Thmey Thmey 25
អ្នកភូមិ​នាំគ្នា​ធ្វើ​ត្រសក់ចាវ​, ជ្រក់មមាញ​, ខ្ទឹម​ត្រាំ​…​លក់​ឲ្យ​ទេសចរ​ដែល​ទៅលេង​សួនផ្កា​ឈូករ័ត្ន
2 ម៉ោង . ភ្នំពេញ

​ត្បូងឃ្មុំ​៖ សួនផ្កា​ឈូករ័ត្ន នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ទាក់ទាញ​ទេសចរ​ទីជិត​ឆ្ងាយ ទៅ​កម្សាន្ត​ជា ហូរហែ​។ មិន​ត្រឹមតែ​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ ប៉ុណ្ណោះ​ទេ សួនផ្កា​ឈូករ័ត្ន បាន​ជំរុញ​ឲ្យ​អ្នកភូមិ​នាំគ្នា​ធ្វើ ត្រសក់ចាវ​, ជ្រក់មមាញ​, ខ្ទឹម​ត្រាំ​, ម្ទេស​ត្រាំ និង​ពោត​ស្ងោរ​ជាដើម លក់​ឲ្យ ទេសចរ ដែល​ទៅលេង​កម្សាន្ត​នៅ​សួនផ្កា​ឈូករ័ត្ន​នេះ​។

សួនផ្កា​ឈូករ័ត្ន និង​ផ្កាស្បៃរឿង​ដែល​ស្ថិតនៅ​ភូមិ​ជី​រោទិ៍​ក្រោម​ទី​២ ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានក្លាយ​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ សម្រាប់​ខេត្ត​ថ្មី​នេះ​។ ជា​រៀងរាល់ថ្ងៃ សួនផ្កា​ដែល​ត្រូ​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ប្រមាណ​៥​ហិកតា​នេះ បាន​ទាក់ទាញ​ទេសចរ​ពី​ទីជិត ទី​ឆ្ងាយ និង​តាម​បណ្តា​ខេត្ត​នានា​ផង ឲ្យ​ចូល​ទស្សនា និង​ថតរូប ឥត​ដែល​ដាច់​ឡើយ​។​

សួនផ្កា​ឈូករ័ត្ន មិន​ត្រឹមតែ​ជា​កន្លែង​កម្សាន្ត​សម្រាប់​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​បង្កើត​នូវ​មុខរបរ​លក់ដូរ​បន្ថែម ដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែរ​។ រយៈពេល​ប្រមាណ​២​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ពិសេស​អ្នក​ដែលមាន​ផ្ទះ​នៅតាម​បណ្តោយ​ផ្លូវ ទៅកាន់​សួន​ឈូករ័ត្ន​តែម្តង បាននាំគ្នា​ធ្វើ​ត្រសក់ចាវ​, ជ្រក់មមាញ​, ខ្ទឹម​ត្រាំ​, ម្ទេស​ត្រាំ និង​ពោត​ស្ងោរ​ជាដើម ដើម្បី​លក់​ឲ្យ​ទេសចរ​។ ចំនួន​អ្នកលក់ ក៏​កើនឡើង​ព្រោងព្រាត​ផងដែរ​។


កញ្ញា មួយ​ទាង ជា​អ្នកលក់​មួយរូប បាន​ប្រាប់​ThmeyThmey25 ថា កញ្ញា អាច​លក់ដាច់​បាន​ច្រើន នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​បុណ្យទាន​ម្តងម្កាល​។ ជា​មធ្យម មួយ​ទាង អាច​លក់ ត្រសក់ចាវ​, ម្ទេស​ត្រាំ​,​ខ្ទឹម​ត្រាំ និង​មមាញ​ជ្រក់ បាន​ចន្លោះ​ពី ៥ ទៅ​៧​ក្រឡ អាស្រ័យទៅលើ​ចំនួន​ភ្ញៀវ​។ បើតាម​អ្នកលក់​ដដែល ត្រសក់​ត្រាំ​,​ខ្ទឹម​ត្រាំ មួយ​ក្រឡ​តូច​តម្លៃ​៦​ពាន់​រៀល​,​មមាញ​ជ្រក់​ក្រឡ​ធំ តម្លៃ​៧​ពាន់ ទៅ​៨​ពាន់​រៀល​។​


អ្នកស្រី ឡាយ សុខ យ៉េ​ង ដែល​ទើបតែ​ប្រកប​របរ​នេះ​ថ្មីថ្មោង​នោះ មាន​សម្តែង​ក្តីសប្បាយ ដោយសារតែ​អ្នកស្រី អាច​ទទួលបាន​ចំណូល​បន្ថែម ដើម្បី​ដោះស្រាយ​ជីវភាព​។ ក្រៅតែពី​ធ្វើ ធ្វើ​ត្រសក់​ត្រាំ​,​ជ្រក់ខ្ទឹម អ្នកស្រី​ក៏បាន​ប្រមូល​ទិញ​ដំណាំ​ហូប​ផ្លែ​មួយចំនួនទៀត​ដែលមាន​នៅក្នុង​ភូមិ មក​លក់​ដែរ​។​

អ្នកភូមិ​ម្នាក់ទៀត​នេះ ក៏​ទទួលបាន​ចំណូល​បន្ថែម​ពី​ការលក់​ត្រសក់ចាវ​ត្រាំ​ដែរ​។ ទើបតែ​លក់បាន​ប្រហែល​១​ខែ អ្នកស្រី ទឺ​ម វ៉ា បាន​ប្រាប់​ThmeyThmey25 ថា ពីដំបូង​អ្នកស្រី​ធ្វើ​ត្រឹមតែ ១០​គីឡូ​ត្រសក់​តែ​ប៉ុំ​ណ្ណោះ​ក្នុង​មួយថ្ងៃ តែ​សព្វថ្ងៃ​អ្នកស្រី​បង្កើន​ដល់​១០០​គីឡូក្រាម ដោយសារ​មាន​កំណើន​ភ្ញៀវទេសចរ និង​មានមក​ទិញ​ច្រើនជាង​មុន​។


លោក ប៉ត សុផល ដែលជា​ម្ចាស់​ចម្ការ​ផ្កាឈូករ័ត្ន ថ្លែងប្រាប់ ThmeyThmey25 លោក​ពិត​រីករាយ​ខ្លាំងណាស់ នៅពេលដែល​ចំនួន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​សួនផ្កា​យ៉ាងច្រើន​កុះករ​។


កំណើន​ទេសចរ ក៏បាន​រួមចំណែក​ចែក​ភាគលាភ​ដល់​អ្នកភូមិ​ដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក សុផល ដោយ​លោក​បាន​បន្តថា នៅ​ដើម​ខែមេសា​កន្លងទៅ មាន​រថយន្ត​ជាង​៣០០​គ្រឿង និង​ម៉ូតូ​ជាង​៤០០​គ្រឿង បាន​ចូលទៅ​ទស្សនា​ចម្ការ​ផ្កា​របស់ខ្លួន ក្នុង​មួយថ្ងៃៗ​៕

ដោយ៖ តុង ស្រីល័ក្ខ © រក្សាសិទ្ធិដោយ thmeythmey.com