2 ថ្ងៃ . ភ្នំពេញ
សៀមរាប៖ ក្រៅពីស្ករត្នោត ក្នុងនោះគេក៏ស្គាល់ត្រសក់ផ្អែមរបស់អ្នកស្រុកបន្ទាយស្រីផងដែរ។ នៅតាមផ្លូវទៅប្រាសាទបន្ទាយស្រី កសិករបានដាក់លក់ត្រសក់ផ្អែមតាមសងខាងផ្លូវ ដើម្បីទាក់ទាញភ្នែកអ្នកជិះកាត់។ ឆ្នាំនេះ ការប្រមូលផលត្រសក់ផ្អែមរបស់អ្នកស្រុកបន្ទាយស្រី គឺចាប់ពីចុងខែ មីនាមក។ កសិករថា ដោយសារអ្នកដាំត្រសក់កើនឡើង ធ្វើឱ្យតម្លៃហាក់ចុះបន្ដិច គឺរាល់ឆ្នាំអាចលក់បានចន្លោះពី ៦ពាន់ទៅ៧ពាន់រៀល តែឆ្នាំនេះលក់បានត្រឹម ៥ពាន់រៀលទេ។
លោក ពុទ្ធសារ៉ាត់ កសិករនៅស្រុកបន្ទាយស្រី បានដាំត្រសក់ផ្អែមចំនួនជាង ៦ពាន់ដើម។ លោកថា ត្រសក់ផ្អែមឆ្នាំនេះរៀងធ្លាក់ថ្លៃ ក៏ប្រហែលមកពីមានអ្នកដាំច្រើន។ តាមកសិកររូបនេះ ត្រសក់ផ្អែមមានច្រើនប្រភេទ ហើយជារុក្ខជាតិមួយរៀងពិបាកដាំ រីឯពូជក៏ថ្លៃដែរ។ លោកបន្ថែមថា ត្រសក់មួយដើមបានផ្លែតែមួយប៉ុណ្ណោះ ដោយដាំរយៈពេល៦៣ថ្ងៃទើបបានផល រីឯការប្រមូលផលសោត គឺត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ។ ត្រសក់ផ្អែមអាចទុកបានរហូតដល់មួយខែក្រោយបេះរួច។ នេះជាការបញ្ជាក់របស់កសិករ លោក ពុទ្ធសារ៉ាត់៕