Thmey Thmey 25
បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងលក្ខណៈគ្រួសារ
05/08/2020 4:00 pm ភ្នំពេញ ដើម្បីរួមចំណែកក្នុងវិស័យវារីវប្បកម្ម ដល់កសិករនៅជនបទ ពិសេសការចិញ្ចឹមត្រីលក្ខណៈគ្រួសារ ក្នុងគោលដៅបង្កើនផលិតភាពត្រី សម្រាប់កសិករដែលមានបំណងចិញ្ចឹមត្រីអណ្ដែងក្នុងស្រះ ឬអាងតូច។ ត្រីអណ្ដែង ដែលសមស្របសម្រាប់ចិញ្ចឹមជាលក្ខណៈគ្រួសារ ជាប្រភេទត្រីអណ្ដែង អាហ្វ្រិចបង្កាត់ជាមួយត្រីអណ្ដែង ក្នុងស្រុក។ នេះបើតាមការដកស្រង់ពីសៀវភៅបច្ចេកទេចិញ្ចឹមត្រីអណ្ដែងលក្ខណៈគ្រួសារ របស់នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម។

ដើម្បីអាចចិញ្ចឹមត្រីអណ្ដែងលក្ខណៈគ្រួសារបាន មុនដំបូងកសិករត្រូវជ្រើសរើសទីតាំងក្នុងការជីកស្រះ ត្រូវជ្រើសរើសកន្លែង ជិតផ្ទះព្រោះងាយស្រួលក្នុងការមើលថែ និងមានប្រភពទឹកគ្រប់គ្រាន់ដើម្បីអាចផ្លាស់ប្ដូរទឹកបាន (១-២ដង/ខែ)។ បន្ទាប់ពីជ្រើសរើសទីតាំងហើយ ត្រូវរៀបចំជីកស្រះទៅតាមទំហំដែលកសិករចង់បាននិងតាមលទ្ធភាព។ ប៉ុន្តែទំហំស្រះ ដែលសមស្របសម្រាប់ការចិញ្ចឹមត្រីអណ្ដែងលក្ខណៈគ្រួសារមានទំហំចន្លោះពី ៨ម៉ែត្រការ៉េ ទៅ ២០ម៉ែត្រការ៉េ និងជម្រៅពី ៦តឹកទៅ ១ម៉ែត្រ។ ក្នុងលក្ខខណ្ឌស្រះទំហំទទឹង ២ម៉ែត្រ បណ្ដោយ ៥ម៉ែត្រ (ស្មើ១០ម៉ែត្រការ៉េ) អាចដាក់បានកូនត្រីចំនួន ៥០០ក្បាល។

ចំពោះស្រះថ្មីក្រោយជីករួចត្រូវសំអាតបាតស្រះឲ្យបានស្អាត រួចក្រាលកៅស៊ូប្លាស្ទិក។ បន្ទាប់ពីក្រាលកៅស៊ូប្លាស្ទិករួច គប្បីយកភក់បាតត្រពាំង ឬបឹងក្រាលនៅបាតស្រះ កម្រាស់ ០.៥-១តឹក អាចបន្ថែមលាមកសត្វស្ងួតដូចជា គោ ជ្រូក មាន់ ឬទា ពង្រាយនៅបាតស្រះ នូវបរិមាណ ០.៥ គីឡូក្រាមក្នុង ១ម៉ែត្រការ៉េ រួចបញ្ចូលទឹកក្នុងបរិមាណ ០.២-០.៤ម៉ែត្រ និងត្រាំទុករយៈពេល ៣ ទៅ ៥ថ្ងៃ។ បន្ទាប់ពីត្រាំទឹករយៈពេលពី ៣ ទៅ ៥ថ្ងៃរួច គឺអាចព្រលែងកូនត្រីបាន មុននឹងលែង កូនត្រីចូលស្រះ ត្រូវតាំថង់កូនត្រីនៅក្នុងទឹកស្រះជាមុនសិន រយៈពេលពី ១៥-២០នាទី ដើម្បីឲ្យសីតុណ្ហភាពទឹកខាងក្រៅ និងក្នុងថង់មានកម្រិតប្រហាក់ប្រហែលគ្នា។

ដោយឡែកចំណីត្រីអណ្ដែងអាចជារុក្ខជាតិដូចជា ត្រកួន ពោត ស្លឹកដំឡូងជ្វា សណ្ដែកសៀង កន្ទក់ ចុងអង្ករ កាកសំណល់ផ្ទះបាយ។ ការផ្ដល់ចំណីដល់កូនត្រីត្រូវធ្វើបន្ទាប់ពីលែងចូលស្រះរយៈពេល ២-៣ម៉ោង ប៉ុន្តែក្នុងបរិមាណ តិចបំផុត។ សម្រាប់ការផ្ដល់ចំណីត្រីពេញវ័យអាចផ្ដល់ពី ២ ទៅ ៣ដងក្នុង ១ថ្ងៃ ហើយពេលវេលាល្អគឺនៅម៉ោង ៨ព្រឹក និងម៉ោង ៤ឬ ៥ល្ងាច។ ចំពោះការចិញ្ចឹមត្រីអណ្ដែងក្នុងស្រះក្រាលកៅស៊ូប្លាស្ទិកចិញ្ចឹមតែរយៈពេល ២ ទៅ ៤ ខែប៉ុណ្ណោះអាចប្រមូលផលបានហើយ៕

 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com