08/08/2020 4:00 pm ភ្នំពេញ
ភ្នំពេញ៖ សត្វត្រយងចង្កំក-ស ជាប្រភេទសត្វបក្សីដែលរស់នៅក្នុងតំបន់ព្រៃភ្នំ ហើយជាបក្សីកម្រមួយនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
សត្វនេះមានរូបរាង និងលក្ខណៈជីវសាស្ត្រ ដូចគ្នាទៅនឹងប្រភេទសត្វត្រយ៉ងយក្ស ដោយគ្រាន់តែមានរូបរាងតូចជាងបន្តិច។ វាមានសម្បុរក្រម៉ៅជាងសត្វត្រយ៉ងយក្ស ហើយមានលក្ខណៈភ្លឺជាងបន្តិច នៅលើស្លាបរបស់វាមានពណ៌ខៀវផ្លេកតិចៗ ដូចស្លាបសត្វកំភេម និងមានពណ៌សមួយដំនៅលើគុម្ភស្លាប។
ចំណែកឯលក្ខណៈពិសេសមួយទៀតរបស់សត្វនេះគឺមានពណ៌សមួយកង់ នៅព័ទ្ធជុំវិញក ត្រង់ផ្នែកខាងក្រោមនៃកញ្ចឹងកបន្តិច ដែលមានសណ្ឋាន ឬ មានលក្ខណៈដូចចង្កំ ដូច្នេះហើយបានជាគេនិយមហៅសត្វនេះថា«ត្រយងចង្កំក-ស»។
សត្វចង្កំក-សនេះ និយមរស់នៅក្បែ ឬ ជាមួយសត្វត្រយងយក្សដែរ ដោយពួកវាមានទីជម្រកនៅតាមតំបន់ខ្ពង់រាប ព្រៃភ្នំ ជាព្រៃរបោះ ពាក់កណ្ដាលព្រៃរបោះនិងព្រៃស្មោង ដែលសម្បូរទៅដោយប្រភពទឹក ដូចជាថ្លុកត្រពាំង បឹងអូរ ព្រែក ស្ទឹង និងទន្លេជាដើម។
សូមបញ្ជាក់ថា សត្វនេះប្រមាណ៩០ភាគរយ គឺកំពុងមានវត្តនៅក្នុងប្រទេសកម្ពុជា ប៉ុន្កែនៅក្នងរដ្ឋខ្លះនៃប្រទេសឥណ្ឌា ឥណ្ដូនេស៊ី និងប្រទេសមីយ៉ាន់ម៉ាមិនសូវសម្បូរសត្វនេះដូចប្រទសកម្ពុជានោះឡើយ៕