Thmey Thmey 25
«​ម្នាស់​» ថ្នាំ​ព្យាបាល​រលាក​តម្រងនោម និង​ជំងឺ​បាន​ច្រើន​ប្រភេទ​
07/08/2020 4:00 pm ភ្នំពេញ ​ភ្នំពេញ​៖ ក្រៅតែពី​ផ្ដល់​ផ្លែ​មាន​រសជាតិ​ឆ្ងាញ់​ពិសា «​ម្នាស់​» អាច​យកមកប្រើ​ប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​។ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​បាន​រៀបរាប់ថា គល់​ម្នាស់ និង​ស្លឹក​ស្រស់​របស់​វា​អាច​យកមក​បុក​យក​ទឹក​ក្នុង​កម្រិត​ពី​១០០-២០០​មី​លី​លីត្រ ឬ​ស្ងោរ​ជា​ទឹក​ពី​២០០-៦០០​មី​លី​លីត្រ ផឹក​សម្រាប់​ព្យាបាល​រោគ​ធ្លាក់ស នោម​តិច នោម​ទាស់ ក្អួត​ចេញឈាម ហើម និង​ខ្សោយបេះដូង​ជាដើម​។​

​ចំណែកឯ ផ្លែ​ខ្ចី​ស្ងោរ​ជាមួយ​សាច់ សម្រាប់​ព្យាបាល​ទល់លាមក អាហារ​មិន​រលាយ ត្អើក​។ ផ្លែ​ទុំ​វិញ ប្រើ​សម្រាប់​ព្យាបាល​រោគ​តម្រងនោម ហើម និង​ជួយ​លើក​កម្លាំង​បំបាត់​ក្លិន​អាក្រក់ ទម្លាក់​ព្រូន រាំងរដូវ ឈឺចាប់​ពេល​មក​រដូវ ក្អកមាន់​។​

«​ម្នាស់​» គឺជា​ប្រភេទ​តិណជាតិ​រស់នៅ​បានយូរ​ឆ្នាំ កម្ពស់​ដល់​មួយ​ម៉ែត្រ ហើយ​ដើម​របស់​វា​ខ្លី​និង​មាន​ស្លឹក​ជុំជិត​ជា​រង្វង់​ដូច​ខ្ចៅ​។ ស្លឹក​វា​វែង​រឹង​ស្វិត មាន​ចង្អូរ​កណ្ដាល ស្រួច​ចុង​មាន​បន្លា​តាម​គែម ដុះ​ស្ទប​ចេញពី​គល់​ឡើង រីឯ​ផ្កា​របស់​វា​មាន​ពណ៌​ផ្កាឈូក គ្មាន​ទង ដុះ​ចេញពី​កំពូល ជា​កញ្ចុំ​មូល​ផ្ដុំគ្នា ដោយមាន​ស្លឹក​តូចៗ​នៅ​ពីលើ​បន្ទាប់​ក្លាយជា​ផ្លែ​៕

(​សារព័ត៌មាន​​ថ្មីៗ២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួង​សុខា​ភិ​បាល​​)
ដោយ៖ ង៉ា​យ ណៃ​ © រក្សាសិទ្ធិដោយ thmeythmey25.com