Thmey Thmey 25
ទេសភាព ​«​ភ្នំ​ណា​ម​លៀ​» នៅ​មណ្ឌលគិរី ទាក់ចិត្ត​ទេសចរ​មិន​ឲ្យ​ជិនណាយ​
09/11/2020 5:10 pm មណ្ឌលគីរី «​ភ្នំ​ណា​ម​លៀ​» ជា​ភ្នំ​ថ្ម​ធម្មជាតិ​ធំ​មួយ​ក្នុង​ខេត្តមណ្ឌលគិរី ដែលមាន​ទេសភាព​ធម្មជាតិ​ស្រស់ស្អាត មើលឃើញ​ព្រៃឈើ​ធំ​ល្វើ​ង​ល្វើយ ដើមឈើ​ខ្ពស់ៗ និង​ខ្យល់អាកាស​បរិសុទ្ធ​ល្អ​។ បើតាម​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner ភ្នំ​ណា​ម​លៀ បាន​ទាក់ចិត្ត​ទេសចរ​មិន​ឲ្យ​ជិនណាយ តាមរយៈ​ទេសភាព​ដ៏​អស្ចារ្យ​។

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ភ្នំ​ណា​ម​លៀ​ដូចតទៅ​៖ 
 

​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 អំពី​ការធ្វើដំណើរ​ទៅដល់ ភ្នំ​ណា​ម​លៀ ថា​៖« ដើម្បី​ធ្វើដំណើរ​ទៅដល់ ភ្នំ​ណា​ម​លៀ យើង​ត្រូវ​ផ្លាសប្តូរ​មធ្យោបាយ​ធ្វើដំណើរ​សិន​។ ជាធម្មតា ឡានក្រុង​៤៥​កៅអី​អាចធ្វើ​ដំណើរ​ទៅដល់​ស្រុក​ពេជ្រ​ចិន្តា ជ្រោះ​ប៊ូ​ស្រា ប៉ុន្តែ​បច្ចុប្បន្ន ស្ពាន​អូ​ផ្លា​យ មាន​សភាព​ទ្រុឌទ្រោម ដោយសារ​គ្រោះទឹកជំនន់ និង​ទឹក​ហូរ​កាត់​ខ្លាំង ដែល​ធ្វើដំណើរ​ឆ្លងកាត់​បានតែ​រថយន្ត​តូចៗ​ប៉ុណ្ណោះ​។ ដូច​ច្នេះ​ហើយ​ទើប Cambodia Amazing Trip Planner ជ្រើសរើស​ប្រើប្រាស់​សេវាកម្ម​សហគមន៍ ដើម្បី​ទៅដល់​ដែន​ជម្រក​ណា​ម​លៀ ដែលជា​កន្លែង​មួយ​មាន​ទេសភាព​ស្រស់ស្អាត ហើយ​បច្ចុប្បន្ន​កំពុងមាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ធម្មជាតិ មាន​ភ្នំ​ថ្ម​ដ៏​ធំ​មួយ​។ ចំពោះ​ការជ្រើសរើស​ប្រើប្រាស់​សេវាកម្ម​សហគមន៍​នេះ គឺ​ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​នានា ដូចជា​ភ្លៀង​ជាដើម​»​។ 

​ដើម្បី​ទៅដល់​ចង្កេះ ភ្នំ​ណា​ម​លៀ ត្រូវធ្វើ​ដំណើរ​ប្រហែល ៣០​គីឡូម៉ែត្រ​ពី​កន្លែង​ប្តូរ​ឡាន រយះពេល​៤០​នាទី រួច​បន្តដំណើរ​ថ្មើរជើង​ដើម្បី​ទៅដល់​កំពូលភ្នំ​។ ស្ថាបនិក Cambodia Amazing Trip Planner​រូបនេះ បាន​បន្ថែមថា ចំពោះ​រយះពេល​នៃ​ការដើរ​ឡើង​ភ្នំ គឺ​ស្ថិត​លើ​កម្លាំង​របស់​ភ្ញៀវទេសចរ​ម្នាក់ៗ និង​ការ​ស្ពាយ​សម្ភារ​ផ្សេងៗ​រៀងខ្លួន​។ បើតាម​លោក សា ឌី​ណា អ្នក​មិន​ធ្លាប់មាន​បទពិសោធ​ឡើង​ភ្នំ រឺ​ដើរ​ព្រៃ​ពីមុន នឹង​ប្រើ​រយះពេល​យូរ​ជាង អ្នក​ដែល​ធ្លាប់មាន​បទពិសោធ​។ 



​កញ្ញា យូ វណ្ណ​នី ជា​ភ្ញៀវទេសចរ​ម្នាក់​ដែល​រួម​ដំណើ​ជាមួយ Cambodia Amazing Trip Planner បាន​លើកឡើងថា​៖«​ដោយសារតែ​ភាពស្រស់ស្អាត​របស់​ភ្នំ​ថ្ម​ណា​ម​លៀ និង​ភាពល្បីល្បាញ​ដែលថា​មាន​ភាពលំបាក​ក្នុងការ​ធ្វើដំណើរ​ដើម្បី​ទៅដល់​កំពូលភ្នំ​បាន​ជំរុញ វណ្ណ​នី មានចិត្ត​ចង់​សាកល្បង​ឡើង​ភ្នំ​ណា​ម​លៀ បើទោះជា​មិន​ធ្លាប់មាន​បទ​ពី​សោធ​ឡើង​ភ្នំ​ថ្ម​ពីមុន​ក្តី​»​។​

​ដោយឡែក​យុវជន សា វ​ណ្ណូ​រិ​ន ជា​ភ្ញៀវទេសចរ​ម្នាក់​ដែល​មកលេង​កម្សាន្ត​ភ្នំ​ណា​ម​លៀ​ជា​លើក​ទី​៣ បាន​ឲ្យ​ដឹងថា​៖«​ទោះជា​ការឡើង​ភ្នំ​មាន​ភាពលំបាក​ពិតមែន ប៉ុន្តែ​វា​មាន​ភាពសប្បាយ​ជាមួយ​ទេសភាព​ព្រៃភ្នំ​។ នៅពេល​ឡើង​ភ្នំ ខ្ញុំ​បាន​ត្រៀម​ស្បែកជើង​ឡើង​ភ្នំ ពាក់​អាវដៃវែង និង​ខោ​កីឡា​ជើងវែង​»​។ យុវជន វ​ណ្ណូ​រិ​ន បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ឲ្យ​មក​សាកល្បង​ឡើង​ភ្នំ​ណា​ម​លៀ ពីព្រោះ​វា​មាន​ទេសភាព​ស្រស់ស្អាត​។​



​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ តុលា-១ វិច្ឆិកា ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner បានរៀបចំ​ដំណើរ​កម្សាន្ត​បោះតង់​រយៈពេល ៣​ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី​។ តាមរយៈ​ដំណើរ​កម្សាន្ត បាន​នាំ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា នៅក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​៕ 









ដោយ៖ ញឹក ស្រី​ល័​ក្ខ និង ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com