Thmey Thmey 25
ពលរដ្ឋជ្រើសរើសការដាំបន្លែ ដើម្បីកាត់បន្ថយភាពតានតឹង ក្រោយទំនេរពីការងារ
06/02/2021 11:00 am ភ្នំពេញ ភ្នំពេញ៖ ការដាំបន្លែ បានក្លាយជានិន្នាការថ្មីមួយ សម្រាប់ប្រជាជននៅពេលទំនេរពីការងារ ដោយចំណាយពេលលើការដាំដំណាំនានា នៅតាមទីធ្លាបរិវេណផ្ទះ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង ឬស្រ្តេសពីកន្លែងធ្វើការ។ ក្រៅពីកាត់បន្ថយភាពតានតឹង ការដាំបន្លែ ឬដំណាំ ក៏អាចជួយដល់សុខភាព ពិសេស​ផ្ដល់​បន្លែធម្មជាតិដល់​អ្នក​បរិភោគផងដែរ។

បញ្ហាស្រ្តេស ភាពស្មុគស្មាញ រមែងកើតមានលើមនុស្សគ្រប់រូប ទោះតិច ឬច្រើនក្ដី ពួកគេតែងមានវិធីសាស្រ្តសម្រួលអារម្មណ៍ កាត់បន្ថយបញ្ហាទាំងនោះតាមបែបផ្សេងៗគ្នា។ បច្ចុប្បន្ន មនុស្សមួយចំនួនបានជ្រើសយកការដាំបន្លែ ជាការកម្សាន្តក្រោយទំនេរពីការងារ ដោយពួកគេយល់ថា វាជាផ្នែកមួយជួយឲ្យពួកគេមានអារម្មណ៍សប្បាយចិត្តឡើងវិញពីបញ្ហាស្រ្តេស។

អ្នកស្រី ឡាវ មុយហុង ជាអាជីវករលក់គ្រឿងសំណង់ ក្នុងភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្រៅពីមុខរបរអាជីពមួយនេះ អ្នកស្រី បានចំណាយពេលទំនេររបស់ខ្លួន ទៅដាំបន្លែជាច្រើនប្រភេទ ព្រោះតែចូលចិត្តធម្មជាតិបៃតង និងមិនចង់ចំណាយពេលឥតប្រយោជន៍។



នៅបរិវេណខាងក្រោយផ្ទះ ក្នុងទំហំដីប្រមាណ៣ពាន់ម៉ែត្រការេ អ្នកស្រី មុយហុង ដាំដំណាំជាច្រើនប្រភេទ ក្នុងនោះមានដូចជា ការ៉ុត ឆៃថាវ ខ្ទឹមបារាំង ខ្ទឹមក្រហម ប៉េងប៉ោះ ស្ពៃចង្កឹះ ផា្កស្ពៃ ខាត់ណាស ខាត់ណាខៀវ ម្ទេស ម្ទេសវែងកូរ៉េ ម្ទេសប្លោក ដំឡូងបារាំង និងជីជាច្រើនប្រភេទទៀតផងដែរ។

ទោះដាំក្នុងទំហំដីធំ និងបន្លែច្រើនប្រភេទ តែអ្នកស្រី មុយហុង មិនធ្វើអាជីវកម្មឡើយ។ ស្រ្តីវ័យ២៦ឆ្នាំរូបនេះ ឆ្លើយប្រាប់ ThmeyThmey25  ពីមូលហេតុដែលខ្លួនចាប់ផ្ដើមការងារនេះដូច្នេះថា៖«ខ្ញុំចូលចិត្ត ខ្ញុំរៀនដាំបន្លែលេងៗក្រោយផ្ទះ ដល់ចឹងយូរៗទៅខ្ញុំដាំបន្លែទៅ ធ្វើឲ្យខ្ញុំសប្បាយចិត្ត ខ្ញុំឃើញបន្លែល្អទៅខ្ញុំចេះតែចូលចិត្តដាំ ចង់ដាំអីប្លែកៗបន្ថែមអ៊ីចឹងទៅ។ ខ្ញុំមិនធ្វើអាជីវកម្ម ព្រោះខ្ញុំគ្មានពេល ខ្ញុំឆ្លៀតពេលទំនេរមួយភ្លែតៗមកដាំ និងស្រោចទឹក»។

អ្នកស្រីបន្តថា ការដំាដំណាំបានជួយឲ្យអ្នកស្រី បានកាត់បន្ថយភាពតានតឹង បញ្ហាស្ត្រេស ទោះមិនទាំងស្រុង តែវាក៏ជាផ្នែកមួយធ្វើឲ្យខ្លួនសប្បាយចិត្តពេលឃើញបន្លែលូតលាស់ល្អ ពោរពេញទៅដោយភាពស្រស់បំព្រង។


អ្នកស្រី ឡាវ មុយហុង ជាអាជីវករលក់គ្រឿងសំណង់ ក្នុងភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មិនខុសពី អ្នកស្រី ឡាវ មុយហុង នោះទេ លោក ហេង គីមហ៊ាញ ដែលជាគ្រូពេទ្យមួយរូប រស់នៅក្នុងភូមិស្វាយមីង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចំណាយពេលវេលាខ្លួន ក្រោយទំនេរពីការងារ ទៅដាំបន្លែធម្មជាតិ ព្រោះយល់ថាការងារមានប្រយោជន៍ច្រើនដល់ខ្លួន។ 

លោក គីមហ៊ាញ ដាំបន្លែជាច្រើនប្រភេទ លើផ្ទៃដីប្រមាណ១ម៉ែត្រកន្លះ នៃបរិវេណចំហៀងផ្ទះខ្លួន។ ដោយសារតែមានផ្ទៃដីតូចចង្អៀត លោក គីមហ៊ាញ បានកែច្នៃកន្លែងដាំបន្លែខ្លួន ដោយ ដាំបន្លែក្នុងកញ្ច្រែង ហើយព្យួរទៅនឹងជញ្ជាំងផ្ទះ។ 

លោក គីមហ៊ាញ ប្រាប់ សារព័ត៌មាន ThmeyThmey25 ពីមូលហេតុ និងការចាប់ផ្ដើម ដាំដំណាំរបស់ខ្លួនដូច្នេះថា៖«ដោយសារប៉ុន្មានឆ្នាំមុន ខ្ញុំបើកយូធូបទៅប៉ះចំវីដេអូគេដាំបន្លែ ដល់ពេលអ៊ីចឹងទៅ ខ្ញុំក៏ច្នៃដីនៅកៀនផ្ទះសល់១ម៉ែត្រកន្លះហ្នឹង ឲ្យជាងគេធ្វើធ្នើរដាក់កញ្រ្ចែងដាំបន្លែ។ នៅពេលដាំលើកដំបូង ទទួលបានល្អ ដល់ពេលបន្ទាប់ៗមក ខ្ញុំបន្តដាំរហូតទៅ គ្រាន់ដាំឆ្លាស់មុខបន្លែគ្នា»។ លោក បន្តថា ជាង២ឆ្នាំហើយ ដែលលោកបានដាំបន្លែទាំងអស់នេះ ហើយវាពិតជាធ្វើឲ្យលោក សប្បាយចិត្ត មានអារម្មណ៍ល្អ និងកាត់បន្ថយស្រ្តេសពីការងារបាន នៅពេលលោក ឃើញការលូតលាស់របស់បន្លែ។



បុរសវ័យ៣១ឆ្នាំរូបនេះ បានចាត់ទុកការដាំបន្លែរបស់ខ្លួន ថាជាការកម្សាន្តមួយបែប  និងជាការហាត់ប្រាណ។ លោក បានបង្រៀនកូនៗខ្លួនឲ្យចេះដាំ និងថែទាំបន្លែទាំងនោះ ដើម្បីបណ្ដុះគំនិតក្មេងៗឲ្យស្រឡាញ់ធម្មជាតិ។ «វាជាការបណ្ដុះគំនិតក្មេងៗមួយផ្នែក ព្រោះពេលយើងដឹកនាំធ្វើដូច្នេះទៅឲ្យពួកគេចេះស្រឡាញ់ធម្មជាតិ និងចេះធ្វើលំហាត់ប្រាណ។ សូម្បីតែការដាំបន្លែ ក៏ខ្ញុំបណ្ដោយឲ្យកូនៗដាំ ស្រោចទឹក និងចេះដំណាំទាំងនោះផងដែរ»។ នេះជាការលើកឡើងរបស់លោក ហេង គីមហ៊ាញ។ 

ចំណែកឯ លោក អ៊ិន សំណាង បានចំណាយពេលទំនេររបស់ខ្លួន ដាំបន្លែក្នុងបរិវេណខាងក្រោយផ្ទះជាច្រើនប្រភេទ មានដូចជា ត្រកួន ស្ពៃខ្មៅ ននោង ត្រឡាច រមៀត ស្លឹកគ្រៃ ជីគ្រប់មុខ ម្ទេស និងស្លឹកតើយ ជាដើម។

ជាកសិករចិញ្ចឹមបង្កងអូស្រ្តាលីម្នាក់ រស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក សំណាង លើកឡើងថា ក្រោយទំនេរពីការងារ ពលរដ្ឋគួរចំណាយពេល ដាំបន្លែធម្មជាតិ សម្រាប់បរិភោគក្នុងផ្ទះ ទើបចំនួនតិច ឬច្រើនក្ដី។ លោក សំណាង ចង់លើកទឹកចិត្តពលរដ្ឋឲ្យដាំបន្លែនៅផ្ទះ ព្រោះវាផ្ដល់ប្រយោជន៍ច្រើនសម្រាប់សុខភាព ដោយទទួលបានបន្លែធម្មជាតិបរិភោគហើយ និងដូចជាការធ្វើលំហាត់ប្រាណមួយផងដែរ។ 


លោក អ៊ិន សំណាង ជាកសិករចិញ្ចឹមបង្កងអូស្រ្តាលី

រយៈពេល៥ឆ្នាំហើយ ដែលលោក អ៊ិន សំណាង បានចំណាយពេលទំនេរខ្លួនដាំបន្លែនៅផ្ទះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោក សំណាង លើកឡើងដូច្នេះថា៖«ការដាំបន្លែនេះ ជាចំណង់ចំណូលចិត្តរបស់ខ្ញុំយូរហើយ។ ការដាំនេះ ជាលក្ខណៈគ្រួសារ មិនធំអ្វីទេ»។ 

លោក អ៊ិន សំណាង បញ្ជាក់ថា បន្ទាប់ពីឃើញដំណាំរបស់លោក មិត្តភក្ដិដែលរស់នៅក្នុងផ្ទះបុរី បានសួរនាំពីបច្ចេកទេសដាំ និងបានដាំដំណាំនៅផ្ទះដូចជារូបលោកផងដែរ។ បុរសវ័យ៤៩ឆ្នាំរូបនេះ សប្បាយចិត្តជាមួយការងារដំណាំមួយនេះណាស់ លោក បានចាត់ទុកការងារនេះជារឿងសំខាន់ក្នុងជីវិតរបស់លោក ព្រោះនៅពេលធ្វើវា ដូចជាការប្រាណ ហើយទទួលបានដំណាំសុវត្ថិភាពមួយសម្រាប់បរិភោគក្នុងគ្រួសារដោយមានទំនុកចិត្ត។



ជុំវិញនិន្នាការថ្មីមួយនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រយ៉ាងខ្លាំង ព្រោះនៅពេលពលរដ្ឋងាកមកដាំបន្លែដោយខ្លួនឯងបែបនេះ នឹងទទួលបានបន្លែធម្មជាតិបរិភោគនៅផ្ទះ និងចូលរួមកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅផងដែរ។ លោក វេង សាខុន បានលើកឡើងដូច្នេះមកកាន់ ThmeyThmey25 តាមទូរសព្ទ៖«ខ្ញុំសប្បាយចិត្តណាស់! នៅពេលប្រជាជនផុលផុសនាំគ្នាដាំអ៊ីចឹងទៅ ដាំហូបខ្លួនឯងផងទៅ ហើយចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទីផ្សារ ដើម្បីកុំឲ្យគេនាំចូលមកស្រុកខ្មែរ»។ លោករដ្ឋមន្រ្តី បន្តថា ពេលដាំខ្លួនឯងបែបនេះ នឹងដឹងថាបន្លែខ្លួន គឺមានសុវត្ថិភាព កុំឲ្យមានការនាំចូលសូម្បីបន្លែដែលអាចដាំនៅផ្ទះបាន។ អ្វីដែលអាចធ្វើបាន ពលរដ្ឋគ្រប់រូបគួរតែធ្វើ ព្រោះមិនគួរចំណាយពេលធ្វើរឿងឥតប្រយោជន៍ឡើយនៅពេលសម្រាកពីការងារ។ នេះបើតាមការលើករបស់លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម។

ក្រៅពីនេះ លោក រដ្ឋមន្រ្តី ក៏ចង់ឲ្យពលរដ្ឋ ដែលជាអាណាព្យាបាល  និងលោកគ្រូ អ្នកគ្រូ ទាំងអស់ គួរតែជំរុញឲ្យក្មេងៗដាំបន្លែ ដើម្បីបណ្ដុះគំនិតកុមារឲ្យចេះស្រឡាញ់បរិស្ថាន ធម្មជាតិ ពិសេសបន្លែធម្មជាតិ នៅទីធ្លាផ្ទះខ្លួន និងនៅតាមសាលាជាដើម៕





 
ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com