Thmey Thmey 25
អគ្គិភ័យ ឆេះ​ក្លឹប​កម្សាន្ត​មួយកន្លែង​នៅ​ខេត្តកណ្ដាល បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់
30/11/-0001 12:00 am កណ្តាល
​នៅ​រសៀល​ថ្ងៃទី ១៣ តុលា​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ត​មួយកន្លែង​ឈ្មោះថា ឌី ក្លឹប ស្ថិតនៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ក្នុងករណី​អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការ​នគរបាល​ខេត្តកណ្ដាល​។​
 
​បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុងករណី​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ត ដែល​កំពុង​សាងសង់​ស្ថិតនៅ​ចំណុច​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ អគ្គិភ័យ​នេះ កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជិត ៣ រសៀល ថ្ងៃទី​១៣ តុលា​នេះ ដែល​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ 
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការ​នគរបាល​ខេត្តកណ្ដាល បុរស​ដែល​ស្លាប់​ក្នុងករណី​អគ្គិភ័យ​នេះ ជាជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ ភូមិ​អន្លង់​តាសេក​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​ខូចខាត​ក្លឹប​កម្សាន្ត​នេះ​ទាំងស្រុង និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ១២ គ្រឿង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​៕
 
ដោយ៖ 95 © រក្សាសិទ្ធិដោយ thmeythmey25.com