ដោយ៖ ញឹក ស្រីល័ក្ខ (Nhek Sreyleak)
«​យុវជន​ជនជាតិដើម​» បោះបង់​ចម្រៀង​-​របាំ​ប្រពៃណី​ ចាប់យក​ចម្រៀង​សម័យ​
3 ថ្ងៃ . ភ្នំពេញ

រតនគិរី​៖ ចម្រៀង និង​របាំង​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ព្រៅ​ចំនួន​៥​បទ ដែល​បាន​សម្តែង​នៅក្នុង​សហគមន៍​កា​ទៀង នៅក្នុង​ស្រុក​លំផាត់ សុទ្ធសឹងតែ​ជា​សិល្ប​ករចាស់ៗ​។ អវត្តមាន​យុវជន​ជនជាតិ​ព្រៅ​ក្នុងការ​បន្តវេន​ថែរក្សា​ចម្រៀង និង​របាំ​ប្រពៃណី ដែលជា​មរតក​ដូនតា​របស់​ពួកគេ គឺជា​ក្តីកង្វល់​របស់​សិល្បករ​ចាស់ៗ​ទាំងនោះ​។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​តំណាង​ឲ្យ​ក្រុម​របាំ​ប្រពៃណី​ជនជាតិ​ព្រៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា យុវជន​ជនជាតិដើម​របស់​ពួកគាត់​បច្ចុប្បន្ន សប្បាយ​នឹង​ច្រៀង​សម័យ និង​ការ​រាំ​ធុងបាស​ច្រើនជាង ច្រៀង​ចម្រៀង និង​រាំ​របាំ​ប្រពៃណី​ដែល​បន្សល់ទុក​ពី​ដូនតា​របស់​យុវជន​ទាំងនោះ​។​

«​កាលពីមុន​មាន​យុវជន​ច្រើន តែ​ឥឡូវ ពួកគេ​មានគ្រួសារ មានកូន ពួកគេ​អត់​បានមក​រាំ​ទៀត​ទេ​។ ខ្លះទៀត គេ (​យុវជន​ជនជាតិដើម​ភាគតិច​ព្រៅ​) ប្រាប់​ខ្ញុំ​ថា រាំ​បទ​ញាក់​សប្បាយ​ជាង រាំ​របាំ​ប្រពៃណី​»​។ នេះ​ជាស​ម្តី​របស់​សិល្បករ​វ័យ​ចំណាស់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​បេសកកម្ម​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ នៅក្នុង​ខេត្តរតនគិរី​។ 
 
​ក្រុម​សិល្បករ​ដែល​បាន​បង្រៀន​យុវជន​របស់​ពួកគាត់​ឲ្យ​បន្តវេន​របាំ​ប្រពៃណី​របស់​ជនជាតិ​ព្រៅ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ ទោះបីជា ពួកគាត់​(​យុវជន​ជនជាតិ​ព្រៅ​) រាំ​របាំ​ជនជាតិ​ក៏ដោយ ក៏​ជើង​របស់គាត់​នៅ​ញាក់​ដូច​រាំ​ធុងបាស​ដដែល ហើយ​យុវជន​ទាំងនោះ ក៏​មិន​ចង់​រាំ​របាំ​ប្រពៃណី​របស់​ពួកគេ​ដែរ ព្រោះ​ខ្លា​ចរាំ​ខុស​ចង្វាក់​, ពួកគេ​នៅតែ​ចូលចិត្ត​រាំ​សម័យ​ជាង​។​
ឆ្លើយតប​នឹង​ក្តីបារម្ភ​ខ្លាច​ចម្រៀង និង​របាំ​ប្រពៃណី​ពី​ដូនតា​បាត់បង់ ជនជាតិដើម​ភាគតិច​ព្រៅ​ដែល​រស់នៅ​ភូមិភាគ​ឦសាន​នៃ​ស្រុក​លំផាត់ ខេត្តរតនគិរី ទាំងនោះ នៅតែ​ព្យាយាម​រក្សា​វប្បធម៌​ប្រពៃណី​របស់ខ្លួន​ដដែល​។​
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​នៃ​ការ​ចម្រៀង និង​រាំ​របាំ​ប្រពៃណី​របស់​ជនជាតិដើម​ភា​គតិ​ពៅ​ច​ចំនួន​៥​បទ​។ បទ​ចម្រៀង​ទាំងនោះ​មាន​អត្តសញ្ញាណ​យ៉ាង​ដូច្នេះ បទ​ទី​១៖ ប្រគំ​ឡើង​សម្រាប់​សុំ​ទឹកភ្លៀង​, បទ​ទី​២៖ ប្រគំ​ឡើង​សម្រាប់​ទទួលភ្ញៀវ កំដរ​ភ្ញៀវ​ក្នុង​ពិធី​អ្វីមួយ​, បទ​ទី​៣៖ ប្រគំ​ឡើង​សម្រាប់​សែនព្រេន​ដូនតា អ្នកតា ទេវតា​ជាដើម​, បទ​ទី​៤៖ ប្រគំ​ឡើង​សម្រាប់​ដាស់តឿន​កុមារ​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ និង​បទ​ទី​៥៖ ប្រើ​នៅពេល​ជួបជុំ​ញាតិមិត្ត អ្នកភូមិ​ជាដើម​។ សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖