Thmey Thmey 25
ខេត្ត​ព្រះសីហនុ រៀបចំ​សង្ក្រាន្ត​តាម​ឆ្នេរសមុទ្រ និង​មាន​លេង​យីកេ រៀបរាប់​រឿង​យាយ​ម៉ៅ​
6 ម៉ោង . ព្រះសីហនុ

ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ រៀបចំ​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​សមុទ្រ​» នៅ​ឆ្នេរ​ឯករាជ្យ នៅ​ថ្ងៃទី​១៤-១៦ ខែមេសា​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​សមុទ្រ​» នេះ​ឡើង ក្នុង​គោលបំណង​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​កម្សាន្ត​សប្បាយរីករាយ​នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ នៅក្នុង​ព្រឹត្តិការណ៍​រយៈពេល​៣​ថ្ងៃនេះ ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផ្ទាំងទស្សនីយភាព ការសម្តែង​ល្ខោន​យីកេ​ដែល​ទាក់ទង​នឹង​ប្រវត្តិ​យាយ​ម៉ៅ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ចិន ច័ន្ទ​រតនា ប្រធាន​ទីប្រឹក្សា​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សមុទ្រ​។

​លោក ចិន ច័ន្ទ​រតនា ប្រធាន​ទីប្រឹក្សា​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សមុទ្រ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា នៅក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​សមុទ្រ​» នេះ មាន​សិល្បករ​ជាច្រើន​ចូលរួម​សម្តែង​ល្ខោន​យីកេ ដែល​រៀបរាប់​ពី​ប្រវត្តិ​លោកយាយ​ម៉ៅ ដែលជា​អ្នក​មានបរ​មី​ការពារ​ថែរក្សា​ទឹកដី​ភាគ​និរតី​នៃ​តំបន់​សមុទ្រ​។ ក្រៅពីនេះ​ក៏មាន​កម្មវិធី​សំខាន់ៗ​ដូចជា ការតាំងពិព័រណ៍​ម្ហូបអាហារ ការតាំងពិព័រណ៍​ផលិតផល​គ្រប់​ប្រភេទ ការ​បង្ហោះគោម ការប្រគុំ​តន្ត្រី និង​ល្បែង​កម្សាន្ត​នានា​ដែល​រៀបចំ​នៅតាម​ឆ្នេរសមុទ្រ​ឯករាជ្យ​ផងដែរ​។ 


បើតាម​លោក ចិន ច័ន្ទ​រតនា ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​សមុទ្រ​» នេះ​ឡើង ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មានគំនិត​ចង់​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​កាន់តែច្រើន និង​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ដែល​មាននៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។ លោក ចិន ច័ន្ទ​រតនា ប្រធាន​ទីប្រឹក្សា​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​«​សង្ក្រាន្ត​សមុទ្រ​» សង្ឃឹមថា​ព្រឹ​ត្តិ្ក​ការណ៍​នេះ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​។ លោក ចិន ច័ន្ទ​រតនា បាន​បន្ថែមថា អភិបាលខេត្ត​ព្រះសីហនុ ក៏​ត្រៀម​រៀបចំ​កងកម្លាំង​សមត្ថកិច្ច សម្រាប់​ការពារ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​«​សង្ក្រាន្ត​សមុទ្រ​»​នេះ​រួចជាស្រេច​ហើយ​៕




ដោយ៖ សៅ សុខអេង © រក្សាសិទ្ធិដោយ thmeythmey.com