Thmey Thmey 25
មន្ត្រី​ទេសចរណ៍​ខេត្តក្រចេះ ស្វាគមន៍​ទេសចរ​ចិន តែ​បារម្ភ​...!
15/05/2020 4:49 am ក្រចេះ

ក្រចេះ​៖ លោកស្រី ញឹក ភា​រី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បង្ហាញ​ការព្រួយបារម្ភ​ពី​កំណើន ភ្ញៀវទេសចរ​ចិន ដែល​អាច​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវទេសចរ​អឺរ៉ុប មកលេង​ខេត្តក្រចេះ​។ បើតាម​អនុប្រធាន មន្ទីរ​ទេសចរណ៍​រូបនេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បានមក​ទស្សនា​កម្សាន្ត នៅ​ខេត្តក្រចេះ ក្នុង​ឆ្នាំ​២០១៩ មាន​ភ្ញៀវ​អឺរ៉ុប​ចំនួន ៥, ២៥៣​នាក់​ចំនួន និង​ភ្ញៀ​ទេសចរ​ចំនួន​ចិន ២,៥១៥​នាក់​។

ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​អ្នកនាង​ទស្សនា​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកស្រី ញឹក ភា​រី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ដូចតទៅ​៖

 
«​ការបារម្ភ គឺ​យើង​ត្រូវតែ​បារម្ភ​។ វា​ជា​កត្តា​ប្រឈម​របស់​យើង​នៅក្នុង​ខេត្ត ប៉ុន្តែ​បើ​ចំនួន​ភ្ញៀវទេសចរ​ចិន ដែល​ចូលមក​ទស្សនា​នៅ​ខេត្តក្រចេះ​ច្រើន ក៏​យើង​អាច​រកចំណូលបាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​យើង​»​។ នេះ​បើតាម​លោកស្រី ញឹក ភា​រី ដែល​បានផ្ដល់​កិច្ច​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​។ 
 
​ដើម្បី​ឆ្លើយតប​ទៅនឹង​កត្តា​ប្រឈម​នេះ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បានរៀបចំ​មន្ត្រី​ប៉ូលីស​ទេសចរ និង​សន្តិសុខ​ការពារ​សុវត្ថិភាព​គ្រប់កន្លែង​នៅតាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តក្រចេះ​។ លោកស្រី ញឹក ភា​រី ក៏បាន​អះអាងថា កន្លងមក ភ្ញៀវទេសចរ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្តក្រចេះ មិនមាន​បញ្ហា​អ្វី នោះទេ​។ កត្តា​សន្តិភាព និង​សុវត្ថិភាព​ក្នុង​ខេត្តក្រចេះ ជាហេតុ​នាំ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​អឺរ៉ុប​ច្រើន ក្នុង​ឆ្នាំ​២០១៩​។​
 
​ក្នុង​ឆ្នាំ​២០២០ អនុប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បាន​បញ្ជាក់ថា ចក្ខុវិស័យ​សំខាន់​រយៈពេល​៥​ឆ្នាំ ខាងមុខ មន្ទីរ​ទេសចរណ៍​នឹង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដែល​មន្ទីរ និង​អង្គការ​នានា បាន​រកឃើញ​ឲ្យ​បាន​ស្អាត ដើម្បី​ស្វាគមន៍​កំណើន​ភ្ញៀវទេសចរ​ចិន មក​ទស្សនា​ក្នុង​ខេត្តក្រចេះ​។ 
 
​តំបន់​ទេសចរណ៍ធម្មជាតិ​ផ្សេងទៀត ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មិនទាន់បាន​ស្គាល់ មានដូចជា កោះ​ព្រហ្មចារី កោះ​សាមសិប និង​សម្រស់​ធម្មជាតិ​លើ​ដង​ទន្លេមេគង្គ​ជាដើម​។ តំបន់​ទាំងនោះ គឺជា​ទីតាំង​ថ្មី ដែល​ត្រូវបាន​រកឃើញ និង​បង្កើតឡើង​នៅក្នុង​អំឡុង​ឆ្នាំ​២០១៨​ប៉ុណ្ណោះ​។ 
 
​កាលពី​ឆ្នាំ​២០១៩​កន្លងមក ខេត្តក្រចេះ​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៣៧​ម៉ឺន​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​អន្តជាតិ​ជាង​២​ម៉ឺន​នាក់ ។ ភ្ញៀវទេសចរ​ម្នាក់ ចំណាយ​ថវិកា​ចន្លោះ​ពី​៥០​ទៅ​៦០​ដុល្លារ​។ នេះ​បើតាម​លោកស្រី ញឹក ភា​រី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​៕​
ដោយ៖ រំដួល ចិត្រា (Romdoul Chetra) & សែម វណ្ណា © រក្សាសិទ្ធិដោយ thmeythmey25.com