30/11/-0001 12:00 am ស្ទឹងត្រែង
ស្ទឹងត្រែង៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បក្សីក្រសាប្រផេះមួយក្បាល ត្រូវបានជាប់មងរបស់អ្នកនេសាទ ស្ថិតនៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ វាហៀបតែនឹងត្រូវបានយកទៅសម្លាប់ដើម្បីធ្វើម្ហូបទៅហើយ តែត្រូវបានសុំទិញយកមកលែងចូលព្រៃធម្មជាតិវិញ ដោយក្រុមការងារទេសចរណ៍មេគង្គក្នុងតម្លៃ ៥០០០០ (ប្រាំម៉ឺនរៀល) ពីអ្នកនេសាទ។
បក្សីក្រសាប្រផេះ មានឈ្មោះវិទ្យាសាស្ត្រ (
Ardea cinerea) និងឈ្មោះជាភាសាអង់គ្លេស Grey Heron ជាប្រភេទសត្វស្លាបរស់នៅតំបន់ដីសើម។ នៅផ្នែកខាងខ្នងរបស់ក្រសាប្រផេះ មានពណ៌ប្រផេះក្រម៉ៅ ក្បាល និងក មានពណ៌សព្រលែត ចំណែកឯបន្ទូលក្បាល មានរោមកំប៉ោយវែងពណ៌ខ្មៅ ចំពុះពណ៌លឿង ផ្នែកក្រោមស្លាបមានពណ៌ខ្មៅ មានឆ្នូតពណ៌នៅចំកណ្តាល។ ក្នុងពេលមិនបន្តពូជ ចំពុះរបស់ក្រសាប្រផេះមានពណ៌លឿង និងប្តូរទៅជាពណ៌លឿងទុំវិញ ពេលវាបន្តពូជ ដោយវាពងពេញមួយឆ្នាំ មួយលើកចំនួន៣-៥ស៊ុត។
លោក ថោង អូន ម្ចាស់រមណីដ្ឋានបក្សីមេគង្គ ដែលបានផ្តល់ព័ត៌មាន និងរូបភាព ដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) project បានឲ្យដឹងថា៖ «សត្វក្រសាប្រផេះនេះ វាជាប់មងរបស់អ្នកនេសាទ ដែលពួកគាត់បម្រុងយកទៅធ្វើម្ហូបទៅហើយ តែដោយការស្រឡាញ់ និងចង់ចូលរួមជួយអភិរក្សសត្វស្លាបតាមដងទន្លេមេគង្គ បុគ្គលិករបស់លោកដែលជាអ្នកនាំភ្ញៀវទេសចរណ៍មេគង្គ ក៏បានសុំទិញក្នុងតម្លៃ ៥០០០០ (ប្រាំម៉ឺនរៀល) ហើយក៏លែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សត្វបក្សីត្រយ៉ងយក្ស ។ រូបថតៈ រមណីយដ្នានបក្សីមេគង្គ
ក្នុងនោះផងដែរ លោក ថោង អូន ក៏បានរំលឹកអំពីសកម្មភាពស្រដៀងគ្នានេះផងដែរ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ក្រុមអ្នកនាំភ្ញៀវទេសចរណ៍មេគង្គរបស់លោកដដែល ឈ្មោះ ហួត វិទ្ធារ៉ា ក៏ធ្លាប់បានទិញសត្វបក្សីត្រយ៉ងយក្ស យកទៅលែងម្តងរួចមកហើយ។ សត្វត្រយ៉ងយក្ស ដែលជាប្រភេទសត្វបក្សីកម្រជិតផុតពូជ និងជាបក្សីតំណាងឲ្យអត្តសញ្ញាណជាតិខ្មែរ ដែលមានឈ្មោះវិទ្យាសាស្ត្រ (
Thaumatibis gigantea) និងឈ្មោះជាភាសាអង់គ្លេស Giant ibis។ បក្សីប្រភេទនេះ មានចំនួនប្រហែល ២០០ ក្បាលប៉ុណ្ណោះក្នុងពិភពលោក និងមានរស់នៅតែក្នុងប្រទេស កម្ពុជា ឡាវ និងវៀតណាម ប៉ុណ្ណោះ។ ក្នុងនោះ ៩៩ភាគរយនៃសត្វបក្សីត្រយ៉ងយក្ស គឺរស់នៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងតំបន់រ៉ាមសាទន្លេមេគង្គ ស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។