Thmey Thmey 25
លោក ធឿន ស្រូវ ស្រឡាញ់​សត្វ​ទោច​ដូច​កូន ក្រោយ​ធ្វើជា​អ្នកស្រាវជ្រាវ​សត្វ​កម្រ​នេះ​៨​ឆ្នាំ​
08/10/2020 3:00 pm មណ្ឌលគីរី ​មណ្ឌលគិរី​៖ លោក ធឿន ស្រូវ ជា​ប្រធាន​ស្រាវជ្រាវ​សត្វ​ទោច ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៃ​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនារ​ម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ រយៈពេល​៨​ឆ្នាំ​ហើយ ដែល​លោក ស្រូវ ដែល​ជនជាតិដើម​ភាគតិច​ព្នង ធ្វើការ​ជា​អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​សត្វ​ទោច​នេះ​។ ទោះបីជា​ការងារ​នេះ ត្រូវ​ងើប​ពី​តំណេក​តាំងពីព្រឹក​ព្រលឹម ដល់​ព្រលប់​ក៏ដោយ ក៏​បុរស​ចំណាស់​រូបនេះ មិន​នឿយហត់​ឡើយ មានតែ​កាន់តែ​ស្រឡាញ់ អាណិត​ប្រភេទ​សត្វ​កម្រ​នេះ​ឡើង ដូចជា​កូន​របស់ខ្លួន​ដែរ​។

​ដើម្បី​ជ្រាប​បន្ថែម សូម​អញ្ជើញ​តាមដាន​កិច្ច​សម្ភាស រវាង​លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ធឿន ស្រូវ ដូចតទៅ​៖

​ប្រមាណ​ជា​៨​ឆ្នាំ​ហើយ ដែល​លោក ធឿន ស្រូវ បាន​ចំណាយពេល​ស្រាវជ្រាវ និង​ឃ្លាំមើល ថែរក្សា​សត្វ​ទោច នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៃ​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនារ​ម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ លោក ធឿន ស្រូវ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា ការស្រាវជ្រាវ​សត្វ​ទោច​នេះ លោក​មិន​ហត់នឿយ​នោះទេ ព្រោះ​លោក ស្រឡាញ់ អាណិត​សត្វ​កម្រ​នេះ ដូច​កូន​អីចឹង​។ លោក ធឿន ស្រូវ រៀបរាប់​ដូច្នេះ​៖« ដោយសារ​ខ្ញុំ​ស្រលាញ់​សត្វ និង​ចាត់ទុក​សត្វ​ទោច​ដូចជា​កូន គឺ​ស្រលាញ់​ខ្លាំង​មែនទែន ពេល​សត្វ​ទោច​មាន​ជំងឺ ខ្ញុំ​ពិតជា​មាន​អារម្មណ៍ ថា​ខូចចិត្ត និង​ឈឺចាប់ មិន​ចាញ់កូន​របស់ខ្លួន​ពេល​មាន​ជំងឺ​នោះទេ​»​។

​បើតាម លោក ធឿន ស្រូវ បច្ចុប្បន្ន​នៅ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនារ​ម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី មាន​សត្វ​ទោច​ប្រមាណ​១០​ក្បាល​កំពុង​រស់នៅ​។ ចំនួន​ដ៏​តិចតួច រឹតតែ​ធ្វើ​ឲ្យ​ប្រធាន​ស្រាវជ្រាវ​សត្វ​ទោច​ចំណាស់​រូបនេះ កាន់តែ​ខិតខំ​ថែរក្សា​ខ្លាំង​ឡើង ដើម្បី​កុំ​ឲ្យ​ផុត​ពូជ​ពី​ក្នុង​សហគមន៍​៕




ដោយ៖ ជឿន ស្រី​ណ​យ​ © រក្សាសិទ្ធិដោយ thmeythmey25.com