Thmey Thmey 25
ពលរដ្ឋ​ប្រទះឃើញ​សត្វ​ដំរី ១៤​ក្បាល ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
24/11/2020 5:00 pm ភ្នំពេញ ​ប្រជាពលរដ្ឋ​នៃ​ខេត្តមណ្ឌលគិរី បាន​ប្រទះឃើញ​ដំរីព្រៃ​មួយ​ហ្វូង​ប្រមាណ ១៤​ក្បាល នៅពេលដែល​ពួកគាត់​ចូល​ព្រៃ ដើម្បី​ប្រមូល​អនុផល​ព្រៃឈើ នៅក្នុង​ភាគខាងត្បូង​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បើតាម​អង្គការ WCS ហ្វូង​ដំរី​ដែល​ពលរដ្ឋ​ប្រទះឃើញ​នេះ តាំងពី​ចុងខែ​តុលា​មក​ម្លេះ​។ «​ក្រោយ​ឃើញ​ហ្វូង​ដំរី​ទាំងនោះ ពួកគាត់​បាន​ប្រញាប់​រត់ឡើង​លើ​ដើមឈើ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ លោក ពឿ​ន កឿ​ន ជា​អ្នកភូមិ​ម្នាក់​ក្នុងចំណោម​នោះ បាន​យក​ទូរស័ព្ទ​របស់គាត់​ថត​សកម្មភាព​សត្វ​ដំរី​ទាំងនេះ កំពុងស៊ី​ឫស្សី និង​ដើរ​ឆ្លងកាត់​ក្រោម​ដើមឈើ​ដែល​ពួកគាត់​កំពុង​លាក់ខ្លួន​»​។ អង្គការ WCS បញ្ជាក់ថា តាម​ការប៉ាន់ប្រមាណ មាន​ដំរី​ប្រហែល ១០០​ក្បាល កំពុង​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​ការ​បានឃើញ​ហ្វូង​ដំរី​ដ៏​ធំ មាន​សុខ​ភាពល្អ មានកូន​មាន​ចៅ​ច្រើន​ដូចនេះ គឺជា​ករណី​កម្រ​ណាស់​។​

​សត្វ​ដំរី នៅ​ទូទាំងប្រទេស​កម្ពុជា កំពុង​ទទួលរង​ការគំរាមកំហែង ដោយសារ​ការបាត់បង់​ទីជម្រក​ដែល​បណ្តាលមកពី​មានការ​កាប់​រាន​ព្រៃ​ខុសច្បាប់ យក​ដី​ធ្វើ​កសិកម្ម​នៅក្នុង​តំបន់ការពារធម្មជាតិ​។ បើតាម​របាយការណ៍​១០​ឆ្នាំ (២០១០-២០២០) របស់ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​បញ្ជាក់ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ប្រភេទ​សត្វព្រៃ និង​ជីវចម្រុះ​ប្រមាណ ១,០០០​ប្រភេទ ដែលជា​ចំនួន​ច្រើនជាងគេបង្អស់​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​នៅ​ទូទាំង​កម្ពុជា​៕
ដោយ៖ ខន ណា​រី​ © រក្សាសិទ្ធិដោយ thmeythmey25.com