Thmey Thmey 25
មន្ត្រី​សង្ឃ​ខេត្តសៀមរាប ដាំ​កូនឈើ​ប្រណិត​និង​ឈើ​លម្អ ចំនួន​៥០០​ដើម នៅ​រមណីយដ្ឋាន​អង្គរ​
05/08/2020 3:00 pm សៀមរាប ​មន្ត្រី​សង្ឃ​ខេត្តសៀមរាប នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ដាំ​កូនឈើ​ប្រណិត និង​ឈើ​លម្អ​ចំនួន​៥០០​ដើម នៅ​បរិវេណ​រមណី​រដ្ឋា​ន​អង្គរ ដើម្បី​បង្កើត​គម្រប​បៃតង ទេសភាព​វប្បធម៌ ជម្រក​សត្វព្រៃ និង​ទាក់ទាញ​ភ្ញៀវទេសចរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ព្រះ​តេជគុណ គង់ សុភាព ព្រះចៅអធិការ​វត្ត​អង្គរ​ខាងជើង​មាន​សង្ឃដីការ​ថា​៖ «​គោលបំណង​នៃ​ការដាំ​កូនឈើ​នេះ គឺ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​បៃតង​នៅក្នុង​តំបន់​អង្គរ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះ​ទឹកចិត្ត​ស្រលាញ់​បរិស្ថាន​ដល់​កូន​ខ្មែរ​គ្រប់រូប និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ជាមួយនឹង​ពិភពលោក​»​។​

​ក្នុងឱកាស​នោះដែរ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​លើកឡើង​ដែរ​ថា ក្រៅតែពី​កិច្ចការ​អភិរក្ស ជួសជុល​ប្រាង្គ​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បរិស្ថាន​ធម្មជាតិ ដែល​ផ្ដល់​ប្រយោជន៍​ចំពោះ​មនុស្ស និង​ប្រាសាទ​។ លោក​បានបញ្ជាក់​ផងដែរ​ថា​៖«​ចំពោះ​អ្នក​ដែល​មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ទោះ​ខឹង ឬ ស្អប់​កុំ​បំផ្លាញ​ព្រៃឈើ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ ព្រោះ​ព្រៃឈើ​គឺជា​សម្បត្តិ​រួម​របស់​អ្នក​រាល់គ្នា​»​។​



​សូម​បញ្ជាក់ដែរថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ស្ថានីយ​បណ្ដុះ​កូនឈើ​ចំនួន​៥​កន្លែង​ក្នុង​រមណីយដ្ឋាន​អង្គរ មានពូជ​ឈើប្រណិត ឈើ​លម្អ​ជាច្រើន​ប្រភេទ​សម្រាប់​ដាំ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ចែកជូន​សាធារណជន​។ នៅក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដាំ​កូនឈើ​រួមទាំង​ចែក​ជូនទៅ​សហគមន៍​ចំនួន​១០​ម៉ឺន​ដើម​៕
ដោយ៖ ង៉ា​យ ណៃ​ © រក្សាសិទ្ធិដោយ thmeythmey25.com