Thmey Thmey 25
រយៈពេល​៦​ខែ «​ភ្នំ​ឱ​រ៉ា​ល់​» ទទួលបាន​ទេសចរ ៥៥០០​នាក់ កើនឡើង ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩
03/07/2020 5:00 pm កំពង់ស្ពឺ ភ្នំពេញ​៖  រយៈពេល ៦​ខែ ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ប្រមាណ​៥៥០០​នាក់ បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់ កើនឡើង​ប្រមាណ ៣០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឺ​ន ឈី​ម ម​គ្គុ​ទ្ទេ​ស​ក៍នៅ​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់​សារព័ត៌មាន ThmeyThmey 25 តាម​ទូរ​សព្ទ​។​

«​ភ្នំ​ឱ​រ៉ា​ល់​» ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ខ្ពស់​ជាងគេ​នៅ​កម្ពុជា បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដល់​ទៅ ៥៥០០​នាក់ ទៅលេង​កម្សាន្ត​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០២០​។ ម​គ្គុ​ទេ្ទ​ស​ក៍នៅ​ភ្នំ​ឱ​រ៉ា​ល់ លោក ឈឺ​ន ឈី​ម បញ្ជាក់ថា ភ្ញៀវទេសចរ​ដែល​បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ជាតិ ក្នុងនោះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ ១០​ភាគរយ​។


កុមារី អន វិសាខា អាយុ ៦ឆ្នាំ ឡើង​ភ្នំឱរ៉ាល់ កាល​ពី​ថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២០

​ការកើនឡើង​នៃ​ភ្ញៀវទេសចរ​ជា​លំដាប់​បែបនេះ បាន​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ផ្ទាល់ តាមរយៈ​ការនាំ​ភ្ញៀវ​ឡើង​ភ្នំ និង​ការលក់ដូរ​ជាដើម​។ លោក ឈឺ​ន ឈី​ម បន្ថែមថា នាពេលខាងមុខ នឹង​បង្កើត​ផ្ទះ​ស្នាក់​មួយកន្លែង នៅ​ជិត​ដងអូរ​ក្បែរ​ជើងភ្នំ ដើម្បី​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មកលេង​កម្សាន្ត​នៅទីនេះ​កាន់តែច្រើន​។​

​អ្នក​នាំ​ភ្ញៀវ​រូបនេះ ក៏​សំណូមពរ​ឲ្យ​ភ្ញៀវទេសចរ​ដែល​បាន​ទៅលេង​ទាំងអស់ ចូលរួម​ថែ​ក្សាប​រិ​ស្ថាន អនាម័យ ដើម្បី​ឲ្យ​កន្លែង​នេះ នៅតែមាន​សោភ័ណភាព​ស្រស់ស្អាត និង​ខៀវស្រងាត់​។ បើតាម​លោក ឈឺ​ន ឈី​ម នាពេល​កន្លងមក​មាន​ភ្ញៀវទេសចរ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅលើ​ភ្នំ​ឱ​រ៉ា​ល់​៕


ក្រុម​ភ្ញៀវទេសចរ​ឡើង​ភ្នំឱរ៉ាល់ រូបភាព​ពី​ហ្វេសប៊ុក​លោក តាន់ គីមសួរ


​រូបភាព​ពី​ហ្វេសប៊ុក​លោក តាន់ គីមសួរ
ដោយ៖ ង៉ាយ ណៃ © រក្សាសិទ្ធិដោយ thmeythmey25.com