02/09/2020 9:00 am ព្រៃវែង
តំបន់ការពារធម្មជាតិ ដីសើមបឹងស្នេហ៍ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង គឺជាតំបន់អភិរក្សសត្វស្លាបដ៏សំខាន់មួយ នៅក្នុងចំណោមទីតាំងអភិរក្សផ្សេងទៀតនៃប្រទេសកម្ពុជា។ បឹងស្នេហ៍ សម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទបក្សីកម្រនិងជិតផុតពូជ កំពុងមានវត្តមានរស់នៅ នៅតាមព្រៃលិចទឹក និងព្រៃល្បោះ ហើយស្ថិតក្រោមការមើលថែពីប្រជាសហគមន៍នៅក្នុងមូលដ្ឋាន។ នេះបើតាមក្រសួងបរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០កន្លងទៅ បានលើកឡើងថា ក្រសួងគ្រោងនឹងអភិវឌ្ឍតំបន់នេះឱ្យក្លាយជាកន្លែងទេសចរណ៍ថ្មីមួយ ដើម្បីចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជារួមចំណែកថែរក្សានូវធនធាន ដែលមាននៅតំបន់ដីសើមនេះ។
រូបភាពពីក្រសួងបរិស្ថាន
សូមបញ្ជាក់ផងដែរថា តំបន់ដីសើមបឹងស្នេហ៍ មានអន្លង់ត្រីចំនួន៩កន្លែង ដែលជាជម្រកត្រីពងកូន រស់នៅ និងលូតលាស់ធំធាត់។ លើសពីនេះ បឹងស្នេហ៍ មានវត្តមានសត្វស្លាបសរុបទាំងអស់៤៩ប្រភេទ ដោយរាប់បញ្ចូលទាំងសត្វកម្រ៦ប្រភេទផ្សេងទៀត ដែលកំពុងរងការគម្រាមកំហែង និងជិតផុតពូជនៅលើពិភពលោក។ សត្វកម្រទាំង៦ប្រភេទនោះរួមមាន ត្រដក់តូច រនាលពណ៍ ទុងប្រផេះ ត្រយងខ្លួនស ស្មោញ និងប្រភេទសត្វចង្កៀងខ្យង កំពុងបន្តពូជ និងពងកូនរាប់ពាន់ក្បាលនៅចំណុចទួលព័ទ្ធតាឡី។
ដោយផ្អែកទៅលើវត្តមានប្រភេទសត្វសំខាន់ៗ, ទីជម្រកសម្រាប់បន្តពូជ, និងធនធានដែលគាំទ្រដល់ការអភិវឌ្ឃសហគមន៍មូលដ្ឋាន នាំឱ្យក្រសួងបរិស្ថាន សម្រេចដាក់បញ្ចូលទីតាំងអភិរក្សសត្វស្លាបនេះ ជាតំបន់ការពារធម្មជាតិ បន្ទាប់ពីបានដាក់ស្នើកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
រូបភាពពីក្រសួងបរិស្ថាន
គិតត្រឹមឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិកំពុងអភិរក្សចំនួន៦៩កន្លែង មានផ្ទៃដីសរុបចំនួន៧,៣លានហិកតា ហើយបែងចែកជាតំបន់ឧទ្យានជាតិ តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងជីរចម្រុះជាដើម៕