Thmey Thmey 25
និស្សិត​សកលវិទ្យា​ល័យ Paragon រៃអង្គាស​ថវិកា​ទិញ​ម៉ូតូ​ឲ្យ​មិត្តភក្តិ​ក្រីក្រ​របស់​ពួកគេ​ម្នាក់​
1 ថ្ងៃ . បាត់ដំបង

ភ្នំពេញ​៖ និស្សិត​សកលវិទ្យា​ល័យ Paragon មួយក្រុម​តូច​បាន​រៃអង្គាស​ថវិកា​បាន​មួយចំនួន​ដើម្បី​ទិញ​ម៉ូតូ​មួយគ្រឿង​ឲ្យ​មិត្តភក្តិ​ក្រីក្រ​របស់គេ​ម្នាក់​ដែល​សិក្សា​នៅ​ឆ្នាំ​ទី​១​ជាមួយគ្នា​នៅ​សកលវិទ្យា​ល័យ  Paragon  (​អតីត​សកល​វិទ្យាល័យ Zaman)​។  និស្សិត យ៉​ន សុខន កើត​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​នៅក្នុង​ខេត្តបាត់ដំបង​។ ដោយ​ការខិតខំ​ប្រឹងប្រែង សុខន រៀន​ពូកែ ហើយក៏​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សកលវិទ្យា​ល័យ Paragon នៅ​រាជធានី​ភ្នំពេញ​។

«​ស្នាក់នៅ​ក្នុង​វត្ត​ឧណ្ណាលោម​នៅក្បែរ​មាត់ទន្លេ​, ធាក់​កង់​កញ្ចាស់​មួយគ្រឿង​ទៅកាន់​សាលារៀន Paragon​នៅ​តំបន់​ទួលគោក​, ពេលខ្លះ ខ្វះ​ថវិកា​ហូប​អាហារ​ពេល​ថ្ងៃ​…»​។ ទាំងអស់នេះ គឺជា​ស្ថានភាព​ពិត​របស់​យុវ​និស្សិត យ៉​ន សុខន អាយុ​១៩​ឆ្នាំ កំពុង​បន្ត​ការសិក្សា​ដោយ​ទទួលបាន​អាហារ​រូបករណ៍​នៅ​សកលវិទ្យា​ល័យ Pararon​។ កាលពី​ឆ្នាំមុន សុខន បាន​ប្រឡង​ជាប់​បាក់​ឌុប​ដោយ​ទទួលបាន​និទ្ទេស B ហើយ​កាលពី​ឆ្នាំមុន​(២០១៨) ដូចគ្នា​ដែរ​, សុខន ក៏​ជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៥​ទូទាំងប្រទេស​។ 


​រៀន​ពូកែ តែ​គ្រួសារ​ក្រីក្រ ឬ​គ្រួសារ​ក្រីក្រ តែ សុខន រៀន​ពូកែ​។ ជា​កូន​បង​នៅក្នុង​គ្រួសារ​ដែលមាន​បងប្អូន​៣​នាក់ សុខន មិនអាច​ពឹងពាក់​លើ​គ្រួសារ​បានឡើយ ព្រោះ ឪពុកម្តាយ​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​។ ដូច្នេះ សុខន រស់នៅ ដោយ​ពឹងពាក់​តែ​ទីវ​ត្ត​អារាម​តាំងពី​តូច និង​តាំងពី​រស់នៅក្នុង​ខេត្តបាត់ដំបង​មកម្ល៉េះ​។ 

ដោយ​មើលឃើញ​ការតស៊ូ អំណត់ ព្យាយាម​របស់ យ៉​ន សុខន នោះ​, មិត្តភក្តិ​រួម​ថ្នាក់​ឆ្នាំ​ទី​១​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​របស់ សុខន នៅ​សកល​វិទ្យាល័យ Paragon ក៏បាន​សម្រេចចិត្ត​រៃអង្គាស​ថវិកា​ក្នុងចំណោម​ពួកគេ​ផ្ទាល់​បាន​ជាង​២០០​ដុល្លារ​ដើម្បី​ទិញ​ម៉ូតូ​មួយគ្រឿង​ក្នុងតម្លៃ​សមរម្យ​ល្មម​ជូន​និស្សិត សុខន​។ និស្សិត គី ចំណា ដែល​ចេញមុខ​ជួយ​សម្រប​សម្រួលការ​រៃ​អង្គា​ថវិកា​ទិញ​ម៉ូតូ​ជូន សុខន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មិត្តភក្តិ​គេ​ទាំងអស់គ្នា​សប្បាយចិត្ត​ក្នុងការ​ផ្តល់​ថវិកា​ដើម្បី​ទិញ​ម៉ូតូ​ឲ្យ សុខន​។ «​អ្នកខ្លះ​មាន​តិច ចូលរួម​តិច អ្នកមាន​ច្រើន​ចូលរួម​ច្រើន​»​។


នៅ​ចំពោះមុខ​ទឹកចិត្ត​របស់​មិត្តភក្តិ យុវជន សុខន គ្មាន​ពាក្យពេចន៍​អ្វី​ថ្លែង​ឲ្យ​លើសពី​ពាក្យ​ថា​«​អរគុណ និង​រំភើបចិត្ត​ឡើយ​ចំពោះ​មិត្តភក្តិ​ឡើយ​»​។ បើ​បាន​ម៉ូតូ​ហើយ សុខន ត្រូវ​រៀន​ជិះ​ម៉ូតូ​សិន ព្រោះ សុខន មិនទាន់​ចេះ​ជិះ​ម៉ូតូ​ពិតប្រាកដ​នៅឡើយ​ទេ​៕ 



ដោយ៖ ថ្មីៗ © រក្សាសិទ្ធិដោយ thmeythmey.com