Thmey Thmey 25
មណ្ឌលគិរី ទទួលបាន​ភ្ញៀវទេសចរ​ជាង​២​ម៉ឺន​នាក់ ក្នុង​ថ្ងៃ​ឈប់សម្រាក​ចំនួន​៤​ថ្ងៃ​
03/11/2020 12:00 pm មណ្ឌលគីរី ​រយៈពេល​៤​ថ្ងៃ នៃ​ការឈប់​សម្រាក ចាប់ពី ថ្ងៃទី​២៩ ដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០  ខេត្តមណ្ឌលគិរី ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សរុប​ចំនួន​២២,០២៣​នាក់ ដែល​បាន​ទៅលេង​កម្សាន្ត តាម​រមណីយដ្ឋាន​ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​របាយការណ៍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​។​

​ក្នុងឱកាស​ឈប់សម្រាក​រយៈពេល​ចំនួន​៤​ថ្ងៃ ក្នុង​ព្រះរាជ​ពិធីបុណ្យ​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហមុនី និង​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្តមណ្ឌលគិរី បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​ចំនួន ២១.៨២៥​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១៩៩​នាក់ ដែល​សរុប​ចំនួន​២២.០២៣​នាក់​។ 

​លោក ងិន សុខ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ប្រាប់​សារព័ត៌មាន ThmeyThemy25 តាម​ទូរ​សព្ទ​ថា​៖ «​តំបន់​ទេសចរណ៍ ដែល​ទទួលបាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ច្រើន​រួមមាន ទឹកជ្រោះ​ប៊ូ​ស្រា ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ និង​តំបន់​ទេសភាព​អូររាំង​។ សម្រាប់​កន្លែង​ស្នាក់នៅ​វិញ គឺ​មិនមាន​ការខ្វះខាត​ឡើយ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន ដោយសារ​ភ្ញៀវទេសចរ​មួយចំនួន​បោះតង់​គេង​»​។ ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បន្ថែមថា ចំពោះ​បញ្ហា​បរិស្ថាន​ក៏មាន​ការរៀបចំ និង​គ្រប់គ្រង​សំរាម​បានល្អ ដោយសារ​ភ្ញៀវទេសចរ​មានការ​យល់ដឹង​ក្នុងការ​ថែរក្សា និង​ស្រឡាញ់​បរិស្ថាន​។​

​លោក ងិន សុខ​វិមាន ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​ទៅលេង​កម្សាន្ត​ខេត្តមណ្ឌលគិរី សូម​ចូលរួម​ក្នុងការ​ថែរក្សា​ការពារ​បរិស្ថាន​ទាំងអស់គ្នា​៕
ដោយ៖ ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com