Thmey Thmey 25
លោក គង់ ពុទ្ធិការ៖ «ប្រាសាទព្រះវិហារ មានតម្លៃធំធេង សម្រាប់ពលរដ្ឋកម្ពុជា និងជាតិទាំងមូល»
03/11/2020 11:00 am ព្រះវិហារ ភ្នំពេញ៖ ប្រាសាទព្រះវិហារ ជាប្រាង្គប្រាសាទដ៏ពិសិដ្ឋ ដែលស្ថិតនៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត លើភ្នំដងរែក ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថៃ្ងទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយអង្គការ UNESCO។ ក្រោយចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ត្រូវបានគ្រប់គ្រង និងថែទាំដោយអាជ្ញាធរជាតិព្រះវិហារ។ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា៖ «ប្រាសាទព្រះវិហារ មានតម្លៃធំធេង សម្រាប់ពលរដ្ឋកម្ពុជា និងជាតិទាំងមូល ដែលបុព្វបុរស និងរដ្ឋាភិបាលខ្មែរ បានចំណាយពេល និងការខិតខំប្រឹងប្រែងយ៉ាងច្រើន»។

ជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជាតិខ្មែររះត្រដែតលើកំពូលភ្នំដងរែក។ ប្រាសាទដែលកសាងនៅសតវត្សរ៍ទី១១ លើភ្នំដងរែកនេះ កសាងដើម្បីឧទ្ទិសដល់ព្រះសិវៈនៃព្រហ្មញ្ញសាសនា។ បច្ចុប្បន្នតំបន់ប្រាសាទព្រះវិហារ មានផ្ទៃដីទំហំ ៤ម៉ឺន៣ពាន់ហិកតា ដោយបែងចែកជា ៤តំបន់។ ប្រាសាទព្រះវិហារ ត្រូវបានជួសជុលដោយបណ្ដាប្រទេសមួយចំនួនរួមមាន ចិន អាមេរិក និងឥណ្ឌា។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អំពីកិច្ចការអភិរក្ស និងអភិវឌ្ឍនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារដូចតទៅ៖ 
 

ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅប្រាសាទព្រះវិហារ រដ្ឋាភិបាលបានកសាងហេដ្ឋាសរចនាសម្ព័ន្ធជាច្រើន នៅតំបន់ប្រាសាទព្រះវិហារ។ ក្រៅអភិរក្សប្រាង្គប្រាសាទ អាជ្ញាធរជាតិព្រះវិហារ ក៏បានអភិរក្សធនធានធម្មជាតិនៅជុំវិញប្រាសាទផងដែរ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បញ្ជាក់ថា៖ «ក្រោយចូលជាសម្បត្តិបេតិភណ្ឌពិភពលោក អាជ្ញាធរជាតិព្រះវិហារ និងស្ថាប័នអន្តរជាតិ បានសិក្សាស្រាវជ្រាវពីស្ថាបត្យកម្ម និងតម្លៃផ្នែកសាសនា រួមទាំងបុរាណវិទ្យានៅប្រាសាទព្រះវិហារ ដើម្បីបញ្ជាក់ពីទីតាំង និងសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ»។ 


រូបភាព​ផ្ដល់ដោយលោក Piak Lim

បើតាមលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក្នុងឆ្នាំ២០១៩ ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២ម៉ឺននាក់។ ក្រោយកម្ពុជាជួបវិបត្តិកូវីដ-១៩ បានធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ ប៉ុន្តែភ្ញៀវទេសចរជាតិមានការកើនឡើង។ ក្រៅពីប្រាសាទព្រះវិហារ ភ្ញៀវទេសចរអាចទស្សនាកម្សាន្តតំបន់ផ្សេងៗ នៅក្នុងខេត្តព្រះវិហារ ដែលជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរ។ 

ទន្ទឹមនឹងការមកកម្សាន្តរបស់ភ្ញៀវទេសចរ លោក គង់ ពុទ្ធិការ ចង់ឲ្យភ្ញៀវទេសចរប្រើប្រាស់សេវាសហគមន៍ ដើម្បីជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ។ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បញ្ជាក់ថា៖ «យើងបានបង្កើតចលនាបន្លែបៃតង ដែលឲ្យពលរដ្ឋដាំបន្លែគ្មានជាតិគីមី សម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ។ ខ្ញុំសូមលើកទឹកចិត្តដល់ភ្ញៀវទេសចរទាំងអស់ ចូលរួម និងលើកកម្ពស់សេវាសហគមន៍ ជាពិសេសការខិតខំប្រឹងប្រែងរបស់ប្រជាជនក្នុងតំបន់ប្រាសាទព្រះវិហារ»។ 


រូបភាព​ផ្ដល់ដោយលោក Piak Lim

លោក គង់ ពុទ្ធិការ លើកឡើងថា តាមរយៈការផលិតរូបភាពដ៏ស្រស់ស្អាតរបស់ Cambodia Amazing Trip Planner បានរួមចំណែកទាក់ទាញភ្ញៀវទេសចរឲ្យកម្សាន្តខេត្តព្រះវិហារ ពិសេសប្រាសាទព្រះវិហារ។ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានសំណូមពរដល់ភ្ញៀវទេសចរមកកម្សាន្តប្រាសាទព្រះវិហារ ដែលជាបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរ ចំពោះការទស្សនាប្រាង្គប្រាសាទដ៏ពិសិដ្ឋនៅលើភ្នំដងរែក៕ 







រូបភាព​ផ្ដល់ដោយ លោក Piak Lim
ដោយ៖ ញឹក ស្រីល័ក្ខ © រក្សាសិទ្ធិដោយ thmeythmey25.com