ដោយ៖ តុង ស្រីល័ក្ខ
ល្បី​បាញ់ឆែវ​ឆ្ងាញ់​នៅ​កំពង់ចាម មួយ​បន្ទះ​២​ពាន់​រៀល អ្នកស្រី សុខ ហួ លក់​មិនទាន់​អ្នកទិញ​
3 ថ្ងៃ . កំពង់ចាម

កំពង់ចាម​៖ ល្បី​ចេញពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នំ​បាញ់ឆែវ​របស់​អ្នកស្រី សុខ ហួត លក់​នៅក្រោយ​វត្ត​ដីដុះ ក្រុង​កំពង់ចាម មាន​អនាម័យ​, រសជាតិ​ឆ្ងាញ់ និង​តម្លៃ​ត្រឹមតែ​២​ពាន់​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​បន្ទះ ជាមួយនឹង​បន្លែស្រស់​មួយឈុត​។ បច្ចុប្បន្ន ថៅកែ​ហាង​នំ​បាញ់ឆែវ អាយុ​៥៦​ឆ្នាំ ម្នាក់នេះ បាន​បន្ថែម​ខ្ទះ​រហូតដល់​ទៅ​៨ សម្រាប់​ចាក់​នំ​ឲ្យ​ទាន់​នឹង​តម្រូវការ​របស់​អតិ​ថ​ជន​។ ក្នុង​មួយថ្ងៃ​អ្នកស្រី ហួ ប្រើ​អង្ករ​សម្រាប់ធ្វើ​នំ​បាញ់ឆែវ​នេះ​លក់ អស់​រហូតដល់​ទៅ​៣៥​គីឡូក្រាម ដោយ​រកប្រាក់​ចំណូល​បាន​ជាង​១​លាន​រៀល​។ តែ​យ៉ាងណា មិនមាន​កូនៗ​ណា​ម្នាក់​របស់​អ្នកស្រី​ចង់​ស្នង​មុខរបរ​នេះឡើយ ដោយ​អ្នកស្រី សុខ ហួ បានត្រឹមតែ​ប្រាប់ ThmeyThmey 25 ថា​៖ «​ខ្ញុំ​នឹង​បន្ត​ប្រកបមុខរបរ​លក់​នំ​បាញ់ឆែវ​នេះ រហូត​ទាល់តែ​ខ្ញុំ​អស់កម្លាំង​ធ្វើ​លែងរួច​»​។​

«​ខ្ទះ​ចំនួន​៨ ត្រូវបាន​រៀប​ជា​ជួរ​នៅលើ​ខ្នោះ​ជើងក្រាន​ដែលមាន​រាង​ទ្រវែង ជាមួយនឹង​បុគ្គលិក​៥​នាក់ កំពុង​មមាញឹក​ទទួល​អតិ​ជន​ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត​និង​បុគ្គលិក​តាម​ស្ថាបន​នានា ចេញចូល​ខ្វាត់ខ្វែង និង​ខ្លះទៀត​កំពុង​ឈរ​រង់ចាំ​ទិញ​នៅខាងមុខ​ផ្ទះ​លែ្វ​ង​ពីរ​ជាប់​គ្នា​»​។ ទាំងនេះ​គឺជា​ទិដ្ឋភាព​នៅក្នុង​ហាង​លក់​បាញ់ឆែវ​ដ៏​ល្បី​របស់​អ្នកស្រី សុខ ហួ ដែល​ស្ថិត​នៅក្រោយ​វត្ត​ដីដុះ ប្រប​នឹង​មាត់ទន្លេ ក្រុង​កំពង់ចាម​។​

រយៈពេល​ជាង​៦​ឆ្នាំ​មកហើយ​ដែល​អ្នកស្រី សុខ ហួ បាន​ប្រកបមុខរបរ​ចាក់​នំ​បាញ់ឆែវ​នេះ​លក់ នៅក្រោយ​វត្ត​ដីដុះ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ប៉ុន្តែ ម្ចាស់​ហាង​វ័យ​៥៦​ឆ្នាំ​រូបនេះ បាន​អះអាងថា ទើបតែ​៣​ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ មាន​អតិ​ថ​ជន​ច្រើន​គាំទ្រ​និង​សរសើរ​ថា នំ​បាញ់ឆែវ​របស់​អ្នកស្រី​ឆ្ងាញ់​និង​មានតម្លៃ​ទាប​។ ដំណឹង​នេះ បាន​សាយ​ចេញពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដែល​ធ្វើ​ឲ្យ​ហាង​របស់​អ្នក​កាន់តែ​ល្បី​មកដល់​សព្វថ្ងៃ​។​


ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​៧​យប់ គឺជា​ពេលដែល​ហាង​របស់​អ្នកស្រី​បើក​លក់ ប៉ុន្តែ នៅ​ចន្លោះ​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច គឺជា​ពេលដែល​មមាញឹក​បំផុត ដោយ​អ្នកស្រី សុខ ហួ ប្រាប់ ThmeyThmey 25 ថា​៖ «​នៅ​ចន្លោះ​ម៉ោង​បុគ្គលិក​ចេញពី​ធ្វើការ​និង​សិស្ស​និស្សិត​ចេញពី​សាលា គឺ​លក់ដាច់​ខ្លាំង ពេលខ្លះ​ខ្ញុំ​លក់​មិនទាន់​ពួកគាត់​មក​ទិញ​ផង​»​។​


ទាំង​អនាម័យ​, រសជាតិ និង​តម្លៃ​ត្រឹម​២​ពាន់​រៀល​សម្រាប់​នំ​បាញ់ឆែវ​មួយ​បន្ទះ ជាមួយនឹង​បន្លែ​ផ្ទាប់​មួយឈុត នេះហើយ ដែល​អតិថិជន​គាំទ្រ​ដោយ​មិន​រួញរា​និង​សរសើរ​ចេញពី​ចិត្ត បាន​ជំរុញ​ទឹកចិត្ត​ម្ចាស់​ហាង ម្នាក់នេះ ឲ្យ​បន្ត​ខំ​សម្រិតសម្រាំង​ទាំង​គុណភាព​និង​បរិមាណ​។ ដើម្បី​ទាន់​នឹង​តម្រូវការ​របស់​អតិថិជន​អ្នកស្រី សុខ ហួ បាន​ប្រើ​ខ្ទះ​សម្រាប់​ចាក់​នំ​រហូតដល់​ទៅ​៨​ខ្ទះ ដោយមាន​បុគ្គលិក​២​នាក់​ជា​អ្នកទទួលបន្ទុក និង​៣​នាក់​ផ្សេងទៀត ជា​អ្នក​រៀប​បន្លែ​និង​លើក​នំ​ឲ្យ​ភ្ញៀវ​ដែល​មក​បរិភោគ​នៅក្នុង​ហាង​និង​អតិថិជន​ដែល​ទិញយក​ទៅផ្ទះ​។​

សម្រាប់​តម្លៃ​ដ៏​សមរម្យ​ត្រឹមតែ​២​ពាន់​រៀល​ក្នុង​មួយ​បន្ទះ​នេះ ត្រូវបាន​អ្នកស្រី សុខ ហួ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​គិតដល់​សិស្ស​និស្សិត​ជា​ចម្បង ខ្ញុំ​លក់​នៅក្នុង​តម្លៃ​ទាប ពួកគាត់​អាចមាន​លិទ្ធ​ភាព​ទិញ​ហូប​បាន​ច្រើន គឺ​ដូច​ចំណេញ​បាន​ច្រើន​ដែរ​»​។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​សិស្ស​និស្សិត​និង​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្រុង​កំពង់ចាម​នេះ នៅ​ហាង​របស់​អ្នកស្រី​ក៏មាន​អតិថិជន​មកពី​ចម្ងាយ​ច្រើន​គួរសម​ដែរ​។ នៅក្នុង​មួយថ្ងៃ អ្នក សុខ ហួ ប្រើ​អង្ករ​រហូតដល់​ទៅ​៣៥​គីឡូក្រាម សម្រាប់​ចាក់​នំ​បាញ់ឆែវ​នេះ​លក់ ដោយ​អ្នកស្រី​អាច​រកចំណូលបាន​ជាង​១​លាន​រៀល​។​


ចំណូល​ដែល​នៅសល់​ក្រោយពី​ដក​ថ្លៃ​ចំណាយ​ទាំងអស់ ម្ចាស់​ហាង​នំ​បាញ់ឆែវ​ដ៏​ល្បី​នៅក្រោយ​វត្ត​ដីដុះ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម រូបនេះ អាច​ចិញ្ចឹម​ជីវភាព​គ្រួ​សារបាន​សមរម្យ រួមទាំង​បាន​ផ្គត់ផ្គង់​ការសិក្សារ​របស់​កូនស្រី​៣​នាក់​ផងដែរ ដោយ​២​នាក់​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​នៅ​ក្រុង​កំពុងចាម និង​ម្នាក់ទៀត​កំពុង​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ​។​




ទោះបីជា ប្រាក់ចំណូល​ដែល​បាន​ពីមុខ​របរ​លក់​នំ​បាញ់ឆែវ​នេះ ច្រើន​គួរសម​ពិតមែន តែ​អ្នក​ស្ត្រី​វ័យ​៥៦​ឆ្នាំ រូបនេះ បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត​ដែល​នឹង​គ្មាន​អ្នក​បន្តវេន ដោយ​អ្នកស្រី សុខ ហួ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​កូនៗ​ថា ឃើញ​ខ្ញុំ​ហត់នឿយ​ខ្លាំង ដូច្នេះ​ពួកគាត់​មិន​ចង់​បន្ត​មុខរបរ​នេះ​ទេ​។ ខ្ញុំ​ស្តាយ​កេរ្តិ៍ឈ្មោះ​ហាង​ដែល​ខំ​តាំងពីដើម​រហូត​ល្បី​ដូច​សព្វថ្ងៃ ប៉ុន្តែ មិនដឹង​ធ្វើ​មិច​។ ខ្ញុំ​នឹង​បន្ត​ប្រកបមុខរបរ​លក់​នំ​បាញ់ឆែវ​នេះ រហូត​ទាល់តែ​ខ្ញុំ​អស់កម្លាំង​ធ្វើ​លែងរួច​»៕