Thmey Thmey 25
​កំពង់ធំ កំពង់ស្ពឺ និង​កណ្តាល កំណត់​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្ត​រៀងៗ​ខ្លួន​
30/11/-0001 12:00 am កណ្តាល
​ភ្នំពេញ​៖ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាន់តែ​ខិតជិត​មកដល់ រដ្ឋបាលខេត្ត​ចំនួន​៣ បានប្រកាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដាច់ដោយឡែក​នៅតាម​ខេត្ត​របស់ខ្លួន នៅក្នុង​ថ្ងៃ​ផ្សេងៗ​គ្នា​។ ខេត្ត​ទាំងនោះ​មានដូចជា ខេត្តកំពង់ធំ ប្រារព្ធ​នៅ​ថ្ងៃទី ៣-៤ ខែវិច្ឆិកា ខេត្តកំពង់ស្ពឺ ប្រារព្ធ​នៅ​ថ្ងៃទី ១០-១១ ខែវិច្ឆិកា និង​ខេត្តកណ្ដាល ប្រារព្ធ​នៅ​ថ្ងៃទី​២៣-២៤ ខែតុលា។​
 
​ខេត្តកំពង់ធំ ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​០៣-០៤ ខែវិច្ឆិកា ពិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅតាម​បណ្ដោយ​មាត់​ស្ទឹងសែន (​មុខ​វេទិការ​អុំទូក​ខេត្ត​) ។ ពិធី​អុំទូក​ដែល​ធ្វើឡើង​នៅមុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ បែបនេះ ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ធំ​បញ្ជាក់ថា «​ដើម្បី​សម្រិតសម្រាំង​យក​ទូក​ទៅ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជវាំង​។​
 
​កម្មវិធី​បុណ្យអុំទូក​នេះ​ក៏មាន​ពី​ធី​បណ្ដែតប្រទីប​នៅពេល​រាត្រី មានការ​ប្រគុំ​តន្ត្រី សម្ដែង​ផ្ទាំងទស្សនីយភាព របាំ ចម្រៀង និង​ការបាញ់​កាំជ្រួច​ថែមទៀត​។ នេះ​បើតាម​សេចក្ដី​ប្រា​កាស​ចុះ​ថ្ងៃទី​១២ ខែតុលា របស់​រដ្ឋបាល​ខេត្តកំពង់ធំ​។​
 
​ចំណែក​ខេត្តកំពង់ស្ពឺ គឺ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​១០-១១ ខែវិច្ឆិកា​។ ធ្វើឡើង​នៅតាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត មុខ​សួនច្បារ​សម្ដេច​សង្ឃ ជួន ណាត​។ ពិធី​នេះ​នឹងមាន​ការសម្ដែង​សិល្បៈ និង​ការបាញ់​កាំជ្រួច​ផងដែរ​។​
 
​ដោយឡែក​ខេត្តកណ្ដាល ក៏មាន​ពិធីបុណ្យ​អុំទូក​ដាច់ដោយឡែក​ដែរ តែ​ធ្វើឡើង​នៅក្រោយ​ពិធីបុណ្យ​អុំទូក​មុខ​ព្រះបរមរាជវាំង​។ កម្មវិធី​បុណ្យ​ទូក​នៅ​ខេត្តកណ្ដាល ធ្វើឡើង​នៅ​ថ្ងៃទី ២៣-២៤ ខែតុលា ដែល​ធ្វើឡើង​នៅតាម​ដង​ទន្លេបាសាក់ ក្រុង​តាខ្មៅ​។ ដូច្នេះ​ពលរដ្ឋ​ដែល​មក​កំសាន្ត​បុណ្យអុំទូក​នៅ​រាជធានី​ភ្នំពេញ​ហើយ ក៏​ងាយស្រួល​ក្នុងការ​បន្តដំណើរ​កំសាន្ត ទៅ​ខេត្តកណ្ដាល បន្ថែមទៀត ដើម្បី​ចូលរួម​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តកណ្ដាល​៕
ដោយ៖ 119 © រក្សាសិទ្ធិដោយ thmeythmey25.com