Thmey Thmey 25
ក្រសួងបរិស្ថាន​កំពុង​តាមរក​ជនល្មើស ដែល​ដាក់​អន្ទាក់​លើ​សត្វ​ទន្សោង និង​ខ្ទីង​
25/05/2020 2:43 pm ឧត្តរមានជ័យ

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំណុច​ព្រៃ​ជាំ​ព្រលាន ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ប្រទះឃើញ​បំណែក​ក្បាលសត្វ​ខ្ទីង​មួយ​កាលពី​ថ្ងៃទី​២៣ ឧសភា ក្រោយពី​ព្រាន​សម្លាប់ ។​
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ឃើញតែ​ក្បាល​ខ្ទីង​ទេ​ដែល​បន្សល់ទុក យើង​មិនដឹងថា វា​ងាប់​ដោយសារ​ជាប់អន្ទាក់ ឬក៏​គេ​បាញ់​ទេ​។ យើង​កំពុងតែ​ស៊ើបរក​ស្លាកស្នាម​ជុំវិញ​បញ្ហា​ហ្នឹង​»​។
 
​ចំណែក​សត្វ​ទន្សោង​មួយ​ក្បាល​ទៀត ត្រូវបាន​មន្ត្រី​ឧ​ទ្យា​ន្ត​រក្ស និង​សហគមន៍​ព្រៃ​សង្ឃ រុក្ខ​វ័ន ប្រទះឃើញ​ជាប់អន្ទាក់​នៅក្នុង​ភូមិសាស្ត្រ​ចំណុច​អូរ​ថ្ម ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៤ ឧសភា​។ សត្វ​ទន្សោង​នោះ ត្រូវបាន​គេ​ជួយសង្គ្រោះ ដោយ​សភាព​របស់​វា​មាន​ស្នាមរបួស មាន​ស្នាម​ហូរ​ទឹកភ្នែក​។ តែ​ជា​អកុសល​សត្វ​ទន្សោង​នោះ ត្រូវបាន​ស្លាប់​ដោយសារ​មាន​របួស និង​ទន់ខ្សោយ​កម្លាំង ហាក់បី​ជា​អត់​ចំណី​អស់​ជាច្រើន​ថ្ងៃ​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា ។

​បើតាម​លោក នេត្រ ភក្ត្រា សាកសព​សត្វ​ទន្សោង​នោះ​ត្រូវបាន​សហគមន៍​ព្រៃ​ស​ង្ឈ វុ​ក្ខ​វ័ន​ដែល​ដឹកនាំ​ដោយ​ព្រះអង្គ ប៊ុន សា​លួត បញ្ចុះ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ព្រះអង្គ​រួចហើយ​។
 
​ទាក់ទង​នឹង​សត្វ​ខ្ទីង និង​សត្វ​ទន្សោង​ងាប់ ដោយសារ​ជាប់អន្ទាក់ និង​ការសម្លាប់​ពី​សំណាក​ព្រានព្រៃ​នេះ ក្រសួងបរិស្ថាន​កំពុងតែ​តាមដាន​វែកញែក​រក​ជនល្មើស ដើម្បី​យកមក​ដោះស្រាយ​តាម​និ​តី​វិធី​ច្បាប់​។
 
​គិត​ត្រឹម​ខែមករា រហូតដល់​ខែឧសភា ឆ្នាំ​២០២០ នេះ កម្ពុជា បាត់បង់​សត្វ​ទន្សោង​ចំនួន​៤​ក្បាល​ហើយ ដោយ​១​ក្បាល​ស្លាប់​ដោយសារ​ជាប់អន្ទាក់​នៅក្នុង​ខេត្តកំពង់ស្ពឺ ,១​ក្បាល​ស្លាប់​ដោយសារ​ព្រានព្រៃ​បាញ់​នៅក្នុង​ខេត្តមណ្ឌលគិរី និង​ ២​ក្បាល​ទៀត​ស្លាប់​ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើតាម​ការបញ្ជាក់​របស់ នេត្រ ភក្ត្រា​ដដែល​។
 
​ដើម្បី​កុំ​ឲ្យ​មាន​ករណីបែបនេះ​កើតមាន​ជា​បន្តទៀត ក្រសួងបរិស្ថាន បាន​ជំរុញ​ភាគី​ពាក់ព័ន្ធ​នានា បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​តឹងរឹង​បន្ថែមទៀត ដើម្បី​ប្រឆាំងនឹង​ក្រុម​ជនល្មើស និង​ប្រើ​វិធាន​ការអប់រំ​ផ្សព្វផ្សាយ​ទាំង​ផ្នែក​ច្បាប់ និង​សារសំខាន់​នៃ​ការអភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ ដើម្បី​បណ្តុះ​ស្មារតី​ឲ្យ​ពលរដ្ឋ​ស្រឡាញ់ និង​ការពារ​ធនធានធម្មជាតិ និង​សត្វព្រៃ​។
 
​បើតាម​របាយការណ៍​សិក្សា​របស់​ក្រសួងបរិស្ថាន សត្វ​ទន្សោង​មាន​វត្ត​មាននៅ​កម្ពុជា​សរុប ចន្លោះ​ពី ២៧០០ ទៅ ៥៧០០ ក្បាល​។ ចំនួន​នេះ​បានធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​កន្លែង​ដែលមាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក ខណៈ​ចំនួន​សត្វ​ទន្សោង​សរុប​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន​ស្មានថា​មាន​ចន្លោះ​ពី ៥៩០០ ទៅ ១១០០០ ក្បាល​៕ 

ដោយ៖ សៅ សុខ​អេង​ © រក្សាសិទ្ធិដោយ thmeythmey.com