Thmey Thmey 25
ផ្លែក្រឡាញ់ ជាប្រភពចំណូលបន្ថែមដល់ពលរដ្ឋខេត្តកំពង់ធំ
29/10/2020 10:00 am ភ្នំពេញ

ផ្លែក្រឡាញ់ ជាប្រភេទអនុផលធម្មជាតិ ដែលមានដើមធំ ហើយដុះនៅតាមតំបន់ភ្នំ នៅក្នុងព្រៃក្រាស់ៗ។ អនុផលព្រៃឈើនេះ ផ្ដល់ផលមួយរដូវកាល មានរយៈពេល៣ខែ ហើយវាក៏ជាប្រភពចំណូលបន្ថែម ដល់ពលរដ្ឋដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែរ។

ជាអ្នកហៅភ្ញៀវឱ្យអង្គុយលេងតាមខ្យុះនៅលើភ្នំសន្ទុក នៃទឹកដីខេត្តកំពង់ធំនេះ លោក វុទ្ធី បានឆ្លៀតពេលដើររក និងប្រមូលអនុផលផ្លែក្រឡាញ់នៅលើភ្នំ ដើម្បីយកមកលក់ឱ្យភ្ញៀវ សម្រាប់បង្កើនចំណូល និងដោះស្រាយបញ្ហាជីវភាព។ ដ្បិតរបរលក់ផ្លែក្រឡាញ់នេះ មិនត្រូវការចំណាយដើមទុនក្តី ប៉ុន្តែលោក វុទ្ធី ត្រូវការចំណាយកម្លាំងឡើងលើភ្នំនិងចូលព្រៃជ្រៅ ដើម្បីបេះផ្លែក្រឡាញ់នេះ។

« ខ្ញុំទៅកាប់ ក្រឡាញ់ នៅលើភ្នំ រួចហើយយកមកសម្អាតឱ្យស្អាតទើបយកទៅលក់នៅលើទីផ្សា។ ក្នុងមួយគីឡូក្រាមគ្រាប់ក្រឡាញ់ ខ្ញុំលក់បានតម្លៃប្រមាណជាប្រាំមួយពាន់រៀល។ គ្រួសាររបស់ខ្ញុំរកនេះបន្តិច នោះបន្តិច គួបផ្សំគ្នា ដើម្បីសម្រួលជីវភាព។ ហើយរបរកាប់ ក្រឡាញលក់ នេះពួកខ្ញុំរកជាងប្រាំឆ្នាំហើយ»។ នេះជាការបញ្ជាក់របស់លោក វុទ្ធី។

ក្នុងមួយរដូវកាល ផ្លែក្រឡាញ់នេះ ផ្ដល់ផលរយៈពេល៣ខែ គឺចាប់ពីខែតុលា ដល់ធ្នូ។ បើតាមបុរសវ័យេជាង៣០ឆ្នាំរូបនេះ របរលក់ផ្លែក្រឡាញ់ អាចផ្ដល់ប្រាក់ចំណូលបានគួរសមរម្យក្នុងមួយឆ្នាំៗ ប៉ុន្តែអ្នកប្រកបរបរនេះ ត្រូវប្រឈមផលលំបាកច្រើន ទម្រាំតែបានប្រាក់ត្រឡប់មកផ្ទះ។ ជាពលរដ្ឋរស់នៅក្នុងភូមិស្វាយកាល ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ លោក វុទ្ធី បាននិយាយដូច្នេះថា៖« ដើមក្រឡាញ់ មានកម្ពស់ខ្ពស់ ហើយផ្លែនៅតែចុងៗ ដូច្នេះយើងត្រូវឡើងកាប់យកតែចុងៗ មិនអាចកាប់មែកធំៗទេ ព្រោះព្រៃនេះស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ។ យើងមិនអាចទាញផលក្រឡាញ់ ដោយបំផ្លាញមើកធំបានទេ »។

ដើម្បីជួយសម្រួលការលំបាក ក្នុងការប្រមូលផលផ្លែក្រឡាញ់នេះ លោក វុទ្ធី តែងតែនាំកូនប្រុសម្នាក់យកទៅជាមួយខ្លួន ដើម្បីឱ្យរូបគេឡើងកាប់មែកក្រឡាញ់ជំនួសលោក។ កុមារ៉ា វីរី រៀនថ្នាក់ទី៤ ដែលតែងតែឡើងភ្នំរកផ្លែក្រឡាញ់ជាមួយឪពុកខ្លួន ក្រោយចេញពីរៀននោះ បាននិយាយថា៖« ដើមក្រឡាញ់តូចៗងាយស្រួលឡើងជាងដើមក្រឡាញ់ធំៗ ។  ប៉ុន្តែមិនថាដើមក្រឡាញ់តូច ឬ ដើមធំទេ ខ្ញុំអាចកាប់បានត្រឹមតែមែកតូចៗទេ។ ដូច្នេះខ្ញុំត្រូវស៊ូឡើងមែកឈើ រហូតដល់ចុងទើបអាចកាត់បាន ហើយមានពេលខ្លះខ្លាចធ្លាក់ៗដែរ ប៉ុន្តែចេះតែសម្រួលចិត្តខ្លួនឯងទៅថា មិនអីៗ»។

ក្រឡាញ់ គឺជាចុល្លព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ពី ១៥ ទៅ២៥ម៉ែត្រ ហើយដុះក្នុងព្រៃក្រាស់ ឬស្រោង នៃឥណ្ឌូចិន ខ្មែរ ឡាវ វៀតណាម ថៃ។ ផ្លែទុំគេចូលចិត្តបរិភោគណាស់ ហើយភាគច្រើនមានលក់ក្នុងទីផ្សារនៅរដូវភ្លៀង។

ងាកទៅពលរដ្ឋរស់នៅក្នុងភូមិអូកោះគគី ឃុំជ្រាប់ ស្រុកសន្ទុកខេត្តកំពង់ធំ វិញ ក៏នាំគ្នាដើរប្រមូលផ្លែក្រឡាញ់ ពីលើភ្នំមកលក់ដែរ។ លោក វិស័យ បានចំណាយពេលជាង២ម៉ោង ដើម្បីបេះផ្លែក្រឡាញ់ នៅលើភ្នំត្បែងតូច ជាថ្នូរនឹងចំណូលពី៣ម៉ឺនរៀល ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយអាស្រ័យលើលទ្ធភាពប្រមូលផលជាក់ស្ដែង។ 

ឈរនិយាយបណ្ដើរ ដៃបេះផ្លែក្រឡាញ់បណ្តើរ លោក វិស័យ ឆ្លៀតប្រាប់សារព័ត៌មានថ្មីៗថា៖« ឆ្នាំមុនផ្លែក្រឡាញ់ នៅលើភ្នំនេះ មិនសូវជាច្រើនប៉ុន្មានទេ តែឆ្នាំនេះមានច្រើនគួរសម។ ហើយទម្រាំដល់ផុតរដូវកាលរកផ្លែក្រឡាញ់នេះ ពួកខ្ញុំអាចនឹងសល់ប្រាក់ខ្លះ ទុកដោះស្រាយជីវភាពបន្តទៅទៀត »។

ផ្លែក្រឡាញ់ មិនត្រឹមតែអាចបរិភោគបានទេ តែវាក៏ជាប្រភេទផ្លែធម្មជាតិ ដែលជួយដល់សុខភាពមនុស្សផងដែរ។បើតាមការចុះផ្សាយរបស់វេបសាយសុខភាព ផ្លែក្រឡាញ់ អាចជួយព្យាបាលជំងឺដំបៅក្រពះ, ឈឺធ្មេញនិងរាក់ស៊ីធ្មេញ , ទល់លាមក និងជំងឺឬសដូងបាតជាដើម។

ក្រៅពីអត្ថប្រយោជន៍នេះ សំបកក្រឡាញ់ ក៏អាចយកមកជំនួសស្លា សម្រាប់ស៊ីម្លូដែរ។ ផ្លែក្រឡាញ់ពីធម្មជាតិគឺ «មានរសជាតិចត់»។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់គឺជាប្រភេទឈើជាប់ល្អ សម្រាប់ធ្វើសសរផ្ទះ នឹងរនូត តែឈើនេះ ទុកមិនបានយូរហួសពី៥០ ទៅ១០០ឆ្នាំឡើយ។ គេនិយមយកឈើនេះមកធ្វើរ៉ក ធ្វើត្បាល់ កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាសរទេះ៕
Relate 43749
 
 

ដោយ៖ ប៉ូ សុភា © រក្សាសិទ្ធិដោយ thmeythmey25.com