Thmey Thmey 25
កម្ពស់ទឹកនៅទំនប់៧មករា ក្នុងខណ្ឌដង្កោ បន្តស្រកចុះ ០,០៥ម៉ែត្រ
29/10/2020 11:00 am ភ្នំពេញ ភ្នំពេញ៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ត្រង់ចំណុចទំនប់៧មករា បន្តស្រកចុះ ១,៨៧ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ម៉ែត្រ កាលថ្ងៃទី១៤ ខែតុលា។ កម្ពស់ទឹកលើទំនប់បង្ហៀរ ០,០០ម៉ែត្រ និងកម្ពស់ទឹកខាងក្រោយទ្វារ ៤,១៦ម៉ែត្រ ដោយកម្ពស់ទឹកស្ទឹងព្រែកត្នោតបានបន្តស្រកចុះ ០,០៥ម៉ែត្រ បន្ថែមទៀត។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនាព្រឹកថ្ងៃទី២៩ ខែតុលា នេះ។

ជាមួយគ្នានេះ ជំនន់ទឹកស្ទឹងព្រែកត្នោតនេះ បានធ្វើអោយខេត្តមួយចំនួន និងសង្កាត់ជាច្រើន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលការជន់លិច។ មកទល់ពេលនេះ ទឹកនៅទីតាំងខ្លះបានស្រកចុះជាបន្តបន្ទាប់ក៏ពិតមែន តែក៏នៅមានទីតាំងខ្លះទៀតនៅពុំទាន់បានស្រកចុះនៅឡើយ។

សូមបញ្ជាក់ថា ទឹកជំនន់នៅកម្ពុជា បានបង្កឲ្យដំណាំស្រូវ និងដំណាំកសិកម្មរបស់ពលរដ្ឋជិត ៣៨ម៉ឺនហិកតាជន់លិច។ ក្នុងនោះដំណាំកសិកម្មនៅខេត្តបាត់ដំបង ប៉ះពាល់ច្រើនជាងគេ បន្ទាប់មកគឺខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់។ សម្រាប់ខេត្តបន្ទាយមានជ័យ ក្រៅតែពីមានអ្នកបាត់បង់ជីវិតច្រើនជាងគេហើយ  ដំណាំកសិកម្មដែលត្រូវបានទឹកជំនន់ជន់លិច ក៏ខ្លាំងណាស់ ពោលគឺចាញ់តែខេត្តបាត់ដំបងមួយប៉ុណ្ណោះ៕
 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com