Thmey Thmey 25
ឆ្លៀត​ពី​ការនាំ​ភ្ញៀវ លោក វ៉ាន់​លាង យក​ពេល​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​ជនជាតិដើម​ភាគតិច នៅ​ភូមិ​ពូ​តាំង​
10/11/2020 5:14 pm មណ្ឌលគីរី ​មណ្ឌលគិរី​៖ លោក បុ​ត វ៉ាន់​លាង ជាម​គ្គុ​ទេ្ទ​សក៍​ម្នាក់​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឆ្លៀតពេល​ពី​ការនាំ​ភ្ញៀវទេសចរ​ដើរ​ព្រៃ ដើម្បី​មក​បង្រៀន​ក្មេងៗ​ក្នុងភូមិ​ពូ​តាំង​ដោយ​ឥតគិតថ្លៃ​។ លោក បុ​ត វ៉ាន់​លាង អះអាងថា​៖ «​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ក្មេងៗ ចង់​ឲ្យ​ពួកគេ​មានចំណេះដឹង និង​ចេះ​ភាសា បាន​ជំរុញ​ឲ្យ​ខ្ញុំ​បើក​សាលាបង្រៀន​ភាសា​អង់គ្លេស នៅ​ភូមិ​ពូ​តាំង ខេត្តមណ្ឌលគិរី​»​។

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​លោក បុ​ត វ៉ាន់​លាង ម​គ្គុ​ទេស និង​ជា​គ្រូបង្រៀន​ស្ម័គ្រចិត្ត​នៅ​ខេត្តមណ្ឌលគិរី​ដូចតទៅ​៖
 


​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៥ របស់លោក បុ​ត វ៉ាន់​លាង ដែល​បាន​បើក​ដំណើរការ​សាលារៀន​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ដើម្បី​ជួយ​ក្មេងៗ​ក្នុងភូមិ​ដែលមាន​ជីវភាព​ខ្វះខាត​។ លោក វ៉ាន់​លាង បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ឲ្យ​ដឹងថា​៖ «​សាលាបង្រៀន​ដោយ​ឥត​គិត​ប្រាក់​នេះ មានការ​ផ្តល់ជូន​នូវ​សម្ភារ​សិក្សា នៅពេលដែល​ពួកគេ​មានការ​ខ្វះខាត សម្រាប់​ការសិក្សា​នូវ​សាលារ​ដ្ធ​ផងដែរ​។ មូលហេតុ​ដែល​បើក​សាលា​នេះ ដោយសារ​ខ្ញុំ​មើលឃើញថា មាន​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​មកលេង​កម្សាន្ត​ខេត្តមណ្ឌលគិរី​។ ដូច​ច្នេះ បើ​ពួកគេ​អាច​រៀន​ភាសា​អង់គ្លេស​ចេះ នោះ​ពួកគេ​អាច​នាំ​ភ្ញៀវទេសចរ​បរទេស ដើរ​ព្រៃ រឺ​នាំ​ដំរី​ទៅជា​មួយ និង​ធ្វើ​ម្ហូប​ជូន​ភ្ញៀវ​ជាដើម ដែល​ពួកគេ​អាច​រកប្រាក់​ចំណូល ដើម្បី​ជួយ​ដល់​ជីវភាព​គ្រួសារ និង​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​ពួកគេ​បាន​ខ្ពង់ខ្ពស់​»​។​

​អ្នក​នាំ​ភ្ញៀវទេសចរ​រូបនេះ បាន​ចំណាយពេល ៥​ឆ្នាំ​មកហើយ ក្នុងការ​ស្ម័គ្រចិត្ត​បង្រៀន​នេះ បើទោះជា​មិន​ទទួលបាន​ផល​អ្វី​ក្តី ប៉ុន្តែ​លោក​ពិតជា​សប្បាយចិត្ត​ដែល​បាន​ជួយ​ដល់​ក្មេងៗ​។ បើតាម​លោក បុ​ត វ៉ាន់​លាង ក្មេងៗ​ដែល​មក​រៀនមាន​ចាប់ពី​អាយុ ៨​ឆ្នាំ ដល់ ១៥​ឆ្នាំ ហើយ​មាន​ចំនួន​ពី ៥០​នាក់ ដល់​១០០​នាក់​។ 



​លោក បុ​ត វ៉ាន់​លាង បញ្ជាក់ថា ការ​បើ​សាលា​នេះ​មិន​មានបំណង​ចង់បាន​អ្វី​ឡើយ ក្រៅពី​ចង់​ជួយ​ដល់​ក្មេងៗ​ឲ្យ​ចេះ​ភាសា និង​មានចំណេះដឹង​។ ក្រៅពី​ការបង្រៀន​ភាសា លោក​ក៏បាន​បង្រៀន​ក្មេង​អំពី​អនាម័យ​ឲ្យ​ពួកគេ​ចេះ​ថែរក្សា​ខ្លួន ចេះ​សម្អាតខ្លួន​មុន​ចូល​គេង និង​លាងដៃ​ឲ្យ​បាន​ញឹកញាប់​។ លើសពីនេះ លោក​បាន​បណ្តុះ​គំនិត​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់​ធម្មជាតិ និង​រួមចំណែក​ថែរក្សា ការពារ​បរិស្ថាន​ព្រៃឈើ​ផងដែរ​។​

​លោក វ៉ាន់​លាង បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​ក្នុង​រយះពេល​៤​ឆ្នាំមុន ចំនួន ៤​ពាន់​ដុល្លារ ដែល​លោក​បានមកពី​ការធ្វើ​ម​គ្គុ​ទេ្ទ​សក៍​នាំ​ភ្ញៀវ​ដើរ​ព្រៃ បោះតង់ និង​ធ្វើ​ម្ហូប​ជូន​ភ្ញៀវ ដើម្បី​ផ្គត់ផ្គង់​នូវ​តម្រូវការ​ប្រចាំថ្ងៃ​។ លោក បាន​បញ្ជាក់ថា ក្នុង​រយះពេល ១ ទៅ ២ ឆ្នាំ​ចុង​ក្រោយនេះ លោក​សង្កេតឃើញថា មាន​ភ្ញៀវទេសចរ​ជាតិ​ជាច្រើន​បាន​ចូលរួម​ជួយ​ដល់​សាលា​។​



​សម្រាប់​អនាគត លោក វ៉ាន់​លាង នឹង​បន្ត​បើក​សាលា​នេះ​រហូត ដោយមាន​គម្រោង​បន្ថែម​មុខវិជ្ជា​ផ្សេងទៀត​ផងដែរ​។ ម​គ្គុ​ទេ្ទ​សក៍​រូបនេះ សង្ឃឹមថានឹង​មានការ​ចូលរួម​ពី​មនុស្ស​ចាស់​ផងដែរ ហើយ​រំពឹងថា​ទៅ​ថ្ងៃមុខ​នឹងមាន​ការបើក​ផ្សារ​ក្នុងភូមិ​នេះ ដើម្បី​អាច​ផ្ដល់​ជា​កន្លែង​សម្រាប់​អ្នកភូមិ​យក​ផលិតផល​មក​ដាក់លក់ ពីព្រោះ​ពេល​ពួកគាត់​យកទៅលក់​នៅ​ផ្សារលើ​មានតម្លៃ​ទាប​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ តុលា​-១ វិច្ឆិកា ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner បានរៀបចំ​ដំណើរ​កម្សាន្ត​បោះតង់​រយៈពេល ៣​ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី​។ តាមរយៈ​ដំណើរ​កម្សាន្ត បាន​នាំ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា នៅក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​៕



 
ដោយ៖ ញឹក ស្រី​ល័​ក្ខ និង ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com