Thmey Thmey 25
ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងចំណាយជិត៩២លានដុល្លារ ដើម្បីស្ដារផ្លូវជាង៦០០ខ្សែ និងអណ្ដូងទឹក៤០០០កន្លែង 
25/11/2020 10:29 am ភ្នំពេញ ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងចំណាយថវិកាជាង៩១,៩លានដុល្លារ ដើម្បីស្ដារផ្លូវជាង៦០០ខ្សែនិងអណ្ដូងទឹកជាង៤០០០កន្លែង ក្រោយរងផលប៉ះពាល់ដោយសារទឹកជំនន់។ នេះបើតាមការលើកឡើងរបស់លោក ចាន់ ជារ៉ុង រដ្ឋលេខាធិកា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ។ 

លោក ចាន់ ជារ៉ុង បានបញ្ជាក់ថា ថវិកាចំណាយជាង៩១.៩លានដុល្លារនេះ គឺជាការប៉ាន់ស្មានបឋមដែលត្រូវចំណាយដើម្បីស្ដារផ្លូវនិងអណ្ដូងទឹកនៅជនបទ ខណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងទម្លាក់ប្រាក់១៥លានដុល្លារ សម្រាប់ស្ដារឡើងវិញ។ 

ក្នុងសន្និសីទសារព័ត៌មានស្ដីពី«យុទ្ធសាស្រ្តកែលម្អការខូចខាត ដោយសារទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅទីស្ដីការគណៈរដ្ឋមន្រី្ត នៅថ្ងៃទី២៤វិច្ឆិកានេះ លោក ចាន់ ជារ៉ុង បានអះអាងថា ថវិកាដែលត្រូវចំណាយនេះ មួយផ្នែកគឺជារបស់រដ្ឋ ហើយថវិកាមួយផ្នែកទៀត គឺកំពុងស្នើសុំជំនួយពីដៃគូអភិវឌ្ឍន៍។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំស្ដារការខូចខាតឡើងវិញ ផ្លូវនៅជនបទ យ៉ាងយូរឲ្យហើយមុនរដូវវស្សាវឆ្នាំ២០២១»។ 

នៅទូទាំងប្រទេស ផ្លូវនៅជនបទរងផលប៉ះពាល់ជាង៦០០ខ្សែ ក្នុងនោះខេត្តក្រុងដែលរងផលប៉ះពាល់ធ្ងន់ជាងគេ មានចំនួន៩។ ផ្លូវជនបទដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ មានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង និងឧត្តរមានជ័យ។ ទន្ទឹមនឹងនេះ អណ្ដូងទឹកជាង៤០០០ បានរងផលប៉ះពាល់និងតាមការប៉ាន់ស្មានគឺត្រូវការថវិកាប្រមាណ៩០ម៉ឺនដុល្លារដើម្បីស្ដារឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក ជារ៉ុង។

«ក្រសួងនឹងស្ដារឡើងវិញ ចំពោះគម្រោងអាទិភាពមុន គឺផ្លូវដែលរងផលប៉ះពាល់ធ្ងន់ធ្ងន់ខ្លាំងមុនក្នុងចំណោមខេត្តទាំង៩មាន ផ្លូវក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង»។រដ្ឋលេខាធិកា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់បែបនេះ៕ 
 
ដោយ៖ ឡាយ សុភាវតី  © រក្សាសិទ្ធិដោយ thmeythmey25.com