Thmey Thmey 25
មន្ទីរ​សាធារណការ នឹង​ពង្រីក​ចិញ្ចើមផ្លូវ​ក្នុង​ខេត្តកណ្ដាល ១៥​ម៉ែត្រ​សងខាង​អ័ក្ស​ផ្លូវ ចាប់ពី​ខែវិច្ឆិកា​
30/11/-0001 12:00 am កណ្តាល
​កណ្ដាល​៖ ចិញ្ចើម​ផ្លូវជាតិ​មួយចំនួន​នៅក្នុង​ទឹកដី​ខេត្តកណ្ដាល នឹងត្រូវ​ចាប់ផ្ដើម ពង្រីក ១៥​ម៉ែត្រ​សងខាង ដោយ​គិតពី​ចំណុចកណ្ដាល​នៃ​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៥​ខែតុលា​។​
 
​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល នឹង​ពង្រីក​ចិញ្ចើម​ផ្លូវជាតិ​លេខ​២, ផ្លូវជាតិ​លេខ​២០​បេ​, ផ្លូវជាតិ​លេខ​២១, ផ្លូវជាតិ​លេខ​២១​អា​, ផ្លូវជាតិ​លេខ​២១​បេ​, ផ្លូវជាតិ​លេខ​៣៤ ចាប់ពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​តទៅ​។ រីឯ​ផ្លូវជាតិ​លេខ​១,​ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​១៤, ផ្លូវ​លេខ​១១០, ផ្លូវ​លេខ​១៥១​អា នឹងត្រូវ​ចាប់ផ្ដើម​ពង្រីក​ចិញ្ចើមផ្លូវ​ចាប់ពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​។​
​មន្ទីរ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅឋាន ឬ​តូប​អាជីវកម្ម​ផ្សេងៗ រំកិល​យ៉ាងតិច ១៥​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​។​
 
​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែមថា ការពង្រីក​ចិញ្ចើមផ្លូវ​នេះ គឺធ្វើឡើង​ដើម្បី​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់​ឲ្យ​ធំ​ទូលាយ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​សព្វថ្ងៃ ខណៈ​ខេត្ត​មួយ​នេះ​ស្ថិតក្នុង​លេខ​រៀង​ខ្ពស់​ទី​២​នៃ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​។​
 
​លោក យូ ឡេង អះអាងថា ការពង្រីក​ដល់ ១៥​ម៉ែត្រ​នេះ ជាការ​អនុវត្ត​ក្នុង​កម្រិត​មួយ​នៅឡើយ ព្រោះថា​ដី​ចំណីផ្លូវ​ត្រូវ​គិតដល់ ៣០​ម៉ែត្រ​ពី​អ័ក្ស​ឯណោះ​ចំពោះ​ផ្លូវជាតិ​ដែលមាន​លេខ​មួយ​ខ្ទង់ (​ឧទាហរណ៍​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២) និង ២៥​ម៉ែត្រ​ចំពោះ​ផ្លូវជាតិ​មាន​លេខ​ពីរ​ខ្ទង់ (​ដូចជា​ផ្លូវជាតិ​លេខ​២០ ផ្លូវជាតិ​លេខ​២១​ជាដើម​)​។​
 
​លោក ម៉ឹង យូ​ឡេង មិនអាច​បញ្ជាក់បាន​ពី​វិធានការ​ចំពោះ​ការមិន​ព្រម​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ​ពី​សំណាក់​ម្ចាស់​លំនៅឋាន ឬ​ម្ចាស់​តូប​អាជីវ​កម្មបាន​នៅឡើយ​។ លោក​ប្រាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនទាន់​អាច​ជម្រាប​បានទេ​នៅពេលនេះ គឺ​ចាំមើល​ដល់​ថ្ងៃ​អនុវត្ត​ជាក់ស្ដែង​»​។​
 
​ការរំដោះ​ដី​ចំណីផ្លូវ មិនមែនជា​បញ្ហា​តូចតាច​នោះឡើយ​សម្រាប់​កម្ពុជា ពិសេស​នៅ​តំបន់​ទីក្រុង ឬ​ទីប្រជុំជន​។ គេ​នៅតែ​រង់ចាំ​មើល​ពី​ផែនការ និង​ការអនុវត្ត​ជាក់ស្ដែង​របស់​រដ្ឋាភិបាល​ចំពោះ​ការរៀបចំ​ដី​ចំណីផ្លូវ​៕
 
ដោយ៖ 84 © រក្សាសិទ្ធិដោយ thmeythmey25.com