Thmey Thmey 25
មេដឹកនាំ​កម្ពុជា​៖ អន្តរជាតិ​គួរ​ជួយ​កម្ពុជា​ឱ្យ​ខ្លាំង ជាជាង​ការបំបែកបំបាក់ និង​បន្ទច់បង្អាក់​ឱ្យ​ចុះខ្សោយ​
30/11/-0001 12:00 am ភ្នំពេញ
​ភ្នំពេញ​៖ អន្តរជាតិ​គួរ​ជួយ​កម្ពុជា​ឱ្យ​ខ្លាំង ជាជាង​ការបំបែកបំបាក់ និង​បន្ទច់បង្អាក់ ដែល​នាំ​កម្ពុជា​ឱ្យ​ចុះខ្សោយ​ឡើយ​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​ការងារ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ នៅ​ព្រឹក​ថ្ងៃទី ៣១ មករា​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សង្កត់ធ្ងន់ថា ប្រទេស​មហាអំណាច តែងតែ​ប្រើ​លេស​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តាម​ស្តង់ដារ​ទ្វេ និង​មិន​សមស្រប ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ តាមរយៈ​ការប្រើ​ឧបករណ៍​នយោបាយ និង​សេដ្ឋកិច្ច នឹង​បន្ត​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ​ប្រទេស​ទន់ខ្សោយ រាប់ទាំង​កម្ពុជា​ផងដែរ​។​
 
​សម្រាប់​សម្ដេច ហ៊ុន សែន នយោបាយ​ដាក់ទណ្ឌកម្ម មិនមែនជា​នយោបាយ​ត្រឹមត្រូវ​ទេ ព្រោះ​វា​ជា​នយោបាយ​សម្រាប់​ប្រទេស​ធំ គាបសង្កត់​លើ​ប្រទេស​តូច​ជាង​ខ្លួន ។ ជាពិសេស​គេ​អនុវត្ត​នយោបាយ​បែបនេះ នៅក្នុង​គោលការណ៍​មិន​សម​ស្របតាម​កាលៈទេសៈ និង​ហុត​ផលប្រយោជន៍​ណាមួយ​ដល់​ពួកគេ​ប៉ុណ្ណោះ ។​
 
​និយាយ​ពី​សកម្មភាព​មហាអំណាច​ហើយ ប្រមុខ​រដ្ឋាភិបាល ក៏​លើកឡើង​ពី​កម្ពុជា​វិញ​ម្ដង​។ ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា សហគមន៍​អន្តរជាតិ គប្បី​ជួយ​កម្ពុជា​ឱ្យ​ខ្លាំង និង​ឯកភាព​រឹងមាំ ជាជាង​ការបំបែកបំបាក់ និង​បន្ទច់បង្អាក់​ឱ្យ​ចុះខ្សោយ តាមរយៈ​វិធានការ​នានា ដែល​អាច​ក្លាយជា​កំហុស​លើក​ទី​៣​របស់ខ្លួន​។ 
 
«​គេ​គួរ​ណាស់​គោរព​ជម្រើស​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​យើង ពីព្រោះ​តាំងពី​រំដោះ​ប្រទេសជាតិ ពីរ​បប​ប្រល័យពូជសាសន៍​មកដល់ពេលនេះ ជម្រើស​នោះ​តែងតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រទេស និង​ប្រជាជន​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​អះអាងថា ការសម្រេចចិត្ត​លើ​ជម្រើស​ខ្លួន​កន្លងមកនេះ វា​ជួយ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស និង​ជួយ​ឱ្យ​កម្ពុជា​រក្សាបាន​នូវ​ឯករាជ្យ អធិបតេយ្យភាព ហើយ​ចៀស​ផុតពី​ការបម្រើ​ផលប្រយោជន៍​បរទេស​។​
 
​ផ្ទុយ​ពី​ការលើកឡើង​របស់​សម្ដេច ហ៊ុន សែន ខាងលើនេះ លោក សន ជ័យ យល់ឃើញថា ការជួយជ្រោមជ្រែង​រប​ស់​អន្តរជាតិ​នេះ មិនមែនជា​ការជ្រៀតជ្រែក​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ ព្រោះ​កម្ពុជា ក៏​ធ្លាប់បាន​ពឹង​ប្រទេស​មហាអំណាច និង​សហគមន៍​អន្តរជាតិ ជួយ​ដោះស្រាយ​បញ្ហា​សង្គ្រាមស៊ីវិល និង​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ ។ ជាពិសេស​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​តែម្ដង​។​
 
​នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​កន្លងមក​អន្តរជាតិ ក៏បាន​ជួយ​កម្ពុជា ឱ្យមាន​មុខមាត់​នៅ​ឆាក​អន្តរជាតិ​ច្រើន​ដែរ​។ ហើយ​សម្រាប់​ខ្ញុំ មើលឃើញថា ការដាក់​លក្ខខណ្ឌ ឬ​សំណើរ​អ្វីមួយ​មក​កម្ពុជា​នោះ ដោយ​ពួកគេ ក្នុងនោះ​មាន​អាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម​ហ្នឹង ពួកគេ​ខ្វាយខ្វល់ និង​ចង់​ជួយ​ដល់​កម្ពុជា ដើម្បីឱ្យ​កម្ពុជា​ដើរ​តាម​ពួកលោក​សេរី​ដែល​គេច​ង់ ហើយ​វា​ក៏​ផ្ដល់​ផលចំណេញ​ដល់​កម្ពុជា ទាំង​ការអភិវឌ្ឍ និង​សេដ្ឋកិច្ច​ផងដែរ​»​។​
 
​តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា តែងតែ​ប្រើ​នយោបាយ បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរលើ​ស្មារតី​ឯករាជ្យ ប៉ុន្តែ​សម្ពាធ​ពី​ខាងក្រៅ​នេះ តែង​បង្ខំ​ឱ្យ​កម្ពុជា​ជ្រើសរើស​ប្រទេស​នេះ​ជា​មិត្ត និង​ប្រទេស​ផ្សេង​ជាស​ត្រូវ ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ខ្លួន​។​
 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​ដូច្នេះ​ថា​៖ «​ជា​ការពិត​ការធ្វើ​មិត្ត​ជាមួយ​គ្រប់គ្នា​ងាយ​និយាយ​ជាង​ធ្វើ​ច្រើនណាស់​។ ជាពិសេស​ចំពោះ​ប្រទេស​តូច​ដូច​កម្ពុជា ដែល​សម្ពាធ​ពី​ខាងក្រៅ​តែង​បង្ខំ​ឱ្យ​យើង​ជ្រើសរើស​មិត្ត ឬ​ឱ្យ​យើង​ធ្វើជា​មិត្ត​ជាមួយ​ប្រទេស​នេះ និង​យក​ប្រទេស​ផ្សេង​ធ្វើជា​សត្រូវ​។ ក៏ប៉ុន្ដែ​ទោះ​ធ្វើជា​មិត្ត​ជាមួយ​អ្នកណា​ក៏ដោយ ក៏​មិនមែន​មានន័យថា កម្ពុជា​បោះបង់​ឯករាជ្យ​អធិបតេយ្យ​របស់ខ្លួន​នោះដែរ​។ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិនដែល​ធ្វើ​សេចក្តីសម្រេច​ណាមួយ​ដើម្បី​តម្រូវ​ចិត្ត​ប្រទេស​ណាមួយ​នោះទេ ខ្ញុំ​មិន​ធ្វើ​អ្វីដែល​ធ្វើឱ្យ​ខូចប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​នោះឡើយ​»​។​
 
​ដ្បិត​រដ្ឋាភិបាល​កម្ពុជា អះអាង​ពី​ជំហរ​ខ្លួន​បែបនេះ​ក្តី ប៉ុន្តែ​លោក សន ជ័យ ក៏​ស្នើឱ្យ​មេដឹកនាំ​កម្ពុជា ពិចារណា​ឱ្យ​ច្បាស់​ពី​ទិសដៅ​ការបរទេស​ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍​កម្ពុជា និង​ងាក​ផុតពី​អន្ទាក់​នយោបាយ​បរទេស​។ «​ធម្មតា​កម្ពុជា វា​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​លោកខាងលិច ដែលមាន​អាមេរិក និង​ពួក​កុំម្មុយនីស្ត ដែលមាន​ចិន ចង់បាន​កម្ពុជា​។ ប៉ុន្តែ​កម្ពុជា គួរ​ពិចារណា​លើ​សំឡេងគាំទ្រ និង​អនុសាសន៍​ភាគច្រើន ដែល​ចង់ឱ្យ​កម្ពុជា​ដើរ​លើ​ជំហរ​បែបណា ហើយ​វា​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជាតិ និង​មាន​ភាពស៊ីសង្វាក់​ស្រប​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែលមាន​ចែង​អំពី​ការគោរព​សិទ្ធ​ពលរដ្ឋ និង​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ជាធំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​។​
 
​មួយរយៈ​ចុងក្រោយ​នេះ​កម្ពុជា មាន​ភាព​រកាំរកូស​ជាមួយ​សហគមន៍​អន្តរជាតិ​បន្តិច ជាពិសេស​អាមេរិក ដែល​តែងតែ​ចេញមុខ​ថ្កោលទោស និង​រិះគន់​កម្ពុជា លើ​បញ្ហានយោបាយ សិទ្ធិមនុស្ស រួមទាំង​ទំនាក់ទំនង​កម្ពុជា​-​ចិន ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្ពុជា ក៏​កំពុង​ប្រឈមមុខ​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ផងដែរ ។ ដោយសារ​បញ្ហា​ទាំងអស់នេះ គេ​សង្កេតឃើញថា កម្ពុជា​កំពុង​ងាក​ខិត​ទៅរក​ចិន​កាន់តែខ្លាំង ៕  
ដោយ៖ 53 © រក្សាសិទ្ធិដោយ thmeythmey25.com