Thmey Thmey 25
វណ្ណ​ច័ន្ទនី​ដា តាំងចិត្ត​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដ៏​ល្អ​ម្នាក់​
30/11/-0001 12:00 am ភ្នំពេញ
​ភ្នំពេញ​៖ យុវតី អាង វណ្ណ​ច័ន្ទនី​ដា គឺជា​សិស្ស​ឆ្នើម​មួយរូប ដែល​ទទួលបាន​មេដាយ​ចំនួន​១៥ ក្នុង​ពី​កម្មវិធី World Scholar’s Cup 2019​។ មិន​ត្រឹមតែ​ជា​សិស្ស​ពូកែ​ម្នាក់​នៅក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ វណ្ណ​ច័ន្ទនី​ដា ដែល​កំពុង​រៀន​ថ្នាក់​ទី​៨ នៅ​សាលារៀន​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក៏​ជា​អ្នកដឹកនាំ​មួយរូប​នៅក្នុង​ថ្នាក់ និង​ជា​សិស្ស​គំរូ​នៅក្នុង​សាលា​ដែរ​។ ក្នុងនាម​ជា​អ្នកដឹកនាំ​វ័យក្មេង វណ្ណ​ច័ន្ទនី​ដា ថា​នឹង​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដ៏​ល្អ​ម្នាក់ ក្នុង​អនាគត​។​
 
​អាង វណ្ណ​ច័ន្ទនី​ដា ជា​យុវតី​វ័យក្មេង​ដ៏​ឆ្នើម​មួយរូប ដែល​ទទួលបាន​មេដាយ​ជ័យលាភី​ចំនួន ១៥ ក្នុងនោះ​មេដាយមាស​ចំនួន​៧ និង​មេដាយប្រាក់​ចំនួន​៨ ព្រមទាំង​ពាន​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​សមាជិក​ក្រុម​២​នាក់​ទៀត នៅក្នុង​ពី​កម្មវិធី​ពានរង្វាន់​សិស្ស​ពូកែ​ពិភពលោក World Scholar’s Cup 2019​។ កម្មវិធី World Scholar’s Cup 2019 វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ជើងឯក (Tournament of Champions) ត្រូវបាន​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ Yale ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​មាន​សិស្ស​ជាង ១,៥០០​នាក់ ពី​បណ្តា​៨២​ប្រទេស​ចូលរួម​។  
 
 

​ព្រោះ​ចង់បាន​បទពិសោធន៍ និង​ចំណេះដឹង​ពី​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ចង់​សាក​សមត្ថភាព​ខ្លួន​ផង វណ្ណ​ច័ន្ទនី​ដា ដែលមាន​វ័យ​១៣​ឆ្នាំ សម្រេចចិត្ត​ចុះឈ្មោះ​ចូលរួម ក្នុង​កម្មវិធី World Scholar’s Cup 2019​នេះ ទាំង​អារម្មណ៍​ភ័យខ្លាច​បន្តិច​ផង​។ សិស្ស​ថ្នាក់​ទី​៨ នៅ​សាលា​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រូបនេះ រៀបរាប់ថា​៖«​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យខ្លាច អត់​សូវ​ជឿទុកចិត្ត​លើ​ខ្លួនឯង​ទេ​។ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​បាន​មានឈ្មោះ​ប្រកួត​វគ្គ​បន្ត​ហើយ  ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា ត្រូវមាន​ភាពជឿជាក់ ហើយ​ត្រូវមាន​ឆន្ទៈ​ក្នុងការ​ប្រកួត​បន្តទៀត​»​។​


 
​វណ្ណ​ច័ន្ទនី​ដា តាំងចិត្ត​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដ៏​ល្អ​ម្នាក់​
 
​មិន​ត្រឹមតែ​ជា​សិស្ស​ពូកែ​ម្នាក់​នៅក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ វណ្ណ​ច័ន្ទនី​ដា ក៏​ជា​អ្នកដឹកនាំ​មួយរូប​នៅក្នុង​ថ្នាក់ និង​ជា​សិស្ស​គំរូ​ម្នាក់​នៅក្នុង​សាលា​ដែរ​។ បច្ចុប្បន្ន ច័ន្ទនី​ដា ជា​អនុប្រធាន​ថ្នាក់ ហើយក៏​ជា​ប្រធាន​ផ្នែក​បដិសណ្ឋារកិច្ច សប្បុរសធម៌ និង​ថតរូប ក្នុង​ក្រុមប្រឹក្សា​កុមារ​ក្នុង​សាលារៀន​ជំនាន់​ថ្មី​។ តួនាទី​ជា​អ្នកដឹកនាំ​នេះ គឺជា​ការងារ​ដែល នី​ដា ស្រឡាញ់ និង​បានធ្វើ​វា​តាំងពី​នាង​រៀន​នៅ​ថ្នាក់​ទី​២ ម្ល៉េះ​។ អាង វណ្ណ​ច័ន្ទនី​ដា បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ចង់​ក្លាយជា​អ្នកដឹកនាំ មិន​ថា​អ្នកដឹកនាំ​ផ្នែក​ណាក៏ដោយ ខ្ញុំ​ស្រឡាញ់​ការដឹកនាំ​តាំងពី​តូច​។ នៅពេលដែល​ខ្ញុំ​ចូលរៀន​ថ្នាក់​ទី​២ អ្វីៗ​ហាក់​ប្លែក​ច្រើន​។ ខ្ញុំ​បានឃើញ​បញ្ហា​ច្រើន ហើយ​ចិត្ត​របស់ខ្ញុំ​ចង់​ដោះស្រាយ​មែនទែន ទើប​ខ្ញុំ​សម្រេចចិត្ត​ឈរឈ្មោះ ធ្វើជា​ប្រធាន​ថ្នាក់ បន្ត​បន្តា​ប់​រហូតមកដល់​សព្វថ្ងៃ​»​។​
 
​បាន​ស្គាល់​ខ្លួនឯងបាន​លឿន និង​មានឱកាស​ច្រើន​ក្នុងការ​ហ្វឹកហាត់​ភាពជា​អ្នក​នាំ​។ ក្នុងនាម​ជា​អ្នកដឹកនាំ​វ័យក្មេង​ម្នាក់ អាង វណ្ណ​ច័ន្ទនី​ដា គូសបញ្ជាក់​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា 
​អ្នកដឹកនាំ​ដ៏​មាន​សក្តានុពល​ម្នាក់ ត្រូវតែមាន​ចំណេះដឹង សមត្ថភាព និង​សីលធម៌ សុជីវធម៌​ជា​ចាំបាច់​។ បន្ថែម​ពីនេះ អ្នកដឹកនាំ​ក៏ត្រូវ​ដើរតួ​ជា​អ្នក​គំរូ​ល្អ​ដល់​អ្នក​នៅក្រោម​បង្គាប់ ត្រូវមាន​ផែនការ​ឲ្យ​បានច្បាស់លាស់ និង​មាន​សមត្ថភាព​កំណត់​បញ្ហា និង​រក​ដំណោះស្រាយ​, មាន​ភាពជឿជាក់ និង​មាន​ឆន្ទៈ​ខ្ពស់ ព្រមទាំង​ចេះ​សម្រេចចិត្ត​លើក​កិច្ច​ការដែល​ខ្លួន​ទទួលខុសត្រូវ​ផងដែរ​។​
 
​ដឹកនាំ​ផង ធ្វើជា​គំរូ​ផង នី​ដា មិនបាន​ត្អូញត្អែរ​នឹង​សកម្មភាព​ទាំង​នេះឡើយ​។ ផ្ទុយទៅវិញ ក្មេងស្រី​ហានក្លា​រូបនេះ សប្បាយចិត្ត និង​មាន​មោទកភាព​លើ​ខ្លួនឯង​ជាខ្លាំង នៅពេលដែល​នាង បាន​ដឹកនាំ​គេ​ឲ្យ​សម្រេច​កិច្ចការ​អ្វីមួយ​។ យុវតី​រូបនេះ ក៏​ជំរុញ​ឲ្យ​សិស្ស​ដទៃទៀត ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​ល្អ​ផងដែរ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​មួយ​សម្រាប់​សង្គមជាតិ​។ យុវតី អាង វណ្ណ​ច័ន្ទនី​ដា រៀបរាប់​ដូច្នេះ​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​យុវ​សិស្ស​ទាំងអស់ ឲ្យ​ខិតខំ​រៀនសូត្រ ព្រោះ​វា​បាន​ជួយ​យើង​ទាំង​នៅពេល​បច្ចុប្បន្ន និង​ពេលអនាគត​។ យើង​ត្រូវមាន​ភាពក្លាហាន ជឿជាក់​លើ​ខ្លួនឯង​! ធ្វើជា​គំរូ​ល្អ ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​សម្រាប់​គ្រួសារ សង្គមជាតិ ហើយ​បើ​អាច​ក៏​អាច​អភិវឌ្ឍន៍​ពិភពលោក​ទៀត​»​។ 


 
​ក្មេងស្រី​អាយុ​១៣​ឆ្នាំ វណ្ណ​ចន្ទ​នី​ដា ជ្រើសរើស​ការលំបាក​មុន ស្រណុក​ក្រោយ​
 
​មាន​វ័យ​ត្រឹមតែ​១៣​ឆ្នាំ ប៉ុន្តែ យុវតី អាង វណ្ណ​ច័ន្ទនី​ដា មិន​ដូច​ក្មេង​ដទៃ​ឡើយ​។ មាន​ចរិត ឫកពារ និង​សម្តីសំដៅ​ចាស់ទុំ មាន​សីលធម៌ មាន​ភាពជា​អ្នកដឹកនាំ​ពេញ​ខ្លួន និង​ជាពិសេស​នាង​ចេះ​គិត និង​ត្រឹះ​រិះ ដូច​មនុស្ស​ដែល​បាន​ឆ្លងកាត់​បទពិសោធន៍​ជីវិត​ក្រាស់ក្រែល​មួយរូប​អីចឹង​។ អ្វីដែល​បាន​ផ្លាស់ប្តូរ​ក្មេងស្រី​រូបនេះ ឲ្យ​ក្លាយជា​មនុស្ស​ចាស់ទុំ​ដូច្នេះ ក៏​ព្រោះតែ​ការ 
​ការដាក់​សម្ពាធ និង​ការអប់រំ ណែនាំ ជារឿយៗ​របស់​ឪពុកម្តាយ​របស់​នាង​។ ក្រៅពីនេះ នី​ដា ក៏​ឆ្លៀវឆ្លាត ក្នុងការ​សង្កេត និង​រៀនសូត្រ​ពី​ពិសោធន៍​របស់​អ្នក​ជុំវិញខ្លួន​ផងដែរ​។ 
 
​វណ្ណ​ច័ន្ទនី​ដា ពន្យល់​យ៉ាង​ក្លៀវក្លា​ដូច្នេះ​៖«​ដោយសារ​ការដាក់​សម្ពាធ​របស់​ប៉ា​ម៉ាក់​ខ្ញុំ មកលើ​ខ្ញុំ​ហ្នឹងហើយ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ប្រែគំនិត​ពី​ក្មេងខ្ចី មក​គំនិត​ចាស់ទុំ ឲ្យ​យើង​គិតពិចារណា​ឲ្យ​បានច្បាស់លាស់​។ ហើយ​ពេលវេលា​ជា​មាសប្រាក់ យើង​អត់​អាច​ត្រឡប់​ពេលវេលា​ថយក្រោយ ដើម្បី​កែ​កំហុស​របស់​យើង​ទេ​។ អីចឹង​ចំពោះ​ខ្ញុំ​ក្នុង​វ័យ​សិក្សា គឺ​ខ្ញុំ​អត់​ដែល​ដើរលេង​ជាមួយ​មិត្តភក្តិ​ខាងក្រៅ​ទេ ដោយសារ​ខ្ញុំ​ជា​សិស្ស ត្រឹមតែ​ជា​កូនក្មេង​ម្នាក់​ទេ បើ​យើង​យក​ពេលវេលា​យើង​មក​អភិវឌ្ឍ​ខ្លួនឯង ដូចជា​ខិតខំ​ប្រឹងប្រែង​រៀន​ឲ្យ​មានចំណេះដឹង​កាន់តែច្រើន ចាប់យក​ជំនាញ ទាំង​ភាសា​...​នៅពេលដែល​យើង​ចេះ នៅពេល​មាន​បញ្ហា ក៏​ងាយស្រួល​ដោះស្រាយ​ដែរ​។ បើ​យើង​ដើរលេង សួរថា​វា​បាន​អី​មកវិញ​អត់​? បើ​យើង​ខំប្រឹង​រៀន លំបាក​តាំងពី​តូច​ឲ្យ​ហើយ​ស្រណុក​ក្រោយ នេះ​ជា​អ្វីដែល​លើកទឹកចិត្ត​ខ្ញុំ​ខ្លាំង​មែនទែន​»៕


ដោយ៖ 45 © រក្សាសិទ្ធិដោយ thmeythmey25.com