Thmey Thmey 25
ទឹកជ្រោះ «​សែន​មនោ​រម្យ ឬ​ដំណាក់​ស្តេច​» ទី​ទេសចរណ៍​ដ៏​ទាក់ទាញ ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​សែន​មនោ​រម្យ​
13/12/2020 4:00 pm មណ្ឌលគីរី ​ភ្នំពេញ​៖ ទឹកជ្រោះ​«​សែន​មនោ​រម្យ ឬ​ដំណាក់​ស្ដេច​» ជា​ទឹកជ្រោះ​មួយ​ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ដែលមាន​ចម្ងាយ ៤,៥ គីឡូរ​ម៉ែត្រ ពី​រង្វង់​មូល​គោព្រៃ ក្រុង​សែន​មនោ​រម្យ​។ បើតាម​លោក នេ​ត ម៉ូ​ឌី​ណា ប្រធានការិយាល័យ​ឧស្សាហកម្ម​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​៖« ទឹកជ្រោះ​សែន​មនោ​រម្យ មិន​ខុសពី​ទឹកជ្រោះ​ប៊ូ​ស្រា ប៉ុន្មាន​ឡើយ ភ្ញៀវទេសចរ​អាច​ងូតទឹក​លេង​កម្សាន្ត​បាន ពិសេស​គឺ​ទឹកជ្រោះ​នេះ មានទឹក​គ្រប់​រដូវ​មិនដែល​ដាច់​ទេ​»​។​

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក នេ​ត ម៉ូ​ឌី​ណា ប្រធានការិយាល័យ​ឧស្សាហកម្ម​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ដូចតទៅ​៖
 


​ក្រៅពី ទឹកជ្រោះ​ប៊ូ​ស្រា ដែលជា​តំណាង​ឲ្យ​ខេត្តមណ្ឌលគិរី  ខេត្ត​នេះ​ក៏មាន​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​ជាច្រើន​កន្លែង​ទៀតផង​ដែរ ជាពិសេស​គឺ ទឹកជ្រោះ «​សែន​មនោ​រម្យ ឬ​ដំណាក់​ស្ដេច​» ជា​ទឹកជ្រោះ​មួយ​មាន​ទេសភាព​ធម្មជាតិ​ស្រស់បំព្រង​។ លោក នេ​ត ម៉ូ​ឌី​ណា ប្រកា​រិ​យា​ល័យ​ឧស្សាហកម្ម​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25​ថា​៖« ឈ្មោះ​ដំបូង​របស់​ទឹកជ្រោះ​ដ៏​ស្រស់ត្រកាល​មួយ​នេះ គឺ​ទឹកជ្រោះ «​ដំណាក់​ស្ដេច​» ប៉ុន្តែ​ដោយសារ​មាន​ទីតាំង​ស្ថិតនៅក្នុង ឃុំ​សែន​មនោ​រម្យ និង​ក្រុង​សែន​មនោ​រម្យ ទើប​ប្តូរ​ឈ្មោះ​មក ទឹកជ្រោះ​«​សែន​មនោ​រម្យ​»​។ ទឹកជ្រោះ​នេះ មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ក្រុង​ឡើយ គឺ ៤,៥​គីឡូរ​ម៉ែត្រ ពី​រង្វង់​មូល​គោព្រៃ ចំណែក កម្ពស់​ទឹកជ្រោះ​វិញ គឺ ៤ ទៅ ៥ ម៉ែត្រ​»​។ 

​ដោយសារតែ​អំណោយផល នៃ​ចម្ងាយ​មិន​ឆ្ងាយ​ពី​ក្រុង​សែន​មនោ​រម្យ ទឹកជ្រោះ សែន​មនោ​រម្យ តែងតែមាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​មិនដែល​ដាច់​ឡើយ​។ ទឹកជ្រោះ សែន​មនោ​រម្យ មិន​ខុសពី​ទឹកជ្រោះ​ប៊ូ​ស្រា ប៉ុន្មាន​ឡើយ ដោយ​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត ងូតទឹក​លេង ថតរូប​ទេសភាព​ដ៏​ស្រស់ស្អាត និង​លោត​លេង​បាន​ថែមទៀត​។​



​លោក​ប្រធាន​ប្រកា​រិ​យា​ល័យ​ឧស្សាហកម្ម​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ អញ្ជើញ​ទៅលេង​កម្សាន្ត​ឲ្យ​បាន​ច្រើន និង​ជួយ​យកចិត្ត​ទុ​ដាក់​ក្នុងការ​ថែ​ក្សាប​រិ​ស្ថាន ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​ឲ្យ​កាន់​ច្រើន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ តុលា​-១ វិច្ឆិកា ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner បានរៀបចំ​ដំណើរ​កម្សាន្ត​បោះតង់​រយៈពេល ៣​ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី​។ តាមរយៈ​ដំណើរ​កម្សាន្ត បាន​នាំ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា នៅក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​៕



ដោយ៖ ញឹក ស្រី​ល័​ក្ខ និង ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com