Thmey Thmey 25
«​ដាក់​ដាំ​» តំបន់​ទេសចរណ៍ធម្មជាតិ ដ៏​ទាក់ទាញ​សម្រាប់​អ្នក​ចូលចិត្ត​ផ្សងព្រេង​ក្នុង​ខេត្តមណ្ឌលគិរី​
17/11/2020 2:00 pm មណ្ឌលគីរី ​ភ្នំពេញ​៖ «​ដាក់​ដាំ​» សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ព្រៃឈើ​សំខាន់ៗ ទឹកជ្រោះ ជ្រៃ​ធំ អូរ​ផ្លា​យ​មាន​ទឹកធ្លាក់​១២​ជាន់ ដែល​សាក​សម​សម្រាប់​អ្នក​ចូលចិត្ត​សម្រស់​ធម្មជាតិ ដើរ​ព្រៃ​ផ្សងព្រេង និង​បោះតង់​គេង​។ បើតាម​លោក ញឹម សាលី ជនជាតិដើម​ភាគតិច​ពូ​នង និង​ជា​ប្រធាន​សហកមន៍​ដាក់​ដាំ សហគមន៍ «​ដាក់​ដាំ​» មាន​ផ្តល់ជូន​សេវាកម្ម ម្ហូបអាហារ កន្លែង​សា្ន​ក់នៅ និង​នាំ​ភ្ញៀវទេសចរ​ដើរ​ព្រៃ​ផងដែរ​។​

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក ញឹម សាលី ប្រធាន​សហគមន៍​«​ដាក់​ដាំ​» ដូចតទៅ​៖
 

«​ដាក់​ដាំ​» មាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្កា​នុព​ល និង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅលេង​កម្សាន្ត​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ​។ លក្ខណៈពិសេស​របស់​តំបន់​ទេសចរណ៍ ដាក់​ដាំ គឺ​ភ្ញៀវទេសចរ​អាច​ទស្សនា រឺក៏​យល់ដឹង​ទាក់ទង​ជាមួយ​ការ​រស់​ប្រចាំថ្ងៃ​របស់​ជនជាតិដើម​ភាគតិច ទៅលេង​កម្សាន្ត​ទឹកជ្រោះ​ជ្រៃ​ធំ មើល​ដើមឈើ​ធំៗ និង​ទេសភាព​វាល​ធំ​ល្វីង​ល្វើយ​។ 



​លោក ញឹម សាលី ប្រធាន​សហគមន៍ «​ដាក់​ដាំ​» បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ធ្លាប់​នាំ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៥០​នាក់  ទៅ​បោះតង់ ប៉ុន្តែ​លើក​ទី​១ ពួកគាត់​ដេក​អង្រឹង នៅពេលនោះ​មាន​ភ្លៀង​ធា្ល​ក់​ជា​ហូរហែរ​។ លើក​ទី​២ ភ្ញៀវ​ប្តូរ​មក​ដេក​តង់​វិញ ទោះ​ជាមាន​ភ្លៀវ​ធា្ល​ក់ឥត​ឈប់ ក៏​ពួកគាត់​នៅតែ​ស៊ូទ្រាំ ហើយ​សប្បាយរីករាយ​ជាមួយ​ការ​ផ្សងព្រេង​នេះដែរ រហូតដល់​លើក​ទី​៣ និង​៤ យើង​បាន​ទៅដល់​តំបន់ អូរ​ផ្លា​យ មាន​ទឹកជ្រោះ​១២​ជាន់ ដែល​ភ្ញៀវទេសចរ​អាច​ងូតទឹក​លេង មើល​ទេសភាព​ថ្ងៃ​លិច អង្គុយលេង​យូរ និង​ថតរូប​លេង​»​។ 

​ប្រធាន​សហគមន៍​ជា​ជនជាតិដើម​ភាគតិច​ពូ​នង​រូបនេះ ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ ដែលមាន​ភ្ងៀ​វ​ទេសចរ​ទៅលេង​កម្សាន្ត និង​បាន​សួរសុខទុក្ខ​ការរស់នៅ​របស់​បងប្អូន​ជនជាតិភាគតិច រួមទាំង​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ លោក ញឹម សាលី បាន​សូម​ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ឲ្យ​បាន​ច្រើន​ផងដែរ​។ 



​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០​តុលា​-១​វិច្ឆិកា ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner បានរៀបចំ​ដំណើរ​កម្សាន្ត​បោះតង់​រយៈពេល ៣​ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី​។ តាមរយៈ​ដំណើរ​កម្សាន្ត បាន​នាំ​ភ្ញៀវទេសចរ​ទៅ​ល​កាន់​តំបន់​ទេសចរណ៍​នានា នៅក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​បង្កើន​ចំណូល​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​៕




ដោយ៖ ញឹក ស្រីល័ក្ខ និង ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com