Thmey Thmey 25
​សហគមន៍​ភូមិ​ពូ​ហ្យា​ម ខេត្តមណ្ឌលគិរី ប្រើ​ស្លឹកចេក និង​បំពង់​ឫស្សី វេច​ខ្ចប់​អាហារ​សម្រាប់​ភ្ញៀវ​
11/10/2020 1:00 pm មណ្ឌលគីរី មណ្ឌលគិរី​៖ សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី តែង​ប្រើប្រាស់​ស្លឹកចេក និង​ដើម​ឫស្សី​សម្រាប់​វេច​ខ្ចប់ និង​ចម្អិន​អាហារ​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​លេង​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​លែង​អង លែង​ឃិន ដើម្បី​កាត់បន្ថយ​សំរាម​ប្លា​ស្ទិ​ក និង​ធានាបាន​នូវ​បរិស្ថាន​ល្អ នៅក្នុង​សហគមន៍​។

​មុននឹង​ធ្វើដំណើរ មកដល់​រមណីយដ្ឋាន​ទឹកធ្លាក់​លែង​អង លែង​ឃិន ដែលមាន​ជនជាតិដើម​ភាគតិច ជា​អ្នក​ចម្អិន​ម្ហូបអាហារ​ប្រចាំ​តំបន់​ដោយ​ប្រើ​ស្លឹកចេក និង​ដើម​ឫស្សី គឺ​ត្រូវ​ឆ្លងកាត់​វាលស្មៅ​ពណ៌​បៃតងខ្ចី និង​ព្រៃ​ដ៏​ស្រស់បំព្រង ក្នុង​ចម្ងាយ​៤​គីឡូម៉ែត្រ​។ សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ដែល​រស់នៅក្នុង​រមណី​យ​ដ្ឋា​ន​ទឹកធ្លាក់​នេះ មាន​ប្រពៃណី​វេច​ខ្ចប់​អាហារ ពី​ស្លឹកចេក និង​បំពង់​ឫស្សី​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​លេង​នៅ​រមណីយដ្ឋាន​នេះ​តាំងពី​ដូនតា​មកហើយ​។

​អ្នកស្រី ណាក់ នី​តា តំណាង​ឲ្យ​សហគមន៍​ពូ​ហ្យា​ម និង​ជា​សមាជិក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​លែង​អង លែង​ឃិន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពេល​មាន​ភ្ញៀវទេសចរ ម​កក​ម្ម៉​ង់​អាហារ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​នេះ សហគមន៍​តែង​រៀបចំ​បាយ​ដោយ​ខ្ចប់​ពី​ស្លឹកចេក ម្ហូប​ចម្អិន​នៅក្នុង​បំពង់​ឫស្សី ហើយក៏​ប្រើ​បំពង់​ឫស្សី ធ្វើជា​ចាន​ដាក់​ម្ហូបអាហារ​។

​កំពុង​តម្រៀប​ចំណីអាហារ ដែល​បាន​វេច​ខ្ចប់​នឹង​ស្លឹកចេក ដែល​ស្ងោរ​ហើយ និង​ចម្អិនម្ហូប​នឹង​បំពង់​ឫស្សី​រួចជាស្រេច នៅលើ​តុ​វែង​មួយ​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ អ្នកស្រី ណាក់ នី​តា បាន​បញ្ជាក់ថា មូលហេតុ​ដែល​សហគម​ន៍ ប្រើប្រាស់​ស្លឹកចេក និង​បំពង់​ឫស្សី​សម្រាប់​ខ្ចប់​អាហារ និង​ចម្អិន​អាហារ ដោយ​យល់ថា​វិធី​នោះ គឺ​ផ្តល់​ភាពងាយស្រួល​ដល់​ចុងភៅ អាហារ​មាន​រសជាតិ​ឈ្ងុយ ចូលរួម​កាត់បន្ថយ​សំរាម​ប្លា​ស្ទិ​ក បរិស្ថាន​ស្អាត  និង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។​

​អ្នកស្រី ណាក់ នី​តា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការប្រើប្រាស់​ស្លឹកចេក និង​ដើម​ឫស្សី វា​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ បើ​យើង​ប្រើ​ប្លា​ស្ទិ​ក វា​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​ប្លា​ស្ទិ​កវា​មិន​ងាយ​រលាយ​ទេ​។ យើង​ស្រួល​ប្រមូល​សំរាម​ទៀត​។ ប៉ុន្តែ​បើ​ប្រើ​ស្លឹកចេក​អ៊ីចឹង វា​ឆាប់​រលាយ​។ ពេល​វារ​លាយ យើង​អាចយ​កវា​ធ្វើជា​ជី​បាន​ទៀត​។ ម្យ៉ាងទៀត​ក៏​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ពីព្រោះ​សព្វថ្ងៃ ភ្ញៀវ​គឺ​ត្រូវការ​កន្លែង​ណា ដែលមាន​សោភ័ណ​ភាពល្អ អនាម័យ និង​រៀបចំ​បរិស្ថាន​ល្អ​។ បើ​យើង​ប្រើ​ប្លា​ស្ទិ​ក ធ្វើ​ឲ្យ​មាន​សំរាម​ជុំវិញ​ហ្នឹង អ៊ីចឹង​ភ្ញៀវ​អត់​ចូលចិត្ត មកលេង​ទេ​»​។​

​អាហារ​ប្រចាំ​តំបន់​សហគមន៍​ជនជាតិដើម​ភាគតិច​ពូ​ហ្យា​ម ដែល​ភ្ញៀវ​និយម​បរិ​ភាគ​នោះ  គឺ​សម្ល​ប្រូង​។ អ្នកស្រី ណាក់ នី​តា បាន​រៀបរាប់​ពី​ការ​ចម្អិន​អាហារ ដោយ​ប្រើ​ដើម​ឫស្សី​ជំនួស​ឲ្យ​ការប្រើ​ឆ្នាំង​នេះ​ដូច្នេះ​ថា​៖«​ការ​ចម្អិន​អាហារ​ដោយ​បំពង់​ឫស្សី គឺ​រាង​យូរ​ជាង​ចម្អិន​ដោយ​ឆ្នាំង​។ បើ​ចម្អិន​ដោយ​ឆ្នាំង យើង​ដាក់​ទឹក​ច្រើន​។ តែបើ​យើង​ចម្អិន​ដោយ​ឫស្សី យើង​ដាក់​ទឹក​តិច​បំផុត ដោយ​វា​ចេញ​ទឹក​ពី​បំពង់​ឫស្សី ហើយ​បន្លែ​សម្ល​ប្រូង ក៏មាន​ចេញ​ជាតិ​ទឹក​ដែរ​។ បំពង់​ឫស្សី យើង​ស្ល​ទៅ​វា​ឈ្ងុយ​ក្លិន​ពី​ឫស្សី​។ សម្ល​ប្រូង​ហ្នឹង បើ​យើង​ស្ល​នៅ​នឹង​ឆ្នាំង គឺ​វា​អត់​ឆ្ងាញ់​ទេ​។ អាហារ​ដែល​ចម្អិន​ដោយ​ឫស្សី គឺ​យើង​អាច​ទុក​បាន​ដល់​១​ថ្ងៃ​»​។

​តាមរយៈ​ការរៀបចំ​វេច​ខ្ចប់​អាហារ ពី​ស្លឹកចេក និង​ចម្អិន​អាហារ​នឹង​ដើម​ឫស្សី សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ត្រូវ​បានទទួល​ការសរសើរ និង​លើកទឹកចិត្ត​ពី​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​ទឹកធ្លាក់​មិន​ដាច់​ពី​មាត់​ឡើយ​។ អ្នកស្រី នី​តា​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ភ្ញៀវ​ថា​សហគមន៍​យើង​ចេះ​រៀបចំ​បានល្អ​ទាំង​ការ​វេច​ខ្ចប់ និង​ទាំង​បរិស្ថាន​ល្អ​»​។​

​បើតាម​អ្នកស្រី នី​តា នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង អាចមាន​ធនធាន​ស្លឹកចេក និង​ដើម​ឫស្សី​គ្រប់គ្រាន់ សម្រាប់​ដាក់​អាហារ និង​វេច​ខ្ចប់​ឲ្យ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​លេង ពីព្រោះ​សហគមន៍​តែងតែ​គិតគូរ ដាំ​ជា​បន្តបន្ទាប់​។ អ្នកស្រី នី​តា​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​តំបន់​នេះ គឺមាន​ដើម​ឫស្សី​ច្រើន  មើល​តែ​ដើម​ឫស្សី​ណា​រាង​ចាស់ គឺ​យើង​កាត់ ហើយ ដើម​ណា​រាង​ខ្ចី គឺ​យើង​ទុក​ឲ្យ​វា​លូតលាស់​ទៀត​។   ដើម្បី​ឲ្យ​គ្រប់គ្រាន់ សម្រាប់​វេច​ខ្ចប់​។ សហគមន៍​របស់ខ្ញុំ នឹង​ជំរុញ​ឲ្យ​មាន​ការដាំ​ឫស្សី​ជា​បន្តទៀត​»​។  

​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​កម្សាន្ត​លេង​នៅ​ទី​រមណីយដ្ឋាន​ទឹកធ្លាក់​លែង​អង លែង​ឃិន សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នឹង​បង្ហាញ​ពី​ប្រពៃណី​ទំនៀមទម្លាប់ ដោយ​ផ្សារភ្ជាប់​បរិស្ថាន​ល្អ អនាម័យ​ជូន​ដល់​ភ្ញៀវទេសចរ និង​រក្សា​ធនធានធម្មជាតិ​៕

ដោយ៖ សៅ សុខ​អេង​ © រក្សាសិទ្ធិដោយ thmeythmey25.com