់​អាង​ប្លា​ស្ទិ​ក​
​ដំបូង ម្ចាស់​កសិដ្ឋាន ត្រូវ​វាស់​បាត​អាង​តាម​ទំហំ​ដែល​លោកអ្នក​ចង់បាន​។ បន្ទាប់មក ជីករណ្ដៅ និង​ដាំ​សរសរ​តាម​ជ្រុង​នីមួយៗ យក​ឬ​ស្សី​រៀប​ជា​ជញ្ជាំង បន្ទាប់មក​យក​សំបក​កា​រ៉ុង ឬ​បន្ទះ​បាវ​បាំង​ពី​ក្នុង​ជញ្ជាំង​ណ និង​ក្រា​លបាត​។ បាំង​ស្បៃ​នីឡុង​នៅ​មាត់​អាង​កម្ពស់ ៧​តឹក​ពី​មាត់​ព្រួល បាត​អាង​ត្រូវ​ឲ្យ​ខ្ពស់​ពី​ដី ១​តឹក​ដើម្បី​ងាយស្រួល​បង្ហូរទឹក​ចេញ​។ និង​ដំបូល​អាង​ធ្វើ​ពី​ស្បៃ​កាត់បន្ថយ​កំដៅថ្ងៃ ត្រូវ​សង់​កំពស់​ប្រហែល ២​ម៉ែត្រ​។​



-​របៀប​រៀបចំ​ជម្រក​អន្ទង់
​ត្រូវ​រៀប​សម្រាស់ (​មែកឈើ​) កម្រាស់​ពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ​។ ការបញ្ចូល​ទឹក​ត្រូវ​ឲ្យ​ខ្ពស់​ពី​សម្រាស់ ១០ សង់ទីម៉ែត្រ  និង​ដាក់​បណ្ដែត​រុក្ខជាតិ​ដូចជា កំប្លោក ចក​ជាដើម​។ ការដាក់​ចិញ្ចឹម​អន្ទង់​គឺ​អាស្រ័យទៅលើ​ការរៀបចំ​ជម្រក ហើយ​ការដាក់​ចិញ្ចឹម​កូន​អន្ទង់​បាន​សមស្រប​ពី ១៥០​ក្បាល ទៅ ២០០​ក្បាល​ក្នុង ១​ម៉ែត្រការ៉េ​ពី​ផ្ទៃ​អាង​។​

-​របៀប​ផ្ដល់​ចំណី​អន្ទង់
​ចំណី​ត្រូវដាក់​កញ្ច្រែង​ប៉ប្រះ​ផ្ទៃ​ទឹក មិនត្រូវ​បោះ​ចំណី​ផ្ទាល់​ក្នុង​អាង​នោះទេ (​ខាត​ចំណី និង​ឆាប់​ស្អុយ​ទឹក​)​។ ចំណី​ជាស​ត្វ​គួរ​ចម្អិន​សិន​មុននឹង​ឲ្យ​អន្ទង់​ស៊ី​។



-​ការប្រមូល​ផល​
​ការប្រមូល​ផល​គួរ​ធ្វើ​ចាប់ពី​ចន្លោះ​ខែមេសា ដល់​ខែកក្កដា ព្រោះ​មានតម្លៃ​ខ្ពស់​។ មុន​ប្រមូល​ផល​កន្លះ​ខែ ឬ​១​ខែ គួរ​ឧស្សាហ៍​ផ្លាស់ប្ដូរ​ទឹក ដើម្បី​កុំ​ឲ្យ​សាច់​អន្ទង់​មាន​ក្លិន​។ ហើយ​ការប្រមូល​ផល​អន្ទង់​ធ្វើឡើង​ក្រោយពេល​ដាក់​ចិញ្ចឹម​រយៈពេល ៦​ខែ ទៅ ១២​ខែ​។
 
​សាច់​អន្ទង់​មាន​កម្រិត​ប្រូតេអ៊ីន​ខ្ពស់ ជាទី​ពេញនិយម​សម្រាប់់​ប្រជាជន​កម្ពុជា​ផងដែរ ក្នុង​នោះគេ​អាច​ច្នៃ​ធ្វើជា​ម្ហូប​បាន​ច្រើន​មុខ​ដូចជា ស៊ុប​អន្ទង់ ឆា​ក្ដៅ​អន្ទង់ ស្ងោ​ណាំ​ង៉ូ​វ​អន្ទង់ និង​អាច​ច្នៃ​ជា​ម្ហូប​បាន​ច្រើន​ផ្សេងទៀត​៕

(​សារព័ត៌មាន​ថ្មីៗ​២៥ ដកស្រង់​ចេញពី​សៀវភៅ​បច្ចេកទេស​កសិកម្ម ដែល​គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍន៍អាស៊ី និង​រដ្ឋបាល​ភិ​បាល​ប្រទេស​ហ្វាំ​ង​ឡង​ដ៏​)
ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com