06/08/2020 12:00 pm ភ្នំពេញ
ដើម្បីចិញ្ចឹមទាកាប៉ាតាមបច្ចេកទេសសមស្រប អនុវត្តទទួលបានជោគជ័យ និងទទួលបានទិន្នផលខ្ពស់ ទាមទារឲ្យកសិករត្រូវគិតគូរពីការធ្វើទ្រុង ការជ្រើសរើសពូជ ការបង្កាត់ពូជ របៀបថែទាំ និងការផ្ដល់ចំណី។ នេះបើតាមសៀវភៅបច្ចេកទេសចិញ្ចឹមសត្វរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
តាមសៀវភៅបច្ចេកទេសចិញ្ចឹមសត្វនេះ ជម្រក ឬទ្រុង ជាផ្នែកមួយសំខាន់ អាចជួយការពារទាកាប៉ា ពីអាកាសធាតុមិនល្អ ជៀសផុតពីសត្វឆ្កែ កណ្ដុរ ពស់ និងឆ្មារ។ មិនតែប៉ុណ្ណោះ វានឹងជួយឃាំងទា មិនឲ្យចេញក្រៅបំផ្លាញបន្លែបង្ការ និងកាត់បន្ថយការឆ្លងជំងឺពីខាងក្រៅផងដែរ។ ចំពោះទីតាំងសង់ទ្រុង គួរតែជាកន្លែងទីទួល ទីតាំងទូលាយ ដីមិនស្អិត មិនឆ្ងាយពីផ្ទះងាយមើលថែ និងមានប្រភពទឹកគ្រប់គ្រាន់។ នេះដោយឡែកសម្ភារសាងសង់ទ្រុង គួរប្រើប្រាស់របស់ដែលងាយស្រួលរកដូចជា ដើមឫស្សី។ បន្ទាប់ជ្រើសរើសទីតាំង និងមានសម្ភារគ្រប់គ្រាន់ ដើម្បីសាងសង់ទ្រុងទាហើយ ត្រូវកំណត់ទំហំទ្រុង ទៅតាមទំហំដី និងស្ថានភាពដី។
បើសិនអ្នកចិញ្ចឹមទាពី ៥ក្បាលទៅ ៩ក្បាល ទ្រុងត្រូវមានបណ្ដោយ ៥ម៉ែត្រ ទទឹង ២,៥ម៉ែត្រ មេដំបូល ត្រូវមានកម្ពស់ពីដី ៣ម៉ែត្រ (គួររៀបចំទ្រុងឲ្យទូលាយបើសិនមានដីទំនេរ)។ ជាទូទៅ ទាកាប៉ា ចូលចិត្តដេកទាំងនៅលើធ្នើរ និងផ្ទាល់ដី ដូច្នេះគួររៀបចំធ្នើរសម្រាប់ទាកាប៉ាទាបៗពីដី។ ក្នុងលក្ខណ្ឌទីតាំងចិញ្ចឹមមិនមានស្រះ ឬត្រពាំង គួរធ្វើអាងសិប្បនិមិត្ត សម្រាប់សត្វទាហែលលេង ព្រោះទាជាប្រភេទសត្វដែលចូលចិត្តទឹក។ គួរចំណាំ៖ ត្រូវឧស្សាហ៍ប្ដូរទឹកឲ្យទា ហើយសម្រាប់កូនទាតូចៗ អាយុក្រោម ៨ ថ្ងៃមិនគួរឲ្យលេងទឹកអាងនោះទេ។
ការជ្រើសរើសពូជ៖ ត្រូវជើសរើសទាកាប៉ាសម្រាប់ធ្វើពូជនៅពេលអាយុបាន ៦ ទៅ ៧ អាទិត្យ។ គួរជ្រើសរើសពូជទាដែលមាន មាឌនិងទំហំរបស់ទាធំ ស្វាហាប់ មានរោមភ្លឺរលោងល្អ ចូលចិត្តស៊ីចំណី និងផឹកទឹក ផលិតស៊ុតបានច្រើន។ សម្រាប់ពូជទាកាប៉ាឈ្មោល មានទម្ងន់ ៥-៧គីឡូ និងទាកាប៉ាញី មានទម្ងន់ ២-៥គីឡូ។ ដោយឡែកការជ្រើសរើសកូនទាទុកធ្វើពូជ ត្រូវមើលលើកូនទាដែលរឹងមាំ ស្វាហាប់ មានសុខភាពល្អ ដែលញាស់ពីមេបា មានសុខភាពល្អ ត្រូវជ្រើសរើសកូនទា ២ ទៅ៣ ក្នុងមួយសំបុកបានហើយ។
មេទាកាប៉ាចាប់ផ្ដើមផ្ដល់ពងចាប់ពីអាយុ ៧ខែ ហើយដើម្បីឲ្យការបង្កកំណើតកូនក្នុងស៊ុតទាកាប៉ាបានល្អគេត្រូវដាក់បង្កាត់មេពី ៥ ទៅ ៦ ក្បាលក្នុងទាកាប៉ាឈ្មោល ១ ក្បាល។ ជាទូទៅទាកាប៉ាក្រាបភ្ញាស់កូនដោយខ្លួនឯង ដូច្នេះសំបុកត្រូវរៀបចំឲ្យបានល្អ ចំពោះមេទាកាប៉ា ១ ក្បាលអាចភ្ញាស់កូនបាន ១២ ទៅ ១៥ គ្រាប់ក្នុង ១ លើក។ អំឡុងពេលមេទាកំពុងក្រាបពងត្រូវដាក់ចំណីឲ្យបានគ្រប់គ្រាន់។
សម្រាប់វិធីសាស្ត្រថែទាំកូនទាកាប៉ាត្រូវថែទាំឲ្យបានត្រឹមត្រូវ កូនទាដែលទើបនឹងញាស់ត្រូវការផ្ដល់កំដៅបន្ថែម ទឹក ចំណី និងមានខ្យល់អាកាសចេញចូលល្អ។ កូនទាមានអាយុរហូត ២ អាទិត្យត្រូវថែរក្សាឲ្យមានសុវត្ថិភាព ដាក់ក្នុងកន្លែងដែលកក់ក្ដៅ និងរៀបចំទ្រុងសម្រាប់ដាក់កូនទាតូចៗ។ ការផ្ដល់ចំណីដល់កូនទាកាប៉ាតូចៗ ត្រូវធ្វើឡើងបន្ទាប់ពី ១២ ម៉ោងនៃការញាស់។ ចំណីដែលកូនទាកាប៉ាចូលចិត្តមាន ចុងអង្ករ កន្ទក់និងចំណីក្រុមហ៊ុន (ត្រូវផ្ដល់ ៤ ទៅ ៥ ដងក្នុង ១ថ្ងៃ) ដែលមានប្រូតេអ៊ីនពី ២០ ភាគរយ។ ក្នុងលក្ខខណ្ឌដែលមានអាកាសធាតុត្រជាក់ត្រូវបន្ថែមកំដៅដល់កូនទាដូចជា អំពូលភ្លើង ឬក្អមកំដៅ។ មិនត្រូវឲ្យកូនទាកាប៉ានៅក្រោមទឹកភ្លៀងទេ ព្រោះកូនទាមានអាយុចាប់ពី ៣ ទៅ ៤ខែឡើងទៅទើបអាចទប់ទល់អាកាសធាតុបាន។
គ្រាប់ធញ្ញជាតិកសិកម្ម និងប្រភេទសត្វល្អិតជាប្រភេទចំណីពេញនិយមរបស់ទាកាប៉ាពេញវ័យដូចជា៖ កូនត្រី កង្កែប ខ្ចង កំពឹស ចុងអង្ករ ជាដើម។ ជាទូទៅអ្នកចិញ្ចឹមទាកាប៉ាអាចទទួលបានផលយ៉ាងច្រើនពីការចិញ្ចឹម បើសិនការចិញ្ចឹមរបស់ពួកគាត់ទៅតាមបច្ចេកទេស និងមានការកើនឡើងនូវប្រាក់ចំណូលផងដែរបើសិនពង្រីកការចិញ្ចឹម។ ដោយឡែកសម្រាប់រយៈពេលនៃការប្រមូលផលទាកាប៉ាគឺអាស្រ័យទៅលើការថែទាំ និងការផ្ដល់ចំណីបើថែទាំបានល្អ និងផ្ដល់ចំណីគ្រប់គ្រាន់ទិន្នផលក៏ទៅតាមហ្នឹងដែរ៕