Thmey Thmey 25
បឹង​ទន្លេសាប ជួរ​ភ្នំក្រវាញ និង​រមណីយដ្ឋាន​ជាង​៣០​ទៀត ជា​តំបន់​សក្តានុពល​ទេសចរណ៍ ក្នុង​ខេត្តពោធិ៍សាត់
26/05/2020 4:08 pm ពោធិ៍សាត់

តំបន់​ទេសចរណ៍​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវបាន​ចែកចេញជា ៣​តំបន់ គឺ​តំបន់ភ្នំ​, តំបន់​ផ្ទៃ​ទឹក​បឹង​ទន្លេសាប និង​តំបន់​ទីប្រជុំជន ក្នុងចំណោម​តំបន់​ទាំងនេះ មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ៣៤​កន្លែង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ លើកឡើងថា​៖ «​សក្ដានុពល​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ និង​មានការ​អភិវឌ្ឍ​ខ្លាំង​»​។

​បើតាម​លោក ម៉ៅ ធនិន តំបន់​ទេសចរណ៍​នៅ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដែល​ពោរពេញ​ទៅដោយ​សោ​ភណ្ឌ​ភាពស្រស់ស្អាត ជា​តំបន់​អេកូ​ទេសចរណ៍​មួយ សម្រាប់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​។ លោក ម៉ៅ ធនិន បន្តថា នា​ផ្ទៃ​ទឹក​បឹង​ទន្លេសាប នៅ​រដូវប្រាំង និង​រដូវវស្សា មាន​ទេសភាព​ខុសគ្នា​។ នៅ​តំបន់​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នេះ ក្រៅពី​មាន​វាលស្មៅ​លិច​ទឹក​ដ៏​ស្រស់ស្អាត ដើម​រាំង និង​ដើម​សណ្ដាន់ ក៏​ជា​ផ្នែក​មួយ ដែល​ទាក់ចិត្ត​ភ្ញៀវទេសចរ​ឲ្យ​កម្សាន្ត​ផងដែរ​។​
 


​ចំណែក​តំបន់​ទេសចរណ៍​នៅ​តំបន់ភ្នំ​វិញ ដែលមាន​ជួរ​ភ្នំ និង​ទឹកជ្រោះ ក៏​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ អភិបាលខេត្ត​ពោធិ៍សាត់ បញ្ជាក់ថា ចន្លោះ​ខែ​៩-១០ ភ្ញៀវទេសចរ​អាច​ទៅ​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​នៅ​តំបន់​រាំង​ខ្វាវ ដែលមាន​ទេសភាព​ស្រស់ត្រកាល​។ លោក ម៉ៅ ធនិន អះអាងថា អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ កំពុង​រៀបចំ ដោយ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ ដើម្បី​ស្រូបយក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​នៅ​ខេត្តពោធិ៍សាត់​។
 

​តំបន់​ទេសចរណ៍​នាទី​ប្រជុំជន រួមមាន  រមណីយដ្ឋាន​ទាំង ៣៤​កន្លែង​រួមមាន បុរី​វប្បធម៌​កោះ​សំពៅ​មាស​, បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​លោកជំទាវ​ខាន់​ខៀវ និង​វត្ត​គិរី​បរ​វង្ស​មានជ័យ​។ រីឯ​តំបន់​ទេសចរណ៍​បឹង​ទន្លេសាប រួមមាន សហគមន៍​ភូមិ​អណ្តែត​ទឹក​កំពង់​លួង​, សហគមន៍​ទេសចរណ៍​រាំង​ទិល​គ្រួសារ​ខ្ញុំ និង​តំបន់​សត្វ​ស្លាប​ជ្រោយ​ស្វាព្រាហ្មណ៍​។
 

​ចំណែក​តំបន់​ទេសចរណ៍​ជួរ​ភ្នំក្រវាញ រួមមាន រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​, ភ្នំ​លាំង​ត្រាច​, ភ្នំ​បាយ​ឃ្លះ​, ភ្នំ​បាក់​ត្រា​, ទំនប់​ឈើ​តោក​, ភ្នំ​ថ្មកែវ​, សហគមន៍​អេកូ​ទេសចរណ៍​រាំង​ខ្វាវ​, អូរ​ដា​, ចម្ការ​ក្រូចពោធិ៍សាត់ ចម្ការ​ទុរេន​, ល្បាក់​កំ​រោ​ញ​, ជំរំ​សត្វ​ស្លាប​បឹង​ព្រះ​ពន្លៃ​, បាកាន​, ភ្នំ​ទំព័រ​, ភ្នំ​រូង​ប្រចៀវ​, ព្រៃ​ក្រវាញ​ធម្មជាតិ​, ជម្រក​សត្វ​ក្រពើ​ភ្នំ​, ចម្ការ​ហូប​ផ្លែ​, សហគមន៍​ជនជាតិ​ជង​, ទឹកធ្លាក់​ស្ទឹង​តា​ចាន់ អូរ​កន្ធាយ​, ទឹកធ្លាក់​ឆាយ​រកា​, ទឹកធ្លាក់​ឆាយ​ខ្ពស់​, ទឹកធ្លាក់​ភ្នំ​សំពៅ​, ទឹកធ្លាក់​ថ្ម​ថ្លើមខ្មៅ​, ទឹកធ្លាក់​ឆាយ​ប្រុយ​, ទឹកធ្លាក់​ស្ទឹង​តា​សុខ​,​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស​, ទឹកធ្លាក់​ថ្មដា​តូច និង​ទឹកធ្លាក់​ថ្មដា​ធំ​។
​សូមបញ្ជាក់ថា ក្នុងចំណោម​រមណីយដ្ឋាន ៣៤​កន្លែង​នេះ មាន​រមណីយដ្ឋាន​មួយចំនួន​បានរៀបចំ​រួច និង​មាន​ដំណើរការ​។ ដោយឡែក​រមណីយដ្ឋាន​មួយចំនួនទៀត កំពុង​រៀបចំ​អភិវឌ្ឍ​ឲ្យ​មាន​ដំណើរការ​៕
 
 
 
 
(រូបភាពពី​មន្ទីរទេសចរណ៍​ខេត្ត​ពោធិ៍សាត់)
 
ដោយ៖ ស្រី​ល័​ក្ខ​ © រក្សាសិទ្ធិដោយ thmeythmey.com