Thmey Thmey 25
EU ផ្តល់ប្រាក់​៤៧​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា 
29/10/2020 12:00 pm ភ្នំពេញ ​សហភាព​អឺរ៉ុប បានផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​៤៧​ម៉ឺន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់​នៅ​កម្ពុជា​។ តាម​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជំនួយ​នេះ នឹង​ផ្តល់​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ខ្លាំង ហើយ​ត្រូវការ​ដំណោះស្រាយ​បន្ទាន់ ជាពិសេស​នៅក្នុង​ខេត្ត ឬ​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​។

​សហភាព​អឺរ៉ុប (EU) បានផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៤០​ម៉ឺន​អឺរ៉ូ ដែល​ស្មើនឹង​ប្រមាណ ៤៧​ម៉ឺន​ដុល្លារ ដើម្បី​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​កម្ពុជា​។ តាម​ប្រកាស​ព័ត៌មាន​របស់​ប្រតិភូ សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ជំនួយ​នេះ នឹង​ផ្តល់​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ខ្លាំង ហើយ​ត្រូវការ​ដំណោះស្រាយ​បន្ទាន់ ជាពិសេស​នៅក្នុង​ខេត្ត ឬ​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​។ 

​លោក Olivier Brouant មន្ត្រី​ទទួលបន្ទុក​ការឆ្លើយតប​កិច្ចការ​មនុស្សធម៌​សហភាព​អឺរ៉ុប  ប្រ​ចា​តំបន់​មេគង្គ  បាន​មានប្រសាសន៍ថា ជំនួយ​របស់​សហភាព​អឺរ៉ុប នឹង​គាំទ្រ​ដៃ​កម្មវិធី​មនុស្សធម៌​របស់ខ្លួន ក្នុង​សង្គ្រោះ​ជីវិត ក៏ដូចជា​ជន​ងាយ​រងគ្រោះ ដើម្បី​ធានាថា​ពួកគេ​ឆ្លង​ផុត​ដំណាក់​លំបាក​នេះ​។ លោក Olivier Brouant លើកឡើង​ដូច្នេះ​៖«​ការចូលរួម​នេះ គឺ​បង្ហាញ​ពី​សាមគ្គីភាព​របស់​សហ​ភាព​អឺរ៉ុប ជាមួយ​ប្រជាជន​កម្ពុជា ដែល​រង​ទុក្ខលំបាក បាត់បង់​ផ្ទះសម្បែង ការរស់នៅ និង​ទ្រព្យសម្បត្តិ ដោយសារ​គ្រោះទឹកជំនន់​»​។ 

​គួរ​កត់សម្គាល់ថា កន្លងមក​មាន​បណ្តា​ស្ថានទូត​បរទេស​នៅ​កម្ពុជា ក៏បានផ្តល់​ជំនួយ​ជា​ថវិកា ការគាំទ្រ​ផ្នែក​ស្មារតី សារ​លើកទឹកចិត្ត ដល់​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា  ដដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។ បណ្តា​ស្ថានទូត ទាំងនោះ​មាន​សហ​រដ្ឋាភិបាល ចិន ជប៉ុន បារាំង ឥណ្ឌា តួ​ក​គី វៀតណាម ឥណ្ឌូណេស៊ី និង​ទី​ម័​រ​ខាងកើត​ជាដើម​។​


​តាម​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ មាន​ពលរដ្ឋ​សរុប​៤៤​នាក់ បាន​បាត់​បង់ជីវិត ដោយសារ​គ្រោះទឹកជំនន់ ខណៈដែល​ពលរដ្ឋ​ជិត​៦០​ម៉ឺន​នាក់​រង​ការប៉ះពាល់ ក្នុងនោះ​មាន​ជាង​៤.៧​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។​ទឹកជំនន់ ក៏បាន​ធ្វើ​ឲ្យ​ផ្ទះ​ជាង​១៣.៥​ម៉ឺន​ខ្នង​ត្រូវ​ជន់​លិច  សាលា​រៀនមាន​៩៥១​កន្លែង និង​វត្ត​អារាម​ចំនួន​៣០៧​កន្លែង បាន​លិច​ទឹក​ផងដែរ​។ នេះ​បើតាម​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ឲ្យ​ដឹង​ទៀតថា ស្រូវ និង​ដំណាំ​កសិកម្ម​ប្រមាណ ៣៨​ម៉ឺន​ហិកតា បាន​រង​ការប៉ះពាល់​ពី​គ្រោះទឹកជំនន់​នេះ​៕
ដោយ៖ ខន ចំប៉ា​ © រក្សាសិទ្ធិដោយ thmeythmey25.com