ដោយ៖ ឡាយ សុភាវតី
យុវជន​មួយក្រុម យក​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី
3 ថ្ងៃ . ភ្នំពេញ

ពិធី​សង្ក្រាន្ត​អបអរសាទរ​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ ភាគច្រើន​តែង​ប្រារព្ធ​នៅតាម​រមណីយដ្ឋាន កន្លែង​កម្សាន្ត សាលារៀន ឬ​កន្លែង​ដែលមាន​ទីតាំង​ស្អាតៗ​។ ដោយឡែក ក្រុមយុវជន​មួយក្រុម ដែល​ដាក់ឈ្មោះ​ឲ្យ​ខ្លួនឯង​ថា «​យុវជន​សំរាម​» បែរជា​នាំគ្នា​ប្រារព្ធ​ពិធី​សង្ក្រាន្ត​នៅលើ​ប្រឡាយ​បឹងត្របែក ជា​កន្លែង​ដែល​ពោរពេញ​ដោយ​សំរាម​និង​ក្លិនស្អុយ​។ យុវជន សាន ដា​រ៉ា​វីត ជា​អ្នកផ្តើមគំនិត អះអាងថា ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត និង​ជ្រើសរើស​ទីតាំង​នេះ គឺ​ដើម្បី​បង្កើន​ចំណងមិត្តភាព​ចំពោះ​អ្នកចូលរួម​សកម្មភាព​រើស​សំរាម​កន្លងមក និង​អ្នក​មានបំណង​ចង់​ចូល​ពីមុន មកជួបជុំ​គ្នា​នៅ​កម្មវិធី​នេះ​។ 

លោក សាន ដា​រ៉ា​វីត លើកឡើងថា ពិធី​សង្ក្រាន្ត មិនមាន​យុវជន​ណា រើសអើង​ចំពោះ​ទីតាំង​នេះ​ទេ គឺ​មានតែ​ការចង់​ចូល​រូ​ម និង​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែលមាន​ចិត្ត​ចង់​ជួយ​សកម្មភាព​បរិស្ថាន​។ ម្យ៉ាងទៀត ពួកគេ បាន​មកជួយ​ជុំគ្នា និង​ការកម្សាន្ត​សប្បាយ​ផងដែរ​។ លោក បន្តថា លោក ក៏បាន​អ​ញ្ចើ​ញ​អាជ្ញាធរ​ឲ្យ​ចូលរួម​ពិធី​សង្ក្រាន្ត​នៅ​ថៃ្ង​ទី​៥​មេសា​នេះ​ផងដែរ​។​


យុវជន​រូបនេះ បន្តថា អ្នកចូលរួម នឹង​ទទួលបាន​អារម្មណ៍​រីករាយ​ភ្ញាក់ផ្អើល ដោយសារ​ការរៀប​កម្ម​វិធី​សង្ក្រាន្ត​លើ​ប្រឡាយ​បឹងត្របែក​នេះ គឺជា​លើកទីមួយ​។ 
 
​កម្មវិធី​នេះ នឹងមាន​ការលេង​ល្បែង​ប្រជាប្រិយ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​។ ថ្ងៃទី​៦​មេសា ចាប់ពី​ម៉ោង​៣​ដល់​ម៉ោង​៩​យប់ ប្រជាពលរដ្ឋ​និង​យុវជន អាច​ចូល​កម្សាន្ត​ដោយ​សេរី​៕