Thmey Thmey 25
ការស្ទូចត្រីកម្សាន្តតាមដងទន្លេមេគង្គ ហាក់កំពុងពេញនិយម
01/09/2020 9:00 am ភ្នំពេញ ក្នុងរូបភាពខាងលើនេះ គឺសមាជិកក្រុមអ្នកស្ទូចត្រីកម្សាន្តម្នាក់ បានលើកបង្ហាញត្រី រូហ៊ូ (Labeo rohita) មួយក្បាល ទម្ងន់ប្រហែល ២គីឡូក្រាម ដោយរីករាយ។ ត្រីនេះ គាត់ស្ទូចបានពីទន្លេមេគង្គ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ១។

គួរបញ្ជាក់ផងដែរថា ត្រី រូហ៊ូ គឺជាប្រភេទត្រីនាំចូលមកពីប្រទេសឥណ្ឌា សម្រាប់ចិញ្ចឹមក្នុងស្រះ ឬត្រពាំង ដូចត្រីទីឡាព្យ៉ា ដែរ។ វាមិនមែនជាត្រីមានដើមកំណើតនៅក្នុងទន្លេមេគង្គឡើយ។

បច្ចុប្បន្ននេះ ទំនោរនៃការស្ទូចត្រីដើម្បីកម្សាន្តនៅក្នុងសង្គមខ្មែរ ហាក់កំពុងរីកដុះដាល។ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមបណ្តោយច្រាំងទន្លេមេគង្គ គេសង្កេតឃើញមានអ្នកដែលចូលចិត្តលំហែកាយ និងបន្ធូរអារម្មណ៍នឿយហត់ពីការងារ ដោយការស្ទូចត្រីកម្សាន្តជាច្រើននាក់។ អ្នកទាំងនោះ មានទាំងជនជាតិខ្មែរ និងជនបរទេស។
ពួកគេប្រដាប់ទៅដោយដងសន្ទូចទំនើបៗ ដែលមានតម្លៃខ្ពស់  ចាប់ពីពីរគ្រឿងរហូតដល់ប្រាំគ្រឿងក្នុងម្នាក់ៗ។

ចំពោះនុយសម្រាប់ស្ទូចត្រីវិញ ពួកគេប្រើនុយកែច្នៃដោយខ្លួនឯង ពីចំណីមាន់លាយជាមួយម្សៅឆា និងនំពងទា។ ជាទូទៅ ពួកគេស្ទូចបានត្រីច្រកែង (Puntioplites spp.) ត្រីកាហែ (Barbonymus spp.) និងត្រីរៀល (Gymnostomus spp.)។ល។ ក្រោយពីស្ទូចបាន ភាគច្រើនពួកគេបង្កាត់ភ្លើងអាំង ហើយជួបជុំគ្នាពិសាបាយយ៉ាងសប្បាយរីករាយ នៅនឹងមាត់ទន្លេមេគង្គនោះតែម្តង។

ទន្លេមេគង្គ គឺជាជម្រកនៃមច្ឆជាតិរាប់រយប្រភេទ។ ដូច្នេះ សូមមេត្តាកុំបោះចោលសំរាមចូលក្នុងទន្លេ។ បើបរិស្ថានទន្លេមេគង្គកខ្វក់ មច្ឆជាតិមិនអាចរស់នៅបានឡើយ។ សូមជួយថែរក្សាបរិស្ថានទន្លេមេគង្គទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។ 
ដោយ៖ ឈុត ឈាណា / USAID Wonders of the Mekong © រក្សាសិទ្ធិដោយ thmeythmey25.com