Thmey Thmey 25
លោក ភិរម្យ ចំណាយពេល១៩ឆ្នាំដើរកម្សាន្តតាមតំបន់ព្រៃភ្នំ ដើម្បីស្វែងរក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក
07/08/2020 2:30 pm ភ្នំពេញ

ដំណើរកម្សាន្តបែបផ្សងព្រេង ជាចំណង់ចំណូលចិត្តរបស់លោក ជួន ភិរម្យ។ លោក​ បានចំណាយពេលច្រើន លើការដើរកម្សាន្តបែបផ្សងព្រេងដូចជា ឡើងភ្នំ បោះតង់ ដើរព្រៃ ដើម្បីស្វែងរកតំបន់ទេសចរណ៍ ថ្មីៗប្លែកៗក្នុងប្រទេសកម្ពុជា។ ដំណើរកម្សាន្តផ្សងព្រេងរបស់ លោក ភិរម្យ លើកដំបូងចាប់ផ្ដើមនៅឆ្នាំ២០០១ ដោយលោក បានឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ជាភ្នំមានកម្ពស់ខ្ពស់ជាងគេ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
 

បើតាម លោក ភិរម្យ ការដើរលេងផ្សងព្រេងបែបនេះគឺពិបាក បើប្រៀបនឹងដំណើរកម្សាន្តធម្មតា ប៉ុន្តែនេះក៏អាចធ្វើឲ្យលោកដកពិសោធ និងរកឃើញពីចំណូលចិត្តរបស់លោកយ៉ាងពិតប្រាកដ។ បុរសវ័យ ៤០ឆ្នាំរូបនេះ បានប្រាប់ ThmeyThmey25 ដូច្នេះថា៖«ដំណើរកម្សាន្តធម្មតាគឺងាយស្រួលជាង ដែលយើងអាចបើកឡាន ឬជិះម៉ូតូទៅដល់ មានកន្លែងគេងស្រាប់ មានអ្នករៀបម្ហូបអាហារឲ្យស្រាប់។
 

ដ្បិតថាដំណើរកម្សាន្តបែបផ្សងព្រេងពិបាកខ្លាំង ប៉ុន្តែ លោក ជួន ភិរម្យ មិនអាចបោះបង់ចោលបានទេ។ ការដើរកម្សាន្តបែបនេះ គ្រាន់តែជាការឆ្លៀតពេលពីការងារ ឬការសិក្សារបស់លោក ដើម្បីភ្ជាប់ខ្លួនជាមួយធម្មជាតិប៉ុណ្ណោះ។ លើសពីការសាកល្បង ដំណើរកម្សាន្តរបស់លោក ភិរម្យ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ ធម្មជាតិក្នុងស្រុកផងដែរ។

រយៈពេល ១៩ឆ្នាំ លោក ភិរម្យ បានទៅដល់កន្លែងជាច្រើនដូចជា កំពូលភ្នំឱរ៉ាល់ ភ្នំខ្នងវាល ក្នុងខេត្តកំពង់ស្ពឺ ដែនជម្រកសត្វព្រៃភ្នំសំកុះ ភ្នំទំព័រ ខ្នងព្រះ ក្នុងខេត្តពោធិ៍សាត់ ភ្នំខ្នងក្រពើ វាលសេកប្រណាំង វាលព្រំរលក និងវាលទទឹងថ្ងៃ ក្នុងខេត្តកោះកុង ភ្នំវាលធំ និងវាលចាក់យូក ស្ថិតក្នុងខេត្តរតនគិរី និងខ្នងផ្សា ព្រមទាំងតំបន់ទឹកធ្លាក់ ធំៗមួយចំនួនទៀត។

«សម្រាប់ការផ្សងព្រេង យើងត្រូវរៀបចំអីវ៉ាន់ និងម្ហូបអាហារ ទាំងអ្នកនាំផ្លូវ ទាំងសម្ភារៈ បើសិនជាយើងវង្វេងផ្លូវគួររកឃើញយ៉ាងម៉េច អីយ៉ាងម៉េច អ៊ីចឹង [វា] មានលក្ខណៈខុសគ្នា។ និយាយឲ្យចំ ការដើរផ្សងព្រេងវារៀងពិបាក វាអត់ស្រួលដូចដើរទៅតំបន់ទេសចរណ៍ដែលគេមានរៀបចំស្រាប់ទេ»។ នេះជាការពន្យល់របស់លោក ភិរម្យ ដោយបន្តថា ដំណើរកម្សាន្តចុងក្រោយរបស់លោក ចំណាយពេលដើរដល់ទៅ១២ម៉ោង ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។ ប៉ុន្តែសម្រាប់ការដើរព្រៃ និងឡើងភ្នំ ជាមធ្យម លោក បានចំណាយពេលចន្លោះពី៥ម៉ោង ទៅដល់១០ម៉ោង​ ទៅតាមតំបន់។

ជាបុគ្គលិកបម្រើការងារក្នុងអង្គការក្រៅរដ្ឋាភិបាល លោក ភិរម្យ បានចំណាយប្រាក់ចន្លោះ ៤០ដុល្លារ ទៅ៥០ដុល្លារ លើដំណើរផ្សងព្រេងរយៈពេល២យប់៣ថ្ងៃ ហើយបើទៅរយៈពេល៤យប់៥ថ្ងៃ គឺចំណាយអស់ប្រមាណ១០០ ទៅ២០០ដុល្លារ។

ការចំណាយប្រាក់ទៅលើការដើរលេងលំហែកាយរបស់លោក គឺមិនច្រើននោះទេ បើធៀបនឹងការដើរផ្សារទិញអីវ៉ាន់។ ដោយសារលោកទទួលបានបទពិសោធច្រើនខាងដើរព្រៃ លោក ភិរម្យ ក៏បានដឹកនាំក្រុមអ្នកចូលចិត្តដើរតាមព្រៃភ្នំ ទៅកាន់ខេត្តផ្សេងៗ។

អ្នកដឹកនាំក្រុមរូបនេះបានបន្ថែមថា៖«ទោះបីជាមិនបានផលប្រយោជន៍អ្វីមកខ្ញុំ ក៏ខ្ញុំគិតថាបាន ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ស្រុកយើងឲ្យប្រជាជនខ្មែរយើងបានដឹងថាស្រុកយើងគឺសម្បូរទេសចរណ៍លក្ខណៈធម្មជាតិច្រើន។ ម្យ៉ាងទៀត យើងរកឃើញកន្លែងមួយដែលស្អាត គឺអាចជួយដល់ជីវភាពសហគមន៍នៅតំបន់នោះផងដែរ»។

លោក បន្តថា តំបន់ទេសចរណ៍បែបធម្មជាតិទាំងអស់នេះ ជាកោសិកាសម្រាប់បង្កើនចំណូលដល់សហគមន៍តាមរយៈ ការធ្វើម្ហូបសម្រាប់ភ្ញៀវទេសចរ ជួលគោយន្ត ឬម៉ូតូដល់ភ្ញៀវទេសចរ និងស្ពាយអីវ៉ាន់ជូនភ្ញៀវជាដើម។ ដ្បិតតែស្គាល់តំបន់ទេសចរណ៍ធម្មជាតិ និងមានបទពិសោធន៍ច្រើនក៏ពិតមែន តែលោក ភិរម្យ មិនមានបំណងចង់ក្លាយជាអ្នកមគ្គុទេសក៍ទេសចរ នោះទេ។

លោក ភិរម្យ នឹងបន្តធ្វើសកម្មភាពទាំងនេះ ដើម្បីផ្សព្វផ្សាយដល់អ្នកចូលចិត្តដើរដូចជាលោកបានដឹង នឹងទៅកម្សាន្ត។ បុរសវ័យ៤០ឆ្នាំរូបនេះ ជ្រើសរើសដើរលេងក្នុងស្រុកជាងទៅដើរលេងក្រៅប្រទេស ព្រោះលោកចង់ឲ្យដើរកម្សាន្តផ្សងព្រេងបែបនេះឲ្យគ្រប់កន្លែងក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលណាមួយដែលលោក គិតថាគ្រប់ហើយនោះ លោកនឹងបន្តដើរលេងបែបនេះនៅក្រៅប្រទេសវិញ​៕

 

ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com