Thmey Thmey 25
ក្រៅពី​ប្រើប្រាស់​ជា​ឱសថ​«​ប្រោះ ឬ​ប្រោះ​ក្រអូប​» ក៏​ជួយ​ពន្យា​ភាព​ចាស់ និង​ធ្វើ​ឲ្យ​សាច់​ចាំ​
26/11/2020 8:00 am ភ្នំពេញ «​ប្រោះ​» ឬ​ហៅ​ម្យ៉ាង​ទៀតថា «​ប្រោះ​ក្រអូប​» ជា​រុក្ខជាតិ​ស្មៅ​ដែលមាន​ក្លិនក្រអូប​ប្រហើរ និង​មាន​មើម​ជា​បំពង់ រាង​ដូច​ស៊ុត​។ រុក្ខជាតិ​ប្រភេទ​នេះ​ដុះ​ដោយ​ខ្លួនឯង ហើយ​ភាគច្រើន​ត្រូវបាន​គេ​ដាំ​សម្រាប់​ប្រើ​ជា​ឱសថ​។

​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​បង្ហាញថា ប្រភេទ​ស្មៅ​នេះ ត្រូវបាន​គេ​យកទៅ​ព្យាបាល​ឈឺភ្នែក ហើម របួស វិលមុខ ញ័រ​ទ្រូង ពុល មិន​ឃ្លានបាយ អាហារ​មិន​រំលាយ ធ្វើ​ឲ្យ​ស្រួលខ្លួន និង​អាយុ​វែង​ផងដែរ។​

​ស្លឹក​ស្រស់​បុក​ពូត​យក​ទឹក បន្តក់​ក្នុង​ត្រជាក់ ព្យាបាល​អាការ​ឈឺ​ត្រចៀក ។ ម្យ៉ាងទៀត​ស្លឹក​ស្រស់​យកទៅ​កម្ដៅ​ឆ្អើរ យកទៅដាក់​លើ​ដំបៅ ឬ​របួស ដើម្បី​ឲ្យ​ឆាប់​ដុះ​សាច់ និង​ឆាប់​ជា ។ មួយវិញទៀត​ឈ្លី​ស្លឹក​ស្រស់​ឲ្យ​ទក់ ហើយ​ហិត សម្រាប់​ព្យាបាល​រោគ​វិលមុខ ញ័រ​ទ្រូង ។ 

​ចំពោះ​ទឹក​របស់​មើម ផឹក​បន្សាប​ជាតិពុល​។ មើម​នេះ ក៏​ជួយ​ព្យាបាល​អាការ​មិន​ឃ្លានបាយ អាហារ​មិន​រំលាយ និង​បំប៉ន​សុខភាព ដោយ​យក​ម្សៅ​មើម​ស្ងួត​ប្រមាណ ៣-៥​ក្រាម លាយ​និង​ទឹក​ពុះ​ផឹក​។ ជាពិសេស ផ្កា​នៃ​រុក្ខជាតិ​នេះ យកទៅ​លាយ និង​ទឹកឃ្មុំ ដើម្បី​ជួយ​ពន្យារ​ភាព​ចាស់ និង​ធ្វើ​ឲ្យ​សាច់​ចាំ ៕

(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។ 

ដោយ៖ ស៊ុ​ល រ៉​វី​ © រក្សាសិទ្ធិដោយ thmeythmey25.com